ប្រទេសព័រទុយហ្គាល់ ៖ ក្លិបបាល់ទាត់ Benfica បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗថា រថយន្តក្រុងដឹកក្រុមកីឡាកររបស់ក្លិប រងការវាយប្រហារដោយដុំថ្មពីសំណាក់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យកីឡាករ ២នាក់រងរបួស។
ក្លិបជើងឯកលីគកំពូល Primeira Liga ៣៧សម័យកាលមួយនេះ បានបញ្ជាក់ថាខ្សែបម្រើអាល្លឺម៉ង់ Julian Weigl រួមនិងខ្សែបម្រើស្លាបស៊ែប Andrija Zivkovic បានរងរបួសដោយសារអំបែងកញ្ចក់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ da Luz ក្នុងទីក្រុង Lisbon។
កីឡាករ Andrija Zivkovic និង Julian Weiglហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីក្លិប Benfica បានត្រឹមស្មើ ០-០ ទល់នឹងក្រុម Tondela ដែលនៅចំណាត់ថ្នាក់លេខ១៣ ក្នុងការប្រកួតសប្តាហ៍ទី២៥ នៃក្របខណ្ឌ Primeira Liga ដែលទើបតែចាប់ផ្តើមឡើងវិញ។ ហើយរថយន្តក្លិប បានទទួលរងការវាយប្រហារពីសំណាក់អ្នកគាំទ្រមួយចំនួន ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅក្លោងទ្វារកីឡដ្ឋានរបស់ពួកគេតែម្តង។
សេចក្តីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់ថា ក្លិបបានធ្វើការថ្កោលទោស និងសោកស្តាយយ៉ាងខ្លាំង ចំពោះការគប់ដុំថ្មមកលើរថយន្តរបស់កីឡាកររងគ្រោះ ។ ហើយបច្ចុប្បន្ន ក្លិបកំពុងធ្វើកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីប្តឹងឧទ្ធរណ៍ នឹងឈានទៅដល់ការកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្ត ឱ្យមកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋទាំងនេះ។
បន្ទាប់ពីបានត្រឹមស្មើក្រុម Benfica បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង ប៉ុន្តែស្មើពិន្ទុគ្នាជាមួយក្រុមលេខ២ Porto ចំនួន ៦០ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៥៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ