ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Son បរិយាយពីរឿងរ៉ាវ អំឡុងពេលបំពេញកាតព្វកិច្ចយោធា

3 ឆ្នាំ មុន

ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធ Son Heung-min របស់ក្រុម Tottenham Hotspur បានពិពណ៌នាអំពីផលវិបាករបស់ខ្លួន អំឡុងពេលបំពេញកាតព្វកិច្ចយោធានៅឯប្រទេសកំណើតរបស់ខ្លួន…

ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធ Son Heung-min របស់ក្រុម Tottenham Hotspur បានពិពណ៌នាអំពីផលវិបាករបស់ខ្លួន អំឡុងពេលបំពេញកាតព្វកិច្ចយោធានៅឯប្រទេសកំណើតរបស់ខ្លួន ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ។

សមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ បានថ្លែងថា វាពិតជាលំបាកខ្លាំង និងស្វិតស្វាញបំផុត ខណៈ Son ខ្លួនឯងផ្ទាល់ថា គេស្ទើរតែមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចមួយនេះ ។

សូមជម្រាបជូនថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បានបំពេញកាតព្វកិច្ចដ៏ចាំបាច់បំផុតមួយនេះ ចំនួន ៣សប្តាហ៍នៅទីក្រុង Seogwipo ភាគខាង​ត្បូង​កោះ Jeju នៃ​ប្រទេស​កូរ៉េ​ខាងត្បូង កាលពីខែមេសា បន្ទាប់ពីបានជាសះស្បើយពីការវះកាត់របួសបាក់ដៃរបស់ខ្លួន។

Son Heung-min បានបរិយាយប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ក្រុម Spurs ថា «វាពិតជាមមាញឹកខ្លាំងណាស់។ ខ្ញុំមិនដឹងថាតើអ្នកឆ្លងកាត់ជាមួយខ្ញុំ មានអារម្មណ៍យ៉ាងណាទេ? ប៉ុន្តែសម្រាប់ខ្ញុំ រយៈពេល ៣សប្តាហ៍គឺជារយៈពេលដ៏យូរ ប៉ុន្តែបានផ្តល់បទពិសោធន៍ល្អមួយ»។

Son បានបន្តទៀតថា «ខ្ញុំមិនអាចនិយាយអ្វីគ្រប់យ៉ាង ដែលខ្ញុំបានធ្វើនៅទីនោះទេ ប៉ុន្តែខ្ញុំពិតជារីករាយណាស់។ រយៈពេលនោះគឺលំបាកណាស់ ប៉ុន្តែខ្ញុំបានព្យាយាមតស៊ូដោយរីករាយជាមួយវា»។

ខ្សែប្រយុទ្ធរូបនេះ បានបន្ថែមទៀតថា «ថ្ងៃដំបូងពេលដែលយើងមិនស្គាល់គ្នា គឺចំលែកបន្តិច ប៉ុន្តែមិនយូរប៉ុន្មានយើងបានស្គាល់គ្នា។ យើងបានចំណាយពេលជាមួយគ្នារាល់ថ្ងៃនៅក្នុងបន្ទប់មួយ ដែលមានមនុស្ស ១០ នាក់និងមានភាពជិតស្និទ្ធ ធ្វើការជាមួយគ្នា ហើយបានជួយគ្នាទៅវិញទៅមក ដូច្នេះពេលវេលានោះពិតជាអស្ចារ្យណាស់»។

ខ្សែប្រយុទ្ធដែលជួយកូរ៉េខាងត្បូង ​ឈ្នះ​មេដាយមាស​​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំ ២០១៨ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បានថ្លែងពីអារម្មណ៍របស់ខ្លួន ក្រោយត្រឡប់ចូលជំរំហ្វឹកហាត់វិញជាមួយក្រុម Spurs យ៉ាងដូច្នេះថា «ឥឡូវយើងអាចហ្វឹកហាត់ជាមួយគ្នាបាន។ យើងបានហ្វឹកហាត់ជាងពីរសប្តាហ៍ចុងក្រោយ ហើយកីឡាករដែលរបួសមួយចំនួន ក៏អាចត្រឡប់មកជួយក្រុមវិញបាន។ គ្រប់គ្នាចង់លេងម្តងទៀត ដើម្បីឈ្នះការប្រកួតជាច្រើនរបស់យើង» ។

សូមបញ្ជាក់ថា ក្រុម Spurs ត្រូវការឈ្នះជាចាំបាច់ ដើម្បីដណ្តើមកៅអីសម្រាប់ការប្រកួត Champions League រដូវកាលក្រោយ ខណៈដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី៨ នៅក្រោយក្រុមលេខ៤ Chelsea ចំនួន ៧ពិន្ទុ៕ (ដកស្រង់ចេញពី BBC)