រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ក្នុងកម្មវិធីដែលមានឈ្មោះថា«កម្ពុជា សង្វៀនគុនខ្មែរ»រដូវកាលទី៣ក្រុមទី២វគ្គផ្តាច់ព្រ័ត្ររវាងកីឡាករឃីម បូរ៉ា និងឈុត សេរីវ៉ាន់ថង ជាលទ្ធផល ឃីម បូរ៉ា កូនប្រុសរបស់លោកគ្រូ ហេង ប៊ុនឃីម ជាអ្នកឈ្នះពិន្ទុដោយឯកច្ឆ័ន្ទលើឈុត សេរីវ៉ាន់ថង កូនប្រុសរបស់លោកគ្រូ ឈុត សេរី ។ ឃីម បូរ៉ា នឹងបន្តទៅជួប តាញ់ មករា ដណ្តើមយកខ្សែក្រវាត់នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះ។
ក្រោយចប់ការប្រកួត លោកគ្រូ ហេង ប៊ុន ឃីម ដែលត្រូវជាឪពុករបស់ឃីម បូរ៉ា បានប្រាប់អ្នកយកព័ត៌មានឱ្យគេហទំព័រក្នុងស្រុកមួយថា ចាប់តាំងពីចាប់អាជីពជាអ្នកប្រដាល់មក នេះគឺជាលើកទី១ហើយដែលកូនប្រុសរបស់លោកមានឱកាសដណ្តើមបានពានរង្វាន់លេខ១ បើទោះបីជាមិនមែនខ្សែក្រវាត់ក៏ដោយ ហើយលោកក៏នឹកស្មានមិនដល់ថាកូនប្រុសរបស់លោក អាចប្រកួតបានយ៉ាងល្អពេញ៥ទឹកបែបនេះដែរ ព្រោះកន្លងមកសុខភាពកូនគាត់មិនដែលមានអំណោយផលប្រកួតបានស្ទុះពេញ៥ទឹកបែបនេះទេ ។ ចំណែកឯ ឃីម បូរ៉ា វិញក៏បានឲ្យដឹងផងដែរថា រាល់ការប្រកួតដណ្តើមពានរង្វាន់ ឬក៏ខ្សែក្រវាត់ ភាគច្រើនបានតែលេខ២ មិនដែលបានលេខ១នោះទេ។
សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធី«កម្ពុជា សង្វៀនគុនខ្មែរ»រវាង ឃីម បូរ៉ា និងតាញ់ មករា បើគ្មានអ្វីប្រែប្រួលទេ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា នៅសង្វៀន CBS ( CTN, MYTV & CNC) ចាប់ពីម៉ោង៨និង១៥នាទីព្រឹកតទៅ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ