ព្រឹកនេះ! ជាថ្ងៃចាប់ផ្តើមកាន់បិណ្ឌទី១ ពុទ្ធបរិស័ទនាំគ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់ញាតិកា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពិធីបុណ្យភ្ជុំបិណ្ឌដែលទំនៀមទំលាបប្រពៃណីខ្មែរនឹងចាប់ផ្តើមនៅថ្ងៃនេះដែលវេនទី១នៅថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ដែលប្រព្រឹត្តឡើងជារៀងរាលឆ្នាំ។នៅថ្ងៃនេះប្រជាពលរដ្ឋខ្មែរដែលជាពុទ្ធបរិស័ទបាននាំគ្នាធ្វើបាយសម្ល ទយ្យទានផ្សេងៗនិងបច្ច័យ ទៅប្រគេនព្រះសង្ឃនៅតាមបណ្ដាវត្តនានានៃព្រះរាជាណាចក្រកម្ពុជាដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមាតា បិតា ជីដូន ជីតានិងញាតិកាទាំង 7 សន្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ ដើម្បីសុខសេចក្តីសុខ ជាពិសេសវីរៈកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិនិងមាតុភូមិ។
ដោយឡែកនៅព្រឹកនេះដែរវត្តតឹក្ខប្បញ្ញោនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញគេសង្កេតឃើញពុទ្ធបរិស័ទបាននាំគ្នាធ្វើម្ហូបអាហារនិងនាំទៅនិទាននានាទៅប្រគានព្រះសង្ឃយ៉ាងច្រើនកុះករ។មិនថាតែនៅវត្តតឹក្ខប្បញ្ញោ នោះទេនៅតាមបណ្ដាវត្តនានានៅរាជធានីភ្នំពេញគេសង្កេតឃើញពុទ្ធបរិស័ទបានរួសរាន់ធ្វើចង្ហាន់រួសរាន់ទាំងព្រឹក ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណខក្ខឪពុកម្ដាយនិងញាតិកាទាំង 7 សន្ដានដែលបានចែកឋានទៅដើម្បីសុំសេចក្តីសុខព្រមទាំងឧទ្ទិសល្យជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតនៅក្នុងបុព្វហេតុការពារជាតិនិងមាតុភូមិ។ទោះបីជាយ៉ាងណាវត្តមួយចំនួនគេសង្កេតឃើញថា ហាក់ដូចជាពុំសូវមានពុទ្ធបរិស័ទច្រើនកុះករនោះទេ។
គួររំលឹកថា បុណ្យភ្ជុំបិណ្ឌជាបុណ្យធំមួយនិងជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាកាន់ព្រះពុទ្ធសាសនាតែងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ។ពិធី បុណ្យ នេះមានរយៈពេល 15 ថ្ងៃគីចាប់ពីចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥រហូតដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥តែជាថ្ងៃបុណ្យភ្ជុំធំ៕














ចែករំលែកព័តមាននេះ