ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ា ចាន់​ថន ប្រកាស​សងសឹក​បង្គោល​ក្រហម ន​ន់ ជំនិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០២០ កីឡាករ​វ័យក្មេង​កំពុង​ឡើង​កូដ ន​ន់ ជំនិត មក​ពី​ក្លិប​ស្វាយ​រលំ​មាន​រិ​ទ្ធិ នៅ​តែ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ឡើង​កូដ​ពេញកម្លាំង​ដូច​គ្នា…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០២០ កីឡាករ​វ័យក្មេង​កំពុង​ឡើង​កូដ ន​ន់ ជំនិត មក​ពី​ក្លិប​ស្វាយ​រលំ​មាន​រិ​ទ្ធិ នៅ​តែ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ឡើង​កូដ​ពេញកម្លាំង​ដូច​គ្នា ហ៊ា ចាន់​ថន ដែល​ក្នុង​ពេល​នោះ​គឺ​មានការ​លើក​ឡើងជា​ច្រើន​ថា កីឡាករ​ទាំង​ពីរ​បើ​ត្រូវ​ប៉ះ​គ្នា គឺ ន​ន់ ជំនិត នឹង​អាច​បាក់មុខ​នោះ ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ទទួល​ជោគជ័យ​លើ​គូប្រកួត​ទាំង​លំបាក កីឡាករ ន​ន់ ជំនិត ត្រូវ​បាន​ដៃគូ​ប្រកាស​ថា ចង់​ជួប​សងសឹក​ជា​ថ្មី ដោយ​កីឡាករ​បង្គោល​ក្រហម​រូប​នេះ ប្រកាស​ថា មិន​ខ្លាច​នោះ​ទេ ដោយ​លោក​នឹង​បង្កើន​សមត្ថភាព​ឱ្យ​ល្អ​ជាង​នេះ ដើម្បី​កុំឱ្យ​ខ្មាស​គូប្រកួត និង​ចង់​រក្សា​ក្រេ​ឌី​ត​កុំឱ្យ​ថមថយ​នោះ​ផង​។

យោង​តាម​ការ​ប្រកួត​ដែល​ទើបតែ​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ចុង​ស​ប្ដា​ហ៍ ម្នាក់​ៗ​សុទ្ធតែ​មើលឃើញ​ថា ន​ន់ ជំនិត មានការ​ប្រែប្រួល​សមត្ថភាព​ឈាន​ឡើង​ដោយ​សូ​ម្បី​បច្ចេកទេស​ក៏​នៅ​តែ​ល្អ​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​ដែរ បើ​ទោះជា​ដំណាក់កាល​នេះ​កីឡាករ​ភាគច្រើន​ត្រូវ​គេ​ដឹង​ថា មិនសូវ​បាន​ហ្វឹកហាត់ ហើយ​ម្នាក់​ៗ​ថមថយ​កម្លាំង​ជាង​មុន​ក៏​ដោយ ។ ភាព​ប្រែប្រួល​របស់​លោក​ដែល​គេ​សម្គាល់​ឃើញ​នោះ គឺ​កម្លាំង និង​សមត្ថភាព ដែល​កន្លង​មក​ធ្លាប់តែ​ល្អ​មធ្យម តែ​សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃ​នោះ កីឡាករ ន​ន់ ជំនិត កាន់តែ​ធ្វើ​បាន​ល្អ រហូត​អ្នកគាំទ្រ​តាម​វី​ដេ​អូ​Live លើ​ផេ​ក និង​លើ​កញ្ចក់​ទូរទស្សន៍​លាន់មាត់​។

ខណៈ​ដែល​កីឡាករ​ភាគច្រើន​ត្រូវ​គេ​មើលឃើញ​ថា មិនសូវ​ប្រកួត​អស់ដៃ​ព្រោះ​អាង​ថា​គ្មាន​អ្នក​ទស្សនា តែ​សម្រាប់ ន​ន់ ជំនិត គឺ​ប្ដូរ​ការ​គិត​បែប​នេះ​បាន​សម្រេច ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​កីឡាករ​ឡើង​កូដ​ម្ខាង​ទៀត អន់ចង់​នោះ​ផង បើ​ទោះជា ហ៊ា ចាន់​ថន ក៏​បញ្ចេញថ្វីដៃ​មិនធម្មតា​ដែរ​នោះ​។

ការ​ប្រកួត​ជាមួយ​កីឡាករ ហ៊ា ចាន់​ថន គឺ​ដ្បិតថា​បាន​បំបាក់​គូប្រកួត​ឱ្យ​ចាញ់​ដោយ​ពិន្ទុ ហើយ​វាយ​ធ្វើ​ឱ្យ​បង្គោល​ខៀវ​ដែល​បរាជ័យ​ឱ្យ​អស់ចិត្ត ស្រប​ពេល​ដែល​សមត្ថភាព​នៅ​ក្នុង​ការ​ប្រកួត​របស់​គេ​ក៏​ល្អ ។ កីឡាករ​ជើង​ខ្លាំង ដែល​កំពុង​មានការ​កត់សម្គាល់​រូប​នេះ កាន់​តែ​មាន​ភាព​រហ័ស និង​កែង​ល្អ ដែល​ត្រូវ​គេ​កត់​សម្គាល់ថា​មិន​ស្ទក់ មិន​ស្ពឹក និង​វាយ​ចំ​គោលដៅ​ទៀត​ផង ។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​បង្គោល​ខៀវ ហ៊ា ចាន់​ថន ត្រូវ​គេ​ឃើញ​វាយ​ចេញ​បាន​ល្អ​ទៅ​កាន់​រៀមច្បង ហើយ​បើ​កុំ​តែ​ភ្លាត់ និង​ខ្សោយ​បច្ចេកទេស​ជាង​បន្តិច ប្រហែល​ន​ន់ ជំនិត ក៏​ពិបាក​ស៊ី​ដែរ​។ យ៉ាងណាមិញ បង្គោល​ខៀវ​ជើង​ខ្លាំង​រូប​នេះ នៅ​តែ​មាន​ក្លេ​គ្រប់ពេល​គូប្រកួត​វាយ​បំ​បុក បើ​ទោះជា​មើលទៅ​រាង​ចាញ់​ប្រៀប​លើ​បច្ចេកទេស​ជាង​អ្នក​ឈ្នះ​បន្តិច​ក្ដី​។

កីឡាករ​ជើង​ខ្លាំង​បង្គោល​ខៀវ ហ៊ា ចាន់​ថន បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បរាជ័យ​ដែល​បាន​កើតឡើង ដោយ​លោក​ប្រកាស​ថា​នឹង​សុំ​សងសឹក ដើម្បី​ស្ទង់​កម្លាំង​ម្ដងទៀត​។ លោក​សារភាព​ថា មួយ​រយៈ​ចុង​ក្រោយ​លោក​ពិបាក​ក្នុង​ការ​ថែរក្សា​កម្លាំង​ឱ្យ​ល្អ ពោល​គឺ​ចាប់តាំងពី​រឿង​កូ​វីត​១៩​កើតឡើង ហើយ​គីឡូ​ក៏​ឡើង​ដល់​៦៩​នោះ គឺ​រឹតតែ​ពិបាកធ្វើ​ឱ្យ​លោក​អាច​រក្សា​កម្លាំង​ស៊ុ​ហ្វ​បាន​ល្អ ប៉ុន្តែ​លោក​នឹង​ប្រឹង​ស្ទុះស្ទារ​។

លោក​ថា ហេតុផល​នៃ​ការ​ប្រែប្រួល​ហើយ​បណ្ដោយ​ឱ្យ​រូបរាង​ឡើង​គីឡូ ធ្វើ​ឱ្យ​ប៉ះពាល់​កម្លាំង​ក្នុង​ការ​ប្រដាល់​នោះ មិនមែន​ដោយសារ​លោក​មិន​យកចិត្តទុកដាក់​នឹង​ការ​ហ្វឹកហាត់​នោះ​ទេ តែ​បណ្ដាល​មក​ពី​វ័យ​ក៏​ពិបាក​រក្សា​គីឡូ​ឱ្យ​នៅ​នឹង ហើយ​បណ្ដាល​មក​ពី​ស្ថានភាព​ជីវភាព​ក៏​មិន​អាច​ឱ្យ​លោក​រក្សា​សុខភាព និង​សមត្ថភាព​បាន​ល្អ ទើប​លោក​ប្រែប្រួល​សមត្ថភាព​បែប​នេះ​។ កីឡាករ ហ៊ា ចាន់​ថន បាន​អះអាង​ថា លោក​មិន​បណ្ដោយ​ឱ្យ​ការ​ប្រកួត​របស់​ខ្លួន​ធ្លាក់​កូដ​នោះ​ទេ គឺ​នឹង​ប្រឹង​ហ្វឹកហាត់​ឱ្យ​ល្អ ដើម្បី​សងសឹក​ន​ន់ ជំនិត យក​ក្រេ​ឌី​ត​វិញ​ឱ្យ​ខាង​តែ​បាន​នោះ​ផង​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា កីឡាករ ន​ន់ ជំនិត និង​ហ៊ា ចាន់​ថន មិនមែន​ជា​កីឡាករ​ថ្មី​នោះ​ទេ ប៉ុន្តែ​គេ​នៅ​តែ​ល្អ​លើ​ផ្នែក​សមត្ថភាព និង​កម្លាំង​ស៊ុ​ហ្វ ។ លោក​ថា ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ មិន​ថា​ដាក់​ឱ្យ​ប្រកួត​ប៉ះ​ជាមួយ​អ្នក​ណា ក៏​មិន​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​ម្ដងណា​នោះ​ដែរ ។

លោក​មាន​គម្រោង​ឱ្យ​អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ជា​ថ្មី ប៉ុន្តែ​ត្រូវ​រង់ចាំ​មើល​ភាព​ជាក់ស្ដែង​សិន ដោយ​សារ​​តែ​កីឡាករ​ច្រើន​ត្រូវ​ឡើង​ប្រកួត​វិល​ជុំ ហើយ​ក៏​ទាមទារ​ឱ្យ​មានការ​ព្រមព្រៀង និង​ការ​ត្រៀម​ខ្លួន​ពី​ភាគី​ទាំង​ពីរ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ