CNC បង្កើត​ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​មួយទៀត​ហើយ​!


រាជធានី​ភ្នំពេញ ៖ សង្វៀន​ទូរទស្សន៍​CNC​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា​«​អា​ឡិច​ហ្ស​ង់​ដែនដី​ប្រយុទ្ធ​គុន​ខ្មែរ​»​។ នេះ​បើ​យោង​តាម​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ទូរទស្សន៍​CNC​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០២០​។

លោក ម៉ុ​ល រ៉ា​ស៊ី ប្រធាន​ផ្នែក​លក់​ទូរទស្សន៍​CNC​បានឱ្យ​ដឹង​ថា វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​សព្វថ្ងៃ​កំពុង​តែ​មានការ​រីក​ចម្រើន​និង​ល្បីល្បាញ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​លើ​ពិភពលោក ។ ជាមួយ​គ្នា​នេះ​ដែរ CNC ក៏​ជា​ផ្នែក​មួយ​បាន​ចូលរួម​ជួយ​ជំរុញ​និង​លើកមុខ​មាត់​ប្រដាល់​គុន​ខ្មែរ​របស់​យើង​នេះ​ដែរ ។ ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​មរតក​ដូនតា​របស់​យើង​កាន់តែ​បង្កើន​នូវ​ភាព​ល្បីល្បាញ​ថែម​ទៀត CNC​បាន​នាំ​មក​នូវ​កម្មវិធី​ប្រដាល់​ថ្មី​មួយទៀត​គឺ​«​អា​ឡិច​ហ្ស​ង់​ដែនដី​ប្រយុទ្ធ​គុន​ខ្មែរ​»​។

កម្មវិធី​នេះ​នឹង​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​ចាប់ពី​ស​ប្ដា​ហ៍​នេះតទៅ​នៅ​សង្វៀន​ឬ​ស្សី​កែវ​រៀង​រាល់ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​Alexand ហើយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​អ្នក​ផ្ដល់​កីឡាករ​និង​មន្ត្រី​បច្ចេកទេស ។ កម្មវិធី​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​យក​កីឡាករ​ចំនួន​១០​រូបរៀង​រាល់​ការ​ប្រកួត​ដោយ​ក្នុង​នោះ​មាន​ចំនួន​២​គូ​គឺ​គូប្រកួត​ទី​៣​និង​ទី​៥​ទទួល​បាន​តម្លៃ​ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ​។

ដោយឡែក គូប្រកួត​ទី​៥​អ្នក​ឈ្នះ​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​បន្ថែម​រហូត​ដល់​ទៅ​២​លាន​រៀល​ឯណោះ​។

លោក ជ័យ ឧត្តម ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុនស្រា​Alexand​បានឱ្យ​ដឹងផង​ដែរ​ថា​គោល​បំណង​​សំខាន់​ដែល​ក្រុមហ៊ុន​ចូលរួម​ជួយ​ឧបត្ថម្ភ​ការ​ប្រកួត​កីឡាប្រដាល់​នា​ពេល​នេះ​គឺជា​ការ​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត ។ មិនតែប៉ុណ្ណោះ​ក៏​ដើម្បី​ចូលរួម​លើក​ស្ទួយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​មាន​ជីវភាព​ធូរធារ​ថែម​មួយ​កម្រិត​ទៀត ។ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ផ្ដាំផ្ញើរ​ទៅ​ដល់​កីឡា​ករ​និង​គណៈកម្មការ​បច្ចេកទេស​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ការពារ​និង​បង្ការ​​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

លោក​ឧត្តមសេនីយ៍ ងិ​ន ភិ​រម្យ អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ផ្ដាំផ្ញើរ​ទៅ​ដល់​មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល​ទាំងអស់ ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​រាល់​ការ​កាត់ក្ដី​ត្រូវ​ឱ្យ​មាន​ភាព​យុត្តិធម៌​មិន​លំអៀង​។​លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​មេរោគ​កូ​វី​ដ​-១៩​កំពុង​តែ​រាតត្បាត​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក​ក្នុង​នោះ​រួម​ទាំង​កម្ពុជា​យើង​ផង​ដែរ ។ ប៉ុន្តែ​មួយ​រយៈ​មកនេះ​យើង​ព្យា​បាល​ជា​សះស្បើយ​បាន​១០០% ប៉ុន្តែ​យើង​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំឱ្យ​រលក​នៃ​ការ​ឆ្លង​លើក​ទី​២​កើតឡើង​ម្ដងទៀត ។

អ្វី​ដែល​ធ្វើ​ឱ្យ​យើង​អាច​ដំណើរការ​ប្រកួត​ឡើង​វិញ​បាន​នា​ពេល​នេះ​ដោយសារ​តែ​មានការ​អនុ​ញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០២០ លោក​បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​មានការ​ប្រកួត​ឡើង​វិញ ប៉ុន្តែ​ក្នុង​លក្ខណៈ​ប្រកួត​បិទទ្វារ​បាន​​ន័យ​​ថា​មិន​ឱ្យ​មាន​អ្នក​ចូល​ទស្សនា​ផ្ទាល់​នោះ​ទេ ។

ក្នុង​នាមរូប​លោក​តំណាង​ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​ខ្មែរ​ទាំងមូល លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​ស្ថានីយទូរទស្សន៍ CNC ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុនស្រា​Alexand​រៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​នេះ​ឡើង ធ្វើ​ឱ្យ​កីឡាករ​ប្រដាល់​មាន​សកម្មភាព​ប្រកួត​ឡើង​វិញ​អាច​រក​ប្រាក់​កម្រៃ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​បាន ។ លោក​សង្ឃឹមថា គណៈកម្មការ​បច្ចេកទេស ចៅ​ក្រម អាជ្ញាកណ្ដាល​ទាំងអស់​នឹង​ខិតខំ​អនុវត្ត​ការ​ប្រកួត​ឱ្យ​បាន​រលូន​ចាប់ពី​ពេល​នេះ​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ