ខេត្តបាត់ដំបង៖ «តម្លៃត្រសក់ពេលនេះឡើងដល់ ១,៨០០រៀល ទៅ ១,៩០០រៀល ក្នុង ១គីឡូក្រាម ហើយដំណាំត្រសក់ខ្ញុំដែលដាំលើផ្ទៃដីសរុបជិត ៤ហិចតា ក៏នឹងត្រៀមប្រមូលផល បណ្ដើរៗ នាប៉ុន្មានថ្ងៃខាងមុននេះ ហើយក៏មានម៉ូយធំៗកុម្ម៉ង់ទិញទុកមុនអស់ហើយដែរ» ។
នេះជាការលើកឡើងរបស់ម្ចាស់ចម្ការម្នាក់ដែលនិយាយទាំងទឹកមុខញញឹមពព្រាយ លាយ ឡំនឹងកាយវិកាដែលបង្ហាញថា គាត់កំពុងសប្បាយចិត្តខ្លាំងបំផុត ជាមួយនឹងកម្លៃកសិផល ដែលឡើងខ្ពស់មិនធ្លាប់មានពីមុនមក ។
ចាត់ទុកថា ជាកសិករមួយរូបដែលមានមហិច្ឆិតាខ្ពស់បំផុត ក្នុងការដាំដំណាំត្រសក់នៅលើផ្ទៃដីរហូតដល់ទៅជិត ៤ហិចតា បន្ទាប់ពីបានជ្រាប អំពីគោលនយោបាយរបស់រាជរដ្ឋា ភិបាល ដែលបានអំពាវនាវថ្មីៗដល់អាជ្ញាធរ ឬ មន្ត្រីជំនាញ ឲ្យជួយជំរុញ និងលើកទឹកចិត្តដល់ ប្រជាកសិករឲ្យងាកទៅដាំដំណាំកសិកម្មគ្រប់មុខ ( បន្លែ ) ដើម្បីបំពេញតាមតម្រូវការទីផ្សារ ក្នុងប្រទេស ខណៈបន្លែគ្រប់ប្រភេទ ដែលនាំចូលពីប្រទេសជិតខាងត្រូវបានផ្អាកមួយរយៈ សិន ។
លោក សិន ឈឿត ជាកសិកររស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ដែលលោក និងកូនៗចំនួន ៣គ្រួសារទៀតបានមូលមតិគ្នាជួលដីកសិកម្មមួយកន្លែងនៅឯជាយក្រុង ដែល មានទំហំជិត ៤ហិចតា ស្ថិតក្នុងភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដើម្បី ដាំដំណាំត្រសក់ ។
កសិករដែលមានវ័យ ៦៥ឆ្នាំ រូបនេះបានប្រាប់ «កោះសន្តិភាព » ឱ្យដឹង កាលពីថ្ងៃទី ១០ខែឧសភា នេះថា «បច្ចុប្បន្នផ្លែត្រសក់មានតម្លៃថ្លៃគួរសម ពេលនេះត្រសក់ខ្ញុំ មានម៉ូយធំៗមកកុម្ម៉ង់ទិញទុកមុនអស់ហើយ បើទោះជាមិនទាន់ដល់ថ្ងៃបេះក្ដី គឺក្នុងតម្លៃ ១គី ឡូក្រាមពី ១,៨០០រៀល ទៅ ១,៩០០រៀល ។ ប៉ុន្តែខ្ញុំនឹងចាប់ផ្ដើមបេះលក់បណ្ដើរៗ នាប៉ុន្មាន ថ្ងៃខាងមុខនេះ ព្រោះកន្លែងខ្លះខ្ញុំអាចបេះបានហើយ» ។
ចម្ការត្រសក់របស់លោក សិន ឈឿត មានផ្ទៃដីជិត ៤ហិចតា បែងចែកជា ២ទីតាំង និងលាត សន្ធឹងល្វឹងល្វើយជាមួយនឹងការរៀបចំយ៉ាងមានរបៀបតាមលក្ខណៈបច្ចេកទេស ដែលមើល ទៅហាក់ដូចជាសួនច្បារដ៏គួរឲ្យចាប់អារម្មណ៍បំផុត ។
គេឃើញទីតាំងខ្លះទើបនឹងចាប់ផ្ដើមដាំ ទីតាំងខ្លះដើមត្រសក់ទើបលូតលាស់ផុតពីដីបន្តិច រីឯកន្លែងខ្លះទៀតមានផ្កាផ្លែ ដែលម្ចាស់ ត្រៀមប្រមូលផលខាងមុខនេះ ។ តាមលក្ខណៈបែបនេះម្ចាស់ចម្ការនឹងអាចប្រមូលផលត្រស ក់នេះលក់ជាបន្តបន្ទាប់ ។
នៅក្នុងដីចម្ការដ៏ល្វឹងល្វើយលោក សិន ឈឿត បាននិយាយទាំងទឹកមុខញញឹមមិន ដាច់ថា ដីកសិកម្មជិត ៤ហិចតានេះ មាន ២កន្លែងនៅក្បែរគ្នា ។ ដីនេះលោកបានជួលគេក្នុង តម្លៃ ៤០០ដុល្លារក្នុង ១ហិចតា និងបានកុងត្រារយៈពេល ១ឆ្នាំ ដើម្បីដាំដំណាំត្រសក់ ។ គាត់ បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណាំត្រសក់ដែលដាំលើផ្ទៃដីល្វឹងល្វើយនេះ មិនមែនខ្ញុំធ្វើម្នាក់ ឯងទេ គឺមានគ្នាចំនួន ៤គ្រួសារ តែសុទ្ធសឹងជាកូនចៅខ្ញុំទាំងអស់» ។
លោក ឈឿត បានប្រា ប់បន្ថែមថា រាល់ឆ្នាំខ្ញុំមិនដែលធ្វើលើទំហំដីដ៏ធំបែបនេះទេ តែឆ្នាំនេះខ្ញុំប្រមូលកូនចៅធ្វើជុំគ្នា ។ ព្រោះឃើញព័ត៌មានគេផ្សព្វផ្សាយអំពីប្រសាសន៍សម្ដេច ហ៊ុន សែន ប្រកាសផ្អាកការនាំចូល បន្លែពីប្រទេសជិតខាង ហើយជំរុញឲ្យកសិករសម្រុកដាំបន្លែ ដើម្បីលក់ក្នុងស្រុកវិញ ទើបខ្ញុំ សម្រេចខ្ចីបុលប្រាក់គេ ដើម្បីធ្វើទុនពង្រីកដីដាំដំណាំនេះតែម្ដង» ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសា សកាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ និង អាជ្ញាធរដែនដី ត្រូវជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបង្កើនការដាំដុះនូវបន្លែគ្រប់មុខ ដើម្បីតម្រូវការ លើទីផ្សារក្នុងប្រទេស ខណៈតាមបណ្ដាច្រកទ្វារព្រំដែន ត្រូវបានសម្ដេចប្រកាសឲ្យផ្អាកនាំ ចូលបន្លែបង្ការ ពីប្រទេសជិតខាងជាបណ្ដោះអាសន្ន ស្របពេលមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ថ្មី ដែលបានរីករាលដាលស្ទើរពាសពេញពិភពលោក រាប់ទាំងប្រទេសកម្ពុជាផង ។
ជុំវិញការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះគេបានសង្កេតឃើញថា ប្រជា កសិករមួយចំនួនដែលនិយមដាំដំណាំកសិកម្ម ហាក់បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដាំដុះ រីឯតម្លៃកសិផលខ្លះ (បន្លែ) ក៏ហាក់មានទីផ្សារគ្រាន់បើដែរ ។ មន្ត្រីកសិកម្មម្នាក់បាននិយាយថា ពេលនេះប្រជាកសិករបានស្ទុះស្ទារដាំដំណាំស្ទើរ គ្រប់កន្លែង ដែលជាការឆ្លើយតបទៅនឹង គោលការរបស់រដ្ឋាភិបាល តែពួកគាត់ហាក់ជួបផលវិ បាកបន្តិច គឺខ្វះខាតទឹកស្រោចស្រព ដំណាំ ប៉ុន្តែយ៉ាងណាពួកគាត់នៅតែព្យាយាម ។
ដោយឡែកសម្រាប់លោក សិន ឈឿត វិញបានប្រាប់ថា ឆ្នាំនេះគ្រួសារកូនចៅរបស់ គាត់បានចំណាយទុនច្រើនគួរសមទៅលើដំណាំត្រសក់នេះ ។ គាត់និយាយទៀតថា ដំបូង ដៃនេះគាត់ត្រូវចំណាយប្រាក់ប្រហែល ៣,០០០ដុល្លារ ទៅលើផ្ទៃដីក្នុង ១ហិចតា ដោយគិត ចាប់ពីថ្ងៃដាំរហូតដល់ថ្ងៃប្រមូលផល ។ ប៉ុន្តែជាមួយនឹងខ្ទង់ចំណាយដ៏សម្បើមនេះកសិករ ដែលមានប្រវត្តិដាំបន្លែជាង ៥ឆ្នាំ រូបនេះក៏មិនស្ទាក់ស្ទើរនឹងការបង្ហាញពីផលចំណេញដែរ ។
លោក សិន ឈឿត បាននិយាយអំពីទិន្នផលដែលប្រមូលបាន ដោយយោងទៅលើ បទពិសោធកន្លងមកយ៉ាងដូច្នេះថា «ដំណាំត្រសក់លើផ្ទៃដី ១ហិចតា អាចប្រមូលផលបាន ចន្លោះពី ៣០តោនទៅ ៤០តោន ហើយបើពិនិត្យលើដំណាំត្រសក់ខ្ញុំ ពេលនេះ គឺល្អគួរសម ដែរ ។ ដូច្នេះខ្ញុំរំពឹងថា អាចនឹងទទូលបានទិន្នផលប្រហាក់ប្រហែលគ្នា» ។ ហើយបើលក់បាន ក្នុងតម្លៃដូចខាងលើនេះមែន គឺ ខ្ញុំអាចទទូលបានប្រាក់ចំណេញជាងពាក់កណ្ដាល» ។
កសិករ រូបនេះហាក់បានបង្ហាញពីការគាំទ្រពេញទំហឹងចំពោះគោលនយោបាយរបស់សម្ដេច ហ៊ុន សែន ដែលបានប្រកាសផ្អាកការនាំចូលបន្លែនានាពីប្រទេសជិតខាងជាបណ្ដោះអាសន្ននេះ ដើម្បីទុកលទ្ធភាពឲ្យផលិតផលក្នុងស្រុកមានទីផ្សារល្អ ។ ព្រោះគាត់មានជំនឿថា បច្ចុប្បន្ននេះកសិករខ្មែរក៏មានបច្ចេកទេសដាំដុះដំណាំគ្រប់មុខបានល្អប្រសើរ និង មានគុណភាពល្អ ទៀតផង មិនចាញ់បន្លែនាំចូលពីបរទេសឡើយ ៕
ចែករំលែកព័តមាននេះ