ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លា.ប់​ដោយ​ចរាចរណ៍១៩នាក់

14 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ មីនា លោក​​សុខ ខៀវ ព្រម​ទាំង​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ និង​ពុទ្ធ​បរិ​ស័ទ​មក​ពី​ស្រុក​ព្រៃ​នប់ និង​​ក្រុង​ព្រះ​សីហនុ​យ៉ាង​ច្រើន​កុះ​ករ បាន​រួប​រួម​គ្នា​​ធ្វើ​បុណ្យ​បួង​សួង​សុំ​សេចក្តី​សុខ​ចម្រើន និង​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​​ពល​រដ្ឋ​ស្រី-ប្រុស​ចំនួន​១៩​នាក់ ដែល​ស្លា.ប់​បាត់​បង់​ជីវិត​ដោយ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ចំណុច​អូរ​ត្រាវ ក្នុង​ភូមិ​ពូធឿង ឃុំ​បិត​ត្រាំង ស្រុក​ព្រៃ​នប់ កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ​​កន្លង​ទៅ​នេះ។

ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ មីនា លោក​​សុខ ខៀវ ព្រម​ទាំង​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ និង​ពុទ្ធ​បរិ​ស័ទ​មក​ពី​ស្រុក​ព្រៃ​នប់ និង​​ក្រុង​ព្រះ​សីហនុ​យ៉ាង​ច្រើន​កុះ​ករ បាន​រួប​រួម​គ្នា​​ធ្វើ​បុណ្យ​បួង​សួង​សុំ​សេចក្តី​សុខ​ចម្រើន និង​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​​ពល​រដ្ឋ​ស្រី-ប្រុស​ចំនួន​១៩​នាក់ ដែល​ស្លាប់​បាត់​បង់​ជីវិត​ដោយ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ចំណុច​អូរ​ត្រាវ ក្នុង​ភូមិ​ពូធឿង ឃុំ​បិត​ត្រាំង ស្រុក​ព្រៃ​នប់ កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ​​កន្លង​ទៅ​នេះ។

លោក​សុខ ខៀវ អ្នក​ផ្តួច​ផ្តើម​កម្ម​វិធី​បុណ្យ​បាន​​ឱ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​តែង​តែ​​គោរព​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ និង​ជំនឿ​សាសនា​ ​តាំង​ពី​​យូរ​លង់​រៀង​មក។ ដូច្នេះ​បន្ទាប់​ពី​​ឃើញ​ឧបទ្ទវ​ហេតុ​បាន​កើត​ឡើង​ជា​ញឹក​ញាប់​ដែល​ជា​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ធំ​ៗ​​កើត​ឡើង​មិន​ឈប់​ឈរ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហនុ ទើប​រូប​លោក​ រួម​​ជា​មួយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បាន​មូល​មតិ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ឡើង​ ក្នុង​គោល​បំណង​សុំ​សេចក្តី​សុខ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ រួម​ទាំង​ភ្ញៀវ​​ទេស​ចរ​ជាតិ-​អន្តរ​ជាតិ។

លោក​សុខ ខៀវ បន្ត​ទៀត​ថា នៅ​ក្នុង​កម្ម​វិធី​បុណ្យ​នេះ​បាន​និមន្ត​ព្រះ​សង្ឃ​ចំនួន​១៩​អង្គ​មក​សូត្រ​មន្ត​ប្រោះ​ព្រំ​វារី ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ធម្ម​ទេសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណ​ក្ខន្ធមនុស្ស​ប្រុស-ស្រី​ចំនួន​១៩​នាក់​ដែល​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​ដែល​បាន​កើត​ឡើង​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ម្យ៉ាង​វិញ​ទៀត ​គឺ​ចង់​សម្តែង​ឱ្យ​អ្នក​​បើក​បរ​យាន​យន្ត​ទាំង​តូច ទាំង​ធំ បាន​ឃើញ​​ និង​អង្រួន​បេះ​ដូង​ឱ្យ​ពួក​គេ​ដឹង​ថា សោក​នាដ​កម្ម​នេះ​តើ​អ្នក​ណា​ជា​អ្នក​បង្ក​ឡើង? ហើយ​អ្នក​ណា​ជា​អ្នក​រង​គ្រោះ​ព្រាត់​ប្រាស​និរាស​គ្រួសារ? បន្ទាប់​ពី​បាន​ឃើញ​ហើយ​គួរ​តែ​រិះ​រក​វិធាន​ការ​ទាំង​​ឡាយ​ណា​ដែល​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​អ្នក​ដទៃ កុំ​មើល​ឃើញ​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​និង​ត្រូវ​មាន​ការ​អធ្យា​ស្រ័យ​គ្នា​នៅ​ពេល​បើក​បរ។

លោក​សុខ ខៀវ បាន​​ឱ្យ​ដឹង​ទៀត​ថា កម្ម​វិធី​បុណ្យ​នេះ​​ប្រព្រឹត្ត​ទៅ​​​នៅ​ថ្ងៃ​អង្គារ ទី២២ មីនា ឆ្នាំ​២០១១ ត្រូវ​នឹង​ថ្ងៃ​៣ រោច ខែ​ផល្គុន ឆ្នាំ​ខាល ​ពុទ្ធ​សក​រាជ​២៥៥៤ ចាប់​​ផ្តើម​នៅ​វេលា​ម៉ោង​២​និង​៥០​រសៀល។ ​ព្រឹក​ឡើង​ថ្ងៃ​ពុធ ទី២៣ ខែ​មីនា ត្រូវ​នឹង​ថ្ងៃ​៤ រោច ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ប្រគេន​យាគូ​ដល់​ព្រះ​សង្ឃ លុះ​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក រាប់​បាត្រ​ប្រគេន​ព្រះ​សង្ឃ និង​បង្សុ​កូល​ជា​កិច្ច​បង្ហើយ​បុណ្យ។ គួរ​បញ្ជាក់​ផង​ដែរ​ថា បុណ្យ​នេះ​ត្រូវ​​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​នឹង​កន្លែង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​​មនុស្ស​ចំនួន​១៩​នាក់ និង​រង​របួស​ចំនួន​៨​នាក់។ ម្យ៉ាង​វិញ​ទៀត​ ពិធី​បុណ្យ​​នេះ​ក៏​បាន​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤ ទាំង​អស់​ផង​ដែរ៕