ប្រទេសអង់គ្លេស ៖ ក្លិប Tottenham Hotspur បានប្រកាសពីលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ លើមនុស្សម្នាក់ក្នុងក្លិប ដោយមិនបញ្ជាក់ថាជាកីឡាករ ឬក៏បុគ្កលិក នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយបង្អស់របស់ក្របខ័ណ្ឌ Premier League មុនពេលការប្រកួតប្រជែងចាប់ផ្តើមឡើងវិញ ។
បច្ចុប្បន្នបុគ្គលដែលមានលទ្ធផលវិជ្ជមានរូបនោះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ រយៈពេលមួយសប្តាហ៍ ដោយយោងតាមគោលការណ៍របស់ក្របខណ្ឌកំពូលអង់គ្លេសមួយនេះ។
ក្លិប Spurs បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់ថា «នេះគឺជាលទ្ធផលវិជ្ជមានតែមួយគត់ បន្ទាប់ពីកីឡាករ និងបុគ្គលិកទាំងអស់របស់ក្លិបសរុបចំនួន ១.១៩៧ នាក់ ទទួលបានការធ្វើតេស្តនៅក្នុងដំណាក់កាលចុងក្រោយ។ ហើយដោយផ្អែកលើច្បាប់រក្សាការសម្ងាត់ ខាងក្រុមវេជ្ជសាស្ត្ររបស់ក្លិប សូមមិនបញ្ចេញឈ្មោះរបស់បុគ្គលរូបនេះឡើយ»។
សូមបញ្ជាក់ថា នេះគឺលទ្ធផលវិជ្ជមានទី១៣ លើកីឡាករ និងបុគ្គលិកក្នុងក្របខណ្ឌ Premier League ក្នុងចំណោមការធ្វើតេស្តរបស់ក្លិបទាំង២០ សរុបចំនួន ៥.០៧៩នាក់។
សូមជម្រាបជូនថា កីឡាករទាំងអស់របស់ក្របខណ្ឌ Premier League បច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់លក្ខណៈជាក្រុមពេញលេញ ដើម្បីត្រៀមខ្លួន មុនការប្រកួតលីគចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ដោយបិទទ្វារកីឡដ្ឋាន៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ