ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស​ប្តា​ហ៍​នៃ​ក្តី​សង្ឃឹម​! តម្លៃ​ប្រេង​ធ្លាក់​ចុះ​ជាង ៦% បន្ទាប់​ពី​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​ផ្អាក​វា.យប្រហារ​គ្នា

7 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជាង ៦% នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​រ៉​ង់​បាន​ផ្អាក​ការ​វាយប្រហារ​គ្នា កាលពី​ចុង​ស​ប្តា​ហ៍ ក្រោយ​ការ​វាយប្រហារ​គ្នា​រយៈពេល​ពី​រស​ប្តា​ហ៍​។ ការ​ផ្អាក​នេះ បាន​បង្កើន​ក្តី​សង្ឃឹមលើ​ដំណោះស្រាយ​ការទូត ដែល​នឹង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ និង​អនុញ្ញាត​ឱ្យ​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​អាច​ចាប់ផ្តើម​ឡើង​វិញ នៅ​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent ស្តង់ដា​ពិភពលោក បាន​ធ្លាក់​ចុះ ៦,២០ ដុល្លារ​អា​មេ​រិ​ក ឬ ៦,៤% មក​នៅ​ត្រឹម ៩០,៥៨ ដុល្លារ​ក្នុង​១​បារ៉ែល ត្រឹម​ម៉ោង ១:២០ នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​) បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ក្រោម​តម្លៃ ៩០ ដុល្លារ​ក្នុង​១​បារ៉ែល​រយៈពេល​ខ្លី នៅ​ក្នុង​ការ​ជួញដូរ​នា​ព្រឹក​នេះ​។ ចំណែក​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក មាន​តម្លៃ ៨៣,៥១ ដុល្លារ​ក្នុង​១​បារ៉ែល ពោល​ធ្លាក់​ចុះ ៥,៨០ ដុល្លារ ឬ ៦,៥%​។ កិច្ចសន្យា​ជួញដូរ​ប្រេង​ទាំង​ពីរ​នេះ កំពុង​ជួញដូរ​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​១​ស​ប្តា​ហ៍ បន្ទាប់​ពី​បាន​កើនឡើង​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​កន្លង​មក​។

ប្រេង​ឆៅ Brent បាន​ឡើង​ដល់ ១០០ ដុល្លារ​ក្នុង​១​បារ៉ែល ដោយសារ​ជម្លោះ​ដែល​បាន​រាំងស្ទះ​ការ​ដឹក​ជញ្ជូន​ប្រេង​តាម​រយៈ​ច្រក​សមុទ្រ​ហ័​រមូ​សបាន​រីក​រាលដាល​ទៅ​ដល់​សមុទ្រ​ក្រហម ដែល​រារាំង​ការ​នាំ​ចេញពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ប្រទេស​នាំ​ចេញ​លំដាប់​កំពូល​របស់​ពិភពលោក តាម​រយៈ​ច្រក​សមុទ្រ Bab el-Mandeb ទៅ​កាន់​តំបន់​អាស៊ី​។

បើ​តាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោក Mike Waltz បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍ Fox News Sunday និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិ​ក​ផ្សេង​ទៀត​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​សម្រេចចិត្ត​ផ្អាក​ការ​វាយប្រហារ​លើ​អ៊ី​រ៉​ង់ ដើម្បី​ទុក​ពេល​បន្ថែម​ទៀត​សម្រាប់​កិច្ចការ​ចរចា​ការទូត​។

ទោះបីជា​ផ្អាក​ការ​វាយប្រហារ​គ្នា​ក៏​ដោយ ប៉ុន្តែ​ទិន្នន័យ​ដឹក​ជញ្ជូន​ពី​ក្រុមហ៊ុន Kpler បាន​បង្ហាញ​ថា មាន​កប៉ាល់​ដឹក​ទំនិញ​តិច​ជាង ១០ គ្រឿង​ប៉ុណ្ណោះ ដែល​បាន​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ហ័​រ​មូស​ជា​រៀងរាល់ថ្ងៃ អំឡុង​ចុង​ស​ប្តា​ហ៍​មុន​។

លើស​ពី​នេះ​ទៀត ចរាចរណ៍​កប៉ាល់​ឆ្លងកាត់​ច្រក​សមុទ្រ Bab el-Mandeb ក៏​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃអាទិត្យ​ផង​ដែរ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ហ៊ូ​ធី (Houthis) គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ប្រទេស​យេ​ម៉ែ​ន​បាន​វាយប្រហារ​ទីតាំង​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត តាម​បណ្តោយ​ឆ្នេរសមុទ្រ​ក្រហម ទោះបីជា​មាន​កប៉ាល់​ដឹក​ប្រេង​ខ្នាត​យក្ស​ទី​៣​របស់​ចិន បាន​ចាកចេញ​តាម​ច្រក​សមុទ្រ Bab el-Mandeb នេះ​ក៏​ដោយ​៕