នាយករដ្ឋមន្ត្រីកម្ពុជានិងថៃ កំពុងតែបោះដៃរកគ្នា នៅពេលមេដឹកនាំទាំងពីរបានបង្ហាញជំហរដូចគ្នាក្នុងការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលិខិតមួយច្បាប់អបអរនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ហើយបង្ហាញពីជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី ។ ចំណែកលោក អានុទីន នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ក៏បានបង្ហាញជំហរដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីផងដែរ។
នៅក្នុងលិខិតចុះថ្ងៃទី៧ ខែកញ្ញា សម្តេចធិបតីបានសរសេរថា ទាំងកម្ពុជា និងថៃជាប្រទេសជិតខាងភ្លាមៗ តាមរយៈភូមិសាស្ត្រ និងជាសមាជិកអាស៊ានដូចគ្នា។ សន្តិភាពភាពសុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ គឺជាបំណងប្រាថ្នារបស់ប្រជាជនយើងទាំងពីរ ។
សម្តេចធិបតីបន្តទៀតថា «ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមយ៉ាងស្មោះថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការកសាងទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយមេត្រីភាព ប្រជាជនរបស់យើងទាំងពីរនឹងរីករាយនឹងវិបុលភាព និងរីកចម្រើនក្នុងភាពសុខដុមរមនា និងសុភមង្គល» ។
ជាមួយស្មារតីនេះ សម្តេចទន្ទឹងរង់ចាំយ៉ាងជិតស្និទ្ធក្នុងការធ្វើការជាមួយគ្នាដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នារវាងនគរទាំងពីរឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា។
ចំណែក លោកអានិទីន នាយករដ្ឋមន្ត្រីថ្មីរបស់ថៃក៏បាននិយាយថា «ចំពោះបញ្ហាសន្តិសុខនាពេលនេះ រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្តើមអនុវត្តវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ តាមរយៈសន្តិវិធី ដើម្បីកាត់បន្ថយការបាត់បង់ និងទុក្ខលំបាករបស់ប្រជាជននៃប្រទេសទាំងពីរ» ។
ចែករំលែកព័តមាននេះ