ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ស្ទឹង​ស្តៅ​នៅ​កណ្តាល​ព្រៃ​ដែល​ភ្លើង​​ព្រៃ​ឆេះ​ នឹង​ស្ថាបនា​រួចរាល់ឆាប់ៗ​នេះ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ស្ពាន​ស្ទឹង​ស្តៅ ស្ថិត​នៅ​ភូមិសុច ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ដែល​ជា​ស្ពាន​ឆ្លង​ឆ្ពោះ​ទៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក​និង​ភ្នំ​ត្នោត រហូត​មក​ដល់​ពេល​នេះ​ស្ថាបនា​បាន​ប្រហែល​៩០%​ហើយ ហើយនឹង​ស្ថាបនា​រួចរាល់​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ។…

ខេត្តព្រះវិហារ ៖ ស្ពាន​ស្ទឹង​ស្តៅ ស្ថិត​នៅ​ភូមិសុច ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ដែល​ជា​ស្ពាន​ឆ្លង​ឆ្ពោះ​ទៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក​និង​ភ្នំ​ត្នោត រហូត​មក​ដល់​ពេល​នេះ​ស្ថាបនា​បាន​ប្រហែល​៩០%​ហើយ ហើយនឹង​ស្ថាបនា​រួចរាល់​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការ​ស្ថាបនា​ស្ពាន​ស្ទឹង​ស្តៅ លោក គោ ស៊ុំ​ប៊ុ​ន​សឿ​ត អភិបាលខេត្ត​ស្តីទី មាន​ប្រសាសន៍​ថា ការ​ស្ថាបនា​ស្ពាន​ស្ទឹង​ស្តៅ​ថ្មី​នេះ​គឺ​ដោយសារ​តែ​ស្ពាន​ចាស់​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​​ទៅ ។ ភ្លាម​ៗ​នោះ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្ត បាន​ចាត់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​និង​សិក្សា ដើម្បី​ស្ថាបនា​ស្ពាន​ខាងលើ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​បំផុត ។

លទ្ធផល​ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ស្ពាន​ស្ទឹង​ស្តៅ​ថ្មី​នេះ​ស្ថាបនា​ជិត​រួចរាល់​ទាំងស្រុង​ហើយ នឹង​គ្រោង​ឲ្យ​បាន​រួច​រាល់​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ដាក់​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​តាម​តម្រូវការ ខណៈ​រដូវវស្សា​ចាប់ផ្ដើម​មក​ដល់ ព្រោះ​បើ​គ្មាន​ស្ពាន​ឆ្លង​ទេ​ពិតជា​ជួប​ការ​លំបាក ។

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ថ្លែង​ថា ស្ពាន​នេះ​ស្ថាបនា​ជា
ប្រភេទ​ស្ពាន​បេ​ឡេ​ត៍ ក្រាល​ឈើ មាន​ទទឹង​៤,២​ម៉ែត្រ និង​មាន​ប្រវែង​៥៨​ម៉ែត្រ បច្ចុប្បន្ន​ក្រុម​ការ​ងារ​កំពុង​តែ​មមាញឹក​ស្ថាបនា​ស្ពាន​នេះ​ឲ្យ​បាន​រួចរាល់​នៅ​ស​ប្តា​ហ៍​ក្រោយ ។

លោក​ប្រធាន​មន្ទីរ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ មិន​ត្រូវ​ដឹក​ទំនិញ លើស​ទម្ងន់​កំណត់​ឡើយ ហើយ​ម្យ៉ាងទៀត​មន្ទីរ​ជំនាញ​នឹង​កំណត់​មិន​ឲ្យ​រថយន្ត​ដែល​មាន​កម្ពស់​ចាប់ពី​២,៥​ម៉ែត្រ​ឡើង​ឆ្លងកាត់​ឡើយ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​រក្សា​បាន​នូវ​គុណភាព​ស្ពាន​សម្រាប់​ការ​ប្រើប្រាស់​បាន​យូ​អង្វែង ។

ក្នុង​ឱកាស​នោះ លោក បេន ដេ​វី​ស ជន​ជាតិ​អា​មេ​រិ​ក និង​ជា​សកម្មជន​ការពារ អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​ភ្នំ​ត្នោត បាន​សម្តែង​នូវ​អា​រម្ម​ណ៍​រីករាយ​យ៉ាង​ខ្លាំង និង​បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ ដែល​បាន​យកចិត្ត​ទុក​ដាក់​និង​ព​ន្លឿ​ន​ការ​ស្ថាបនា​ស្ពាន​នេះ សម្រាប់​ឲ្យ​ប្រជាពល​រដ្ឋ​បាន​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ ។

លោក​និយាយ​ថា រដូវ​នេះ​ជា​រដូវវស្សា ប្រជា​ពលរដ្ឋ​និង​រូប​លោក​ផ្ទាល់​ដែល​រស់នៅ​ទី​នេះ នឹង​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ លែង​លំបាក​ដូច​មុន​ទៀត​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ