រាជធានីភ្នំពេញ ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសចេញផ្សាយ នៅថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៥ ឲ្យដឹងថាសម្តេចធិបតី បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានតាមទ្វេភាគីតំបន់ និងអន្តរជាតិ ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះ ដោយសង្កត់ធ្ងន់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែក មនុស្សធម៌ជាបន្ទាន់ ។ ការចូលរួមដោយផ្ទាល់របស់សម្តេចធិបតីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារប្រជាជនរបស់ខ្លួន រក្សាអធិបតេយ្យជាតិ និងដោះស្រាយបញ្ហាដោយ សន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ។
ក្នុងការគាំទ្រដល់ការដឹកនាំរបស់សម្តេចធីបតី នាយករដ្ឋមន្ត្រី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តគំនិតផ្តួចផ្តើមការទូតយ៉ាង ខ្ជាប់ខ្ជួន ដោយលើកឡើងជានិច្ចនូវបញ្ហានេះ ជាមួយដៃគូទ្វេភាគី តំបន់ និងអន្តរជាតិសំខាន់ៗ ក៏ដូចជា ជាមួយបណ្តាអង្គទូត នៅរាជធានីភ្នំពេញ និងឥស្សរជនបរទេស ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងប្រេសិតពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គរបស់ជប៉ុន ដើម្បីអំពាវនាវឱ្យមានការ ដោះលែងកងទ័ពកម្ពុជាជាបន្ទាន់។
ក្រោមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្កើនកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយចេញកំណត់ទូត ធ្វើបទបង្ហាញអំពីស្ថានការណ៍ដល់បណ្តាអង្គទូតបរទេស ចូលរួមជាមួយយន្តការអាស៊ាន និងរក្សាកិច្ច សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារសិទ្ធិរបស់ប្រជាជនខ្លួនការលើកកម្ពស់ការកាត់បន្ថយភាពតានតឹង និងការគោរពគោលការណ៍មនុស្សធម៌អន្តរជាតិ។
ក្រសួងការពារជាតិបានសម្របសម្រួលយ៉ាងសកម្មជាមួយសមភាគីថៃ តាមរយៈយន្តការ យោធាទ្វេភាគីដែលមានស្រាប់ ដើម្បីជំរុញឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាពនៃកងទ័ពជាប់ឃុំទាំង១៨រូប ស្របពេលជាមួយគ្នា ធានានូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់របស់ ភាគីកម្ពុជា។
បន្ថែមលើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមជាមួយស្ថាប័នសិទ្ធិមនុស្ស ក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកឡើងពីទិដ្ឋភាពមនុស្សធម៌នៃសំណុំរឿងនេះ ដោយសង្កត់ធ្ងន់លើ សិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់កងទ័ពទាំង១៨រូបនេះ ព្រមទាំងអំពាវនាវឱ្យមានការគោរពពេញលេញនៃ ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយពង្រឹងវិធីសាស្ត្ររួម របស់រាជរដ្ឋាភិបាល ក្នុងការធានានូវមាតុភូមិនិវត្តន៍របស់កងទ័ពទាំង១៨រូប តាមរយៈមធ្យោបាយច្បាប់ មនុស្សធម៌ និងការទូត។
ស្ថានបេសកកម្មការទូតកម្ពុជានៅបរទេស ជាពិសេសស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងទីក្រុងហ្សឺណែវ បានឈរនៅជួរមុខក្នុងការតស៊ូមតិអន្តរជាតិ។ នៅទីក្រុងញូវយ៉ក ស្ថានបេសកកម្មបានលើកបញ្ហានេះជាផ្លូវការនៅអង្គការសហប្រ ជាជាតិ និងដៃគូ អាស៊ាន ដោយជំរុញឱ្យធ្វើមាតុភូមិនិវត្តន៍នៃកងទ័ពទាំងនោះ និងធានាថា បញ្ហានេះនៅតែស្ថិតក្នុងរបៀប វារៈអន្តរជាតិ។
នៅទីក្រុងហ្សឺណែវ ស្ថានបេសកកម្មបានកៀរគរយ៉ាងសកម្មនូវស្ថាប័នមនុស្សធម៌ និង សិទ្ធិមនុស្ស រួមមានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីត្រួតពិនិត្យលក្ខខណ្ឌនៃការឃុំខ្លួន និងជំរុញឱ្យមានការគោរពអនុសញ្ញាហ្សឺណែវ។
កម្ពុជាទាក់ទងជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដោយភាពស្មោះត្រង់ ដើម្បីស្វែងរកការគាំពារផ្នែកមនុស្សធម៌ មិនមែនការប្រឈមផ្នែកនយោបាយនោះទេ។ អាទិភាពបន្ទាន់ របស់កម្ពុជាគឺច្បាស់លាស់ណាស់៖ អ្នកទោសសង្គ្រាមត្រូវផ្តល់សិទ្ធិក្នុងការចូលជួប ត្រួតពិនិត្យ និងធ្វើ មាតុភូមិនិវត្តន៍, ជនស៊ីវិលត្រូវបានការពារពីការផ្លាស់ទីដោយបង្ខំ ការរឹបអូសដីធ្លីដោយខុសច្បាប់ និងការ ធ្វើយោធូបនីយកម្មលើផ្ទះសម្បែងរបស់ពួកគេ, សកម្មភាពប្រយុទ្ធត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដោយ ត្រូវបញ្ឈប់ការវាយប្រហារដោយមិនរើសមុខ ការរក្សានូវសម្បត្តិបេតិកភណ្ឌវប្បធម៌ និងការហាមឃាត់ការ ប្រើអាវុធខុសច្បាប់។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ឡើងវិញ នូវការទទួលស្គាល់របស់ខ្លួន ចំពោះកងទ័ពទាំង១៨រូបនោះ ថាជាអ្នកទោសសង្គ្រាម ព្រមទាំងបានអះអាងថា នឹងធ្វើដំណើរទស្សនកិច្ច តាមដាននៅដើមខែកញ្ញា ដើម្បីផ្ទៀងផ្ទាត់លក្ខខណ្ឌ និងធានានូវការទាក់ទងជាមួយក្រុមគ្រួសារ ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា ដើម្បី ធ្វើការវាយតម្លៃនៅតាមទីកន្លែង ត្រួតពិនិត្យលក្ខខណ្ឌមនុស្សធម៌ និងដោះស្រាយរាល់បញ្ហាដែល ពាក់ព័ន្ធនឹងជនភៀសសឹក និងលើកឡើងពីការប្រើប្រាស់អាវុធហាមឃាត់ ស្របតាមអាណត្តិអព្យាក្រឹត របស់គណកម្មាធិការកាកបាទក្រហមអន្តរជាតិ៕

ចែករំលែកព័តមាននេះ