ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទទួលផល ពី​១​ពាន់​ទៅ​ជាង​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ហិ​កតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ដី​សម្បទាន សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លើ​ការ​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម ដូច​ជា កៅស៊ូ ស្វាយចន្ទី…

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ដី​សម្បទាន សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លើ​ការ​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម ដូច​ជា កៅស៊ូ ស្វាយចន្ទី កាលពី​១០ ឬ​១៥​ឆ្នាំ​មុន​នោះ នៅ​ពេល​នេះ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងនោះ បាន​ផ្តើម​ទទួលផល​បណ្តើរ​ៗ​ហើយ តាម​រយៈ​ការ​នាំ​ចេញ​កសិផល​ទៅ​លក់​នៅ​ក្រៅប្រទេស ដែល​យ៉ាង​ហោច​ណាស់ ក្រុមហ៊ុន​មួយ​អាច​រក​ចំណូល​បាន​ពី ១​ពាន់​ដុល្លារ​ដល់​ទៅ ២​ម៉ឺន​ដុល្លារ ក្នុង​ទំហំ​ដី​ត្រឹម​មួយ​ហិ​កតា​។

ចំណែក​រដ្ឋ​វិញ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល ពី​ការ​ជួល​ដី​ឲ្យ​ឯកជន និង​ប្រាក់​ពី​ពន្ធ​អាករ​ផ្សេង​ៗ ជា​ពិសេស​បាន​បង្កើត​ទីផ្សារ​ការងារ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​។ លោក វេ​ង សា​ខុន រដ្ឋមន្ត្រីក្រសួង​ក​សិ​ម្ម​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ដាំ​ដុះ​កៅស៊ូ ស្វាយចន្ទី ជាដើម​នោះ​បាន ប្រមូល​ផល​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា «​ប្រាក់​ចំណូល​ទទួល​បាន ពី​ការ​នាំ​ចេញ​ផលិតផល​ផ្លែ​ចេក​ស្រស់ បាន​ប្រមាណ​ពី ២០ ០០០ ទៅ ២៥ ០០0 ដុល្លារ​ក្នុង​១ ហិ​កតា​ក្នុង​១​ឆ្នាំ​។ កៅស៊ូ​ធម្មជាតិ និង​ស្វាយចន្ទី​វិញ​ទទួល​បាន​ត្រឹមតែ​ជាង ១ ០០០​ដុល្លារ ក្នុង​១​ហិ​កតា​នៅ​ក្នុង​រយៈពេល​១​ឆ្នាំ​»​។

លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​គូសបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩ ផ្ទៃដី​ដាំ​ដុះ កសិឧស្សាហកម្ម ដែល​ក្រុមហ៊ុន​ឯក​បាន​ធ្វើ​អាជីវកម្ម មាន​ចំនួន ០,៤​លាន​ហិ​កតា ក្នុង​ចំនួន​នេះ​រដ្ឋ​ទទួល​បាន ប្រាក់​ឈ្នួល ជួល​ដី​ប្រមាណ​២,៤​លាន​ដុល្លារ រួម​នឹង​ពន្ធ​សួយ​សារ​ផ្សេង​ៗ ប្រមាណ​ជាង​៣​លាន​ដុល្លារ​ទៀត​។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ បាន​ផ្តល់​ទីផ្សារ​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ បាន​ចំនួន​៤​ម៉ឺន​នាក់​។

លោក វេ​ង សា​ខុន បាន​គូសបញ្ជាក់​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ គោលនយោបាយ​បើក​ទូលាយ​ដល់​វិស័យ​ឯកជន ក្នុង​ការ​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​តាម​រយៈ ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច កាលពី​៨ ទៅ​១៥​ឆ្នាំ​កន្លង​មក ស្រប​ពេល​ដែល​កម្ពុជា​ទទួល​បានការ​ចុះ ពិធីសារ​នៃ​ការ​នាំ​ចេញ​ផ្លែ​ឈើ​ទៅ​កាន់​បណ្តា​ប្រទេស​មួយ​ចំនួន ជា​ពិសេស​ប្រទេស​ចិន​នោះ កសិផល​ខ្មែរ បាន​នាំ​ចេញ​ជា​បន្តបន្ទាប់ នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក​រដ្ឋមន្ត្រី ធ្លាប់​បាន​ជួប​ក្រុមហ៊ុន​ដាំចេក មួយ​កន្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ ក្នុង​រយ​:​ពេល​៥​ខែ ដើមឆ្នាំ​២០២០ ក្រុមហ៊ុន ឡុ​ង ស្រេង បាន​នាំ​ចេញ​ចេកអំបូង​លឿង ចំនួន ២២ ៧៦២​តោន ក្នុង​នោះ​នាំ​ទៅ​កាន់​ទីផ្សារ​វៀតណាម ១៤​ម៉ឺន​តោន និង​ទីផ្សារ​ចិន​ជាង​៨​ពាន់​តោន​។

លោក វេ​ង សា​ខុន ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស ក្រៅពី​កៅស៊ូ​ធម្មជាតិ គឺ​មាន​គ្រប់​ស្វាយចន្ទី ផ្លែ​ចេក និង​ស្វាយ​ស្រស់​។ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទាំង​អស់នេះ មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​បណ្តា​ក្រុមហ៊ុន ដែល​កំពុង​បោះទុន​វិនិយោគ​លើ​ដំណាំ​កសិកម្ម បាន និង​កំពុង​ស្រូប​យក​កម្លាំង​ពលកម្ម យ៉ាង​គំហុក​ទៀត​ផង​។ «​គ្រាន់តែ​សម្ព័ន្ធ​ក្រុមហ៊ុន ថា ឌី បាន​ទទួល​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ខេត្តក្រចេះ និង​ខេត្តរតនៈគិរី បាន​ស្រូប​យក​កម្មករ​កម្ពុជា​ប្រមាណ​ជា​ជាង ៥ ០០០ នាក់​ពេល​ប​ច្ចប្ប​ន្ន និង​កើនឡើង​ទ្វេរ​ដង ក្នុង​បំណាច់​ឆ្នាំ​២០២០​នេះ ហើយ​ឆ្នាំ​២០២១ នឹង​អាច​ស្រូប​យក​កម្មករ​កម្ពុជា​ជាង ១ ៥០០ នាក់ »​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក វេ​ង សា​ខុន​។

លោក ស្រី វុ​ឌ្ឍី បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដំណាំ​កសិឧស្សាហកម្ម តាម​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច កំពុង​ផ្តើម​ឲ្យ​ផល បើជា​កម្ពុជា​មាន​បញ្ហា​ចោទ ពី​កម្លាំង​ពលកម្ម​ទៅ​វិញ​។ លោក​ថា មនុស្ស​ពេញកម្លាំង​ជា​ច្រើន​មិន​ចង់​ធ្វើការ​នៅ​មូលដ្ឋាន​របស់​ខ្លួន​។ ពលរដ្ឋ​សុខចិត្ត​ធ្វើ​ចំណាកស្រុក​មក​ការងារ​ក្នុង​ទីក្រុង ឬ​ទៅ​ក្រៅប្រទេស តែ​តាម​ពិត​ទៅ​ការងារ​នៅ​មូលដ្ឋាន របស់​គេ​អាច​រក​ចំណូល​មិន​ចាញ់​ទីក្រុង​នោះ​ឡើយ​។ លោក​អ្នកនាំពាក្យ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​មធ្យោបាយ​ធ្វើការ​របស់​ខ្លួន​ឲ្យ​ទំនើប​ដើម្បី​ទាក់ទាញ​កម្លាំង​ពលកម្ម​។ លោក​ពន្យល់​ដូច្នេះ «​ឧទាហរណ​ណ៍ ដូច​ជា​ការ​ប្រមូល​ផល​ផ្លែ​អ៊ីចឹង យើង​សូម​ឲ្យ​ក្រុមហ៊ុន មាន​ឧបករណ៍​បេះ ឬ​ប្រមូល​ផល​ដោយ​ស្វ័យប្រវត្តិ ហើយ​មនុស្ស​ជា​អ្នកបញ្ជា​ម៉ាស៊ីន​។ ធ្វើ​បែប​នេះ យើង​សង្ឃឹមថា ពលរដ្ឋ​យើង​នឹង​ចាប់អារម្មណ៍​ចូល​ទៅ​ធ្វើការ​នៅ​តាម​មូលដ្ឋាន​របស់​គេ​»៕ ដោយ ៖ អ សួស្ដី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ