ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​! ឈាង ហុង អាច​ផ្ដួល​ឡុ​ង សំណាង ដណ្ដើម​យក​ប្រាក់​លាន​បាន​ឬ​អត់?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រវាង​ឈាង ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​កាលពី​១​ខែ​មុន​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ីដែល​កាល​ណោះ​ឈាង ហុង…

រាជធានី​ភ្នំពេញ ៖ រវាង​ឈាង ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​កាលពី​១​ខែ​មុន​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ីដែល​កាល​ណោះ​ឈាង ហុង ចាញ់​ពិន្ទុ​ឡុ​ង សំណាង ទាំង​ប្រផិតប្រផើយ​បំផុត ។ លើក​នេះ​កីឡាករ​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​ម្ដងទៀត​ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ដដែល ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​ឈាង ហុង អាច​សម្រេច​គោលដៅ​ក្នុង​ការ​សងសឹក​ឡុ​ង សំណាង ដណ្ដើម​យក​ប្រាក់​លាន​បាន​ឬ​យ៉ាងណា ខណៈ​ឡុ​ង សំណាង ក៏​ជា​ជើង​ខ្លាំង​ពិបាក​យកឈ្នះ​ដោយ​ងាយ​បែប​នេះនោះ​។

រវាង​គូ​នេះ​បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ឈាន ហុង មាន​ច្រើន​ជាង ប៉ុន្តែ​ដោយ​សារ​តែ​គេ​បាត់​មុខ​ពីលើ​សង្វៀន​យូរ​ពេក​ធ្វើ​ឱ្យ​ថ្វីដៃ​ប្រកួត​ធ្លាក់​ចុះ​ជាង​មុន​បន្តិច ។ សម្រាប់​ការ​ប្រកួត​ប៉ុន្មាន​លើក​នេះ​ទោះជា​មិន​ទាន់​ស្គាល់​ឈ្នះ​ក៏​ពិតមែន តែ​តាម​ការ​កត់សម្គាល់​គឺ​មានការ​កើនឡើង​បណ្ដើរ​ៗ​ហើយ ជា​ពិសេស​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​នៅ​តែ​អាច​ប្រើ​ការ​បាន​យ៉ាង​ល្អ គ្រាន់តែ​កម្លាំង​ស៊ុ​ហ្វ​រាង​ធ្លាក់​ចុះ​ខ្សោយ​បន្តិច ។

សម្រាប់​ការ​ជួប​គ្នា​លើក​នេះ គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន ដូច្នេះ​ឈាង ហុង​ប្រហែលជា​មាន​ការ​ប្រុងប្រៀប​ខ្លួន​ទុកជា​មុន​រួច​ស្រេច​ទៅ​ហើយ ដោយ​មិន​បណ្ដោយ​ឱ្យ​ឡុ​ង សំណាង ឈ្នះ
ដោយ​​ងាយ​នោះ​ដែរ ។ ឈាង ហុង ប្រាប់​ថា ពី​មុន​ខ្លួន​ចាញ់ ប្រហែល​មក​ពី​ខ្លួន​មើលងាយ​គូ​ប្រកួត​ពេក ។ ប៉ុន្តែ​ជាង​មួ​យស​ប្ដា​ហ៍​មកនេះ​ខ្លួន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ មិន​ហ៊ាន​ធ្វេស​ប្រហែស​ដូច​មុន​ទៀត​នោះ​ទេ ។

ទោះជា​យ៉ាងណា​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​លើក​ឡើង​ថា គូ​នេះ​មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​ម្នាក់​បាន​ឡើយ ព្រោះ​អី​ឡុ​ង សំណាង ក៏​ជា​អ្នក​ប្រដាល់​ដែល​មាន​ថ្វីដៃ​ប្រកួត​លំដាប់​ជួរ​មុខ​ម្នាក់​ដែរ​។ មិនតែប៉ុណ្ណោះ អ្នក​ដែល​អាច​យកឈ្នះ ឡុ​ង សំណាង បាន​មាន​តែ​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ម្នាក់​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​ពិបាក​បន្តិច​ហើយ ។ ដូច្នេះ​តំណែង​ម្ចាស់​ប្រាក់​លាន​លើក​នេះ​មិន​ទាន់​ដឹង​ថា​បាន​ទៅ​លើ​ខាង​ណា​នោះ​ទេ​។

កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក និង​ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ក៏​ជា​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ ។ សូត្រ ខេ​វិ​ន​និង​ព្រឿ​ង សុ​ជាតិ សុទ្ធ​សឹង​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដូច​គ្នា ប៉ុន្តែ​កន្លង​មក​អត់​ធ្លាប់​ជួប​គ្នា​នោះ​ទេ ។

ដូច្នេះ​មិន​អាច​ទាយ​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ​បាន​ឡើយ ទាល់តែ​ប្រកួត​គ្នា​សិន​ទើប​អាច​ដឹង​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ