សហរដ្ឋអាមេរិក ៖ ក្រោយរាត្រី១ទៀតនៃភាពចលាចលការប្លន់ និងការប៉ះទង្គិចគ្នាជាមួយប៉ូលិស ក្នុងទីក្រុងទាំងឡាយរបស់អាមេរិក បាតុកម្មប្រឆាំងការប្រកាន់ពូជសាសន៍និយមបានបន្តផ្ទុះជាថ្មីនាថ្ងៃទី២ មិថុនា ដោយភាសាអាជ្ញាសឹករបស់លោកដូណាល់ ត្រាំ ដែលប្ដេជ្ញាស្ដារឡើងវិញរបៀបរៀបរយដោយប្រើកម្លាំងទ័ពនាំឲ្យមានរលកនៃការខឹងសម្បាថ្មី ។
៨ថ្ងៃក្រោយការស្លាប់នៅក្រុងមីននីប៉ូលីសរដ្ឋមីនីសូតា របស់លោក GEORGE FLOYD បុរសស្បែកខ្មៅដោយប៉ូលិសស្បែកសសង្កត់កដល់ស្ទះដង្ហើមរលកនៃកំហឹងពុះកញ្ជ្រោលជាប្រវត្តិសាស្ត្រប្រឆាំងការប្រកាន់ពូជសាសន៍ អំពើសាហាវរបស់ប៉ូលិសនិងវិសមភាពសង្គម នាំឲ្យរញ្ជួយសហរដ្ឋអាមេរិកនៅពុំទាន់ធូរស្រាលនៅឡើយទេ ។
បាតុករច្រើនម៉ឺននាក់ទាំងពួកស្បែកខ្មៅទាំងពួកស្បែកស បានប្រមូលផ្ដុំគ្នាដើម្បីតវ៉ាដោយសនិ្ត
វិធីនៅម៉ាន់ហាតាន់ ជិតទីស្នាក់ការប៉ូលិសក្រុងញូវយ៉ក ដោយស្រែកពាក្យថា GEORGE FLOYD !
GEORGE FLOYD !ឬពាក្យថា BLACK LIVES MATTER ! (ត្រូវគិតដល់ជីវិតជនស្បែកខ្មៅ) និងស្រែកឲ្យមានការរួមសាមគ្គីគ្នា ប្រឆាំងអំពើហិង្សារបស់ប៉ូលិសសំដៅលើបណ្ដាជនស្បែកខ្មៅអាមេរិក ។
ទោះបីនៅទីក្រុងមីននីប៉ូលីសចំណុចស្នូលនៃបាតុកម្មហិង្សា បានឆ្លងកាត់រាត្រីកាលស្ងប់ស្ងាត់មួយក្ដី ក៏ភាពចលាចលបានបន្តឆ្លងរាលដាលសម្រាប់យប់់ទី៧ជាប់ៗគ្នា ដែលប៉ះពាល់ដល់ទីក្រុងអាមេរិកយ៉ាងតិច១៤០ ជាមួយការចាប់ខ្លួនមនុស្សច្រើនរយនាក់ ហើយប៉ូលិសនិងបាតុករច្រើននាក់ក៏រងរបួសដែរ ។ នៅក្រុងញូវយ៉កហាងទំនិញធំៗជាច្រើននៅតាមមហាវិថីទី៥ដែលល្បីល្បាញនាកណ្ដាលសង្កាត់ម៉ាន់ហាតាន់ រងការវាយប្រហារប្លន់នាយប់ថ្ងៃទី១ មិថុនា ។ បម្រាមគោចរណ៍ពេលយប់ត្រូវពន្យាររហូតដល់ថ្ងៃទី៧មិថុនា និងមានជាធរមានចាប់ពីមោ៉ង២០ទៅ ។
អំពើប្លន់ត្រូវបានអភិបាលរដ្ឋញូវយ៉កលោកANDREW CUOMO ចាត់ទុកថាមិនអាចអត់ឱនឲ្យបាន ។ តែដោយរិះគន់អភិបាលក្រុងញូវយ៉កនិងប៉ូលិស លោកបានបដិសេធមិនកេណ្ឌប្រមូលកងឆ្មាំជាតិ ដូចមាននៅក្នុងទីក្រុងនានានិងតាមការទាមទាររបស់លោកដូណាល់ ត្រាំ ។
ក្នុងសុន្ទរកថាបង្ហាញសាច់ដុំមួយ ប្រធានាធិបតីអាមេរិក កាលពីយប់ថ្ងៃទី១ មិថុនាបានប្រកាសពីការដាក់ពង្រាយកងទាហានប្រដាប់អាវុធនិងកងកម្លាំងប៉ូលិសច្រើនម៉ឺននាក់ដើម្បីបញ្ចប់ការបះបោរនិងការប្លន់ ។ លោកបានអំពាវនាវដល់បណ្ដាអភិបាលក្រុង និងរដ្ឋឲ្យគ្រប់គ្រងបណ្ដាវិថី ដោយគំរាមបញ្ជូនកងទ័ពដើម្បីដោះស្រោយឲ្យបានឆាប់បញ្ហាដែលកើតមាន ។
ទោះជាយ៉ាងនេះក្ដី ពួកបាតុករបានបំពានបំរាមគោចរណ៍ពេលយប់ ដែលបង្កើតឡើងក្នុងរដ្ឋធានីសហព័ន្ធដែលនៅទីនោះឧប្បត្តិហេតុនានាត្រូវបានរាយការណ៍ ហើយប៉ូលិសបានចាប់ខ្លួនមនុស្សជាង៣០០នាក់ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ