ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យក​សាច់ និង​មេគោ​ពូជ​ទទួល​បានការ​គាំទ្រ បន្ទាប់​ពី​ចិញ្ចឹម​តាម​បច្ចេកទេស

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​សាច់ និង​ពូជ នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​របស់​គាត់​បាន​រីក​ចម្រើន​គួរ​កត់សម្គាល់ យ៉ាង​ហោច​ណាស់…

ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​សាច់ និង​ពូជ នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​របស់​គាត់​បាន​រីក​ចម្រើន​គួរ​កត់សម្គាល់ យ៉ាង​ហោច​ណាស់ ក្នុង​មួយ​ខែ​គាត់​អាច​លក់​គោ​ដែល​បំប៉ន​ធំធាត់​រួច បាន​ប្រមាណ​៣០​ក្បាល​ដែរ ជាមួយ​គ្នា​នេះ​កូន​គោ​ពូជ​១​ក្បាល ក៏​អាច​លក់​បាន​ជាង​១​ពាន់​ដុល្លា​ដែរ​។ លោក រស់ វិសិដ្ឋ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ទួល​សង្កែ រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​សាច់ និង​គោ​ពូជ​ខាងលើ បាន​បញ្ជាក់​ថា​៖

គាត់​បាន​បើក កសិដ្ឋាន​ចិញ្ចឹម​គោ​យក​សាច់ និង​មេគោ​ពូជ ដើម្បី​យក​កូន នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយ​បាន​សហការ​ភាគហ៊ុន​គ្នា ជាមួយ​បងប្រុស​គាត់ នៅ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​គោ​ក្នុង​កសិដ្ឋាន​របស់​គាត់​មាន ២​ប្រភេទ​គឺ​៖ ទី​១-​មេ​ពូជ នាំ​ចូល​ពី​ក្រៅប្រទេស មាន​ដូច​ជា​ពូជ ឥណ្ឌូ​ប្រេ​ស៊ី​ល និង​ពូជ​ប្រា​ម៉ា​ន់​។ មេ​ពូជ​ប្រភេទ​នេះ​១​ក្បាល ទិញ​ចូល​តម្លៃ​ប្រមាណ​៣៥០០​ដុល្លារ​។ ប៉ុន្តែ​ពេល​វា​កើតកូន​មក ក្នុង​១​ក្បាល​លក់​បាន​ជាង​១​ពាន់​ដុល្លារ កូន​កើត​បាន​ត្រឹម​ជាង​១០​ថ្ងៃ​។ បច្ចុប្បន្ន​មេគោ​ចិញ្ចឹម​ធ្វើ​ពូជ​នេះ មាន​ត្រឹមតែ​៧​ក្បាល​ប៉ុណ្ណោះ​។

ដោយឡែក​ចំពោះ គោ​ចិញ្ចឹម​យក​សាច់​វិញ គាត់​ទិញ​គោ​ស្គម​ៗ​ពី​ប្រជាពលរដ្ឋ​ដែល​ស៊ី​មិន​គ្រប់គ្រាន់ ឬ​ខ្វះ​ការ​ថែទាំ​យក​មក​ចិញ្ចឹម​បំប៉ន​ដោយ​ឲ្យ​ចំណី ដែល​គាត់​ផលិត​បាន​មាន​រសជាតិ​បែប​ជា​អាហារ​បំប៉ន និង​មើលថែ​ចាក់​ថ្នាំ​ព្យាបាល​ជា​ប្រចាំ​។ ដោយសារ​ចំណី​បំប៉ន គួប​ផ្សំ ទាំង​ការ​ព្យាបាល​ផង​ធ្វើ​ឲ្យ​គោ​នីមួយ​ៗ ដែល​គាត់​មើលថែ​ឲ្យ​ចំណី​ត្រឹម​ពី​៣​ទៅ​៤​ខែ គឺ​ធំធាត់ អាច​ចាប់​លក់​បាន​ហើយ ដោយ​ថ្លឹង​លក់​គិត​ជា​គីឡូ​ដូច​សត្វ​ជ្រូក​ដែរ ក្នុង​នោះ​បើ​គោ​ញី​១​គីឡូក្រាម ថ្លៃ ១២ ៨០០​រៀល ចំណែក​គោ​ឈ្មោល​មួយ​គីឡូក្រាម ថ្លៃ​១៣ ៨០០​រៀល គោ​សាច់​ក្នុង​កសិដ្ឋាន​គាត់​មាន​ជាង​៦០​ក្បាល​។

ម្ចាស់​កសិដ្ឋាន​រូប​នោះ​បាន​អះអាង​ថា ចំពោះ​សត្វ​គោ​ដែល​ចិញ្ចឹម​ឱ្យ​ចំណី រួម​ផ្សំ​នឹង​ស្មៅ​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​គាត់​បាន​ដាំ​ក្នុង​កសិដ្ឋាន​បែប​នេះ សាច់​របស់​វា​មាន​រសជាតិ និង​ធានា​សុខភាព​ជាង​សត្វ​គោ​ដែល​ចិញ្ចឹម តាម​ទម្លាប់ ឃ្វាល​ឱ្យ​ស៊ី​ស្មៅ របស់​ប្រជា​កសិករ​។ សព្វ​ថ្ងៃនេះ​បើ​គិត​ជា​មធ្យម​ក្នុង​១​ខែ គាត់​លក់​ចេញ​គោ​សាច់​ប្រមាណ ៣០​ក្បាល និង​បាន​ទិញ​ចូល​ប្រហែល​៣០​ក្បាល​ដូច​គ្នា​ដែរ​។ ជា​ចុង​ក្រោយ ម្ចាស់​កសិដ្ឋាន​រូប​នោះ​បាន​បញ្ជាក់​ថា​៖ ចំពោះ​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​បងប្រុស​គាត់​មាន​ជំនាញ​ជាង​គាត់ ហើយ​គាត់​គ្រានតែ​ធ្វើ​តាម និង​ដោយ​មានការ​គាំទ្រ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ខេត្តកំពង់ឆ្នាំង ផង​ទើប​កសិដ្ឋាន​គាត់​ទទួល​បាន​ជោគជ័យ​បែប​នេះ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ