ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! មេខ្យល់​ទាំង​២​នាក់​នាំ​ពល​រដ្ឋ​​ឆ្លង​ដែន រួច​ដេក​កណ្តាល​ព្រៃ​ចំការ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ដែល​នាំ​ពលរដ្ឋ​ប្រុស​ស្រី ក្មេង​ចាស់​ពី​ខេត្តសៀមរាប ចូល​ទៅ​បំរើ​ការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់ ចំនួន​១៩​នាក់ រួច​ប្រគល់​ឲ្យ​ប៉ូលិស​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ដែល​នាំ​ពលរដ្ឋ​ប្រុស​ស្រី ក្មេង​ចាស់​ពី​ខេត្តសៀមរាប ចូល​ទៅ​បំរើ​ការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់ ចំនួន​១៩​នាក់ រួច​ប្រគល់​ឲ្យ​ប៉ូលិស​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ហេតុការណ៍​ឃាត់ខ្លួន​បុរស​២​នាក់​នាំ​ពលករ​ខុសច្បាប់​នោះ បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ឃុំ​សិង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្តសៀមរាប​ដែល​ទៅ​ទទួលយក​ជនសង្ស័យ​ពី​សមត្ថកិច្ច​ខេត្តបន្ទាយ​មាន​ជ័យ​នោះ បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ​មាន ១. ឈ្មោះ ទួន ទី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​២-​ឈ្មោះ តិច សត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​គោក​ដូង ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ជា​មេខ្យល់ ហើយ​អ្នក​ទាំង​២​នាក់​ត្រូវ​ឃាត់ខ្លួន​តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា ពួក​ខ្លួន​ទាំង​ពីរ​នាក់ បាន​ទំនាក់ទំនង​ថៅកែ​នៅ​ប្រទេស​ថៃ ( រាក់​យ៉ង ) ត្រូវការ​កម្មករ​ទេ ពេល​នោះ​ថៅកែ​ថា «​ត្រូវការ​» ខ្លួន​ក៏​ជ្រើសរើស​ពលករ​ទាំង​អស់នេះ ហើយដោយ​សន្យា​ថា មិនបាច់​មាន​លិខិតឆ្លងដែន​ទេ គឺ​គេ​យក​ម្នាក់ 3000 បាត​ពី​ថៅកែ ហើយ​រត់ការ​ឆ្លង​ដែន​ដល់​រាក់​យ៉ង ប្រទេស​ថៃ បាន​ធ្វើការ ទើប​ថៅកែ​កាត់​ប្រាក់ខែ​ពី​ពលករ​វិញ​ម្នាក់ ៣០០០​បាត ។

ចំ​ណែ​ល​ឯ​ពលករ​ទាំង​១៥​នាក់​បាន​ឆ្លើយ​ថា មេខ្យល់​ទាំង​២​នាក់​នេះ បាន​សន្យា​ថា នឹង​នាំ​ពួក​ខ្លួន​ទាំងអស់​គ្នា​ទៅ​ដល់ រាក់​យ៉ង (​ប្រទេស​ថៃ​) បានការ​ងារ​ធ្វើ ទើប​កាត់​ប្រាក់ខែ​ឈ្នួល​ម្នាក់ ៣០០០ បាត​វិញ ការ​ធ្វើ​ដំណើរ​ពុំ​មាន​លិខិតឆ្លងដែន​ទេ លុះដល់​ព្រំដែន​ភូមិ​ក្លិន​ទា ឃុំ​សឹ​ង្ហ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​បញ្ជូន​មក​វិញ​តែ​ម្តង​។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​ការ​ឃាត់ខ្លួន​បាន​បុរស​២​នាក់ ដែល​បាន​នាំ​ប្រជាពលរដ្ឋ​ពី​ខេត្ត​សៀម​រាប ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ឆ្លង​ដែន​ខុសច្បាប់ ចំនួន​១៩​នាក់ ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ជំទាវ យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ឲ្យ​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រួម​ទាំង​អស់លោក លោកស្រី​ក្រុមការងារ​ទទួល​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ពី​ក្រៅប្រទេស ដើម្បី​ទៅ​ទទួល​បងប្អូន​ពី​អាជ្ញាធរ​ឃុំ សិង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាម​ការ​បញ្ជាក់​របស់​លោក​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​២២​និង ៣០​នាទី​នា​រាត្រី​ថ្ងៃ​ទី​២៨ ខែឧសភា ដោយ​ទទួល​ព័ត៌មាន​ពី​អ្នក​ចាំចំកា​រថា មាន​បងប្អូន​ពលរដ្ឋ និង​កូន​តូច​ៗ​ចំនួន​១៩​នាក់ មក​ពី​ស្រុក​ពួក ខេត្តសៀមរាប ធ្វើ​ដំណើរ​តាម​រយៈ​មេខ្យល់ យក​មក​ទម្លាក់​ចោល​ឲ្យ​ដេក​នៅ​កណ្តាល​ព្រៃ​ចំការ ចំណុច​ក្លិន​ទា ភូមិ​រុន ឃុំ​សិង្ហ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ហើយ​នៅ​ពេល​សួរនាំ​ពួក​គាត់​ថា គឺ​ដោយសារ​អ្នក​បើករថយន្ត​នោះ​វង្វេងផ្លូវ ហើយ​ទម្លាក់​ពួក​គាត់​ទុក​នៅ​ក្នុង​ព្រៃ និង​បាន​បើករថយន្ត​រត់​ចោល​បាត់ ។ ក្រោយមក​ត្រូវ​បាន​លោក ម្លិះ ប៊ុ​ន​ថន បាន​ដឹក​តាម​រថយន្ត​នាំ​មក​ឲ្យ​សម្រាក​នៅផ្ទះ​របស់​ខ្លួន លុះ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា​នេះ ក៏​ដឹក​យក​មក​ប្រគល់​ឲ្យ​សាលាឃុំ​សិង្ហ រង់ចាំ​អាជ្ញាធរ​ខេត្តសៀមរាប មក​ទទួលយក។

ក្នុង​ឱកាស​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១៩​នាក់​នោះ លោក​ជំទាវ យូ សុភា ក៏​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ពី​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ចូល​ទៅ​ប្រទេស​ជិតខាង តាម​ច្រករបៀង​នានា និង​សុំ​ឲ្យ​បងប្អូន​កុំ​ឲ្យ​ចាញ់​ឧបាយកល​របស់​មេខ្យល់ ដោយ​នាំ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ជិតខាង ខណៈ​ពេល​ដែល​ប្រទេស​ប​ជិតខាង​កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ជំទាវ​ក៏​បាន​លើក​ផង​ដែរ​ថា ទោះបី​មាន​ភាព​ធូរស្រាល​ពី​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ក៏​ពិតមែន តែ​ភាព​ក្តៅ​គគុក​នៅ​លើ​ពិភពលោក​នៅ​តែ​បន្ត​រីក​រាលដាល សំខាន់​នៅ​ប្រទេស​ជិត ខាងយើង​នេះ ក៏​នៅ​តែ​ប្រឈម​ទៅ​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​នេះ​នៅឡើយ ព្រមទាំង​បន្ត​ដាក់​ប្រទេស​របស់​ខ្លួន​ក្នុង​គ្រាអាសន្ន​ទៀត​ផង ។

ដោយ​កត្តា​នេះ ហើយ​បាន​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បន្ត​វិធានការ ការ ពារ​ជំងឺឆ្លង​កូ​វី​ដ​១៩ នឹង​ត្រូវ​អនុវត្ត​គ្មាន​ទី​បញ្ចប់ បើសិនជា​ស្ថានភាព​ពិភពលោក​ត្រូវ​អូស​បន្លាយ​បន្ត​ទៀត ដើម្បី​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​រលក​ទី​២​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ហើយ​បច្ចុប្បន្ន​នេះ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលា​ការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ