ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​ម្នាក់ស្លា.ប់​​កាល​ជាង​១​ឆ្នាំ​មុន ថា​នាង​លង់ទឹក ការ​ពិត​! ឃាតករ​នៅ​ក្បែរ​ផ្ទះ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ករណី​កុមារី​ម្នាក់​ឈ្មោះ​ចំរើន សុខ​ជា អាយុ​៥​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ រំលង​បាន​មួយ​ថ្ងៃ…

ខេត្តកំពង់ចាម ៖ ករណី​កុមារី​ម្នាក់​ឈ្មោះ​ចំរើន សុខ​ជា អាយុ​៥​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ រំលង​បាន​មួយ​ថ្ងៃ គឺ​នៅ​វេលា​ម៉ោង​១១​និង​១២​នាទី​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៩ ក្មេង​ស្រី​​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​អណ្តែត​ក្នុង​ទឹក​ព្រែក​ ។ រឿង​វ៉ា​វ​នេះ កើតឡើង​ជាង​១​ឆ្នាំ៣ខែ​កន្លងមកហើយ ទើបតែ​ថ្ងៃ​ទី​២៨ ឧសភា ២០២០ ម្សិលមិញ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​បើក​ការ​ស៊ើបអង្កេត​ជា​ថ្មី​ម្តងទៀត ដោយ​បាន​ទទួល​ព័ត៌មាន​ថ្មី​បន្ថែម​ពី​អង្គភាព​ការពារ​កុមារ (CPU) ។

ប្រតិបត្តិការ​ស៊ើបអង្កេត​ជា​ថ្មី​នេះ គឺ​មានការ​ចូលរួម​ពី​មន្ត្រី​តុលាការខេត្ត​ផង​ដែរ ដោយ​អង្គភាព​ការពារ​កុមារ​(CPU) សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តកំពង់ចាម មន្ត្រី​ជំនាញ​កោសល្យវិច័យ រួម​និង​សមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត បាន​ចំណាយ​ពេលវេលា​ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ និង​ស៊ើបសួរ​ពី​សាក្សី ផង​ដែរ ។

យោង​តាម​ការ​ស៊ើបសួរ ជីដូន​របស់​កុមារី​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ បាន​បាត់​ខ្លួន នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទីល្ងាច​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៩ ។ ក្រោយ​ពេល​បាត់​ខ្លួន​កុមារី​រង​គ្រោះ មាន​អ្នក​ភូមិ បាន​ជួយ​នាំ​គ្នា​ដើរ​រក​ទាំង​យប់ ប៉ុន្តែ​រក​មិនឃើញ​ទេ ។ ថ្ងៃស្អែក​ឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ទើបសព​ចៅស្រី ត្រូវ​បាន​ប្រទះ​ឃើញ នៅ​ក្នុង​ទឹក​ព្រែក ។

បន្ទាប់​ពី​បាន​ធ្វើការ​សាកសួរអ្នកពាក់ព័ន្ធមួយចំនួនទៀត និង​ឆ្លង​តាម​ការ​ស្រាវជ្រាវ​លើ​រឿង​នេះ សមត្ថកិច្ច​ជំនាញ សន្និដ្ឋាន​ជាដំបូង​ថា មិនមែន​ជា​ករណី​លង់ទឹក​នោះ​ទេ តែ​ជា​ករណី​ឃាតកម្ម ទើប​សមត្ថកិច្ច សុំយោបល់ពីមន្តី្រតុលាការ ​សម្រេច​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់​ឈ្មោះ ទូច ណា​លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គៀន​ជ្រៃ​ក្នុង ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម នៅ​ម៉ោង​១៦​និង​៤០​នាទី​ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​នាំមកសាកសួរ ។

ឆ្លង​តាម​ការ​សួរនាំ​តាម​ជំនាញ​ព្រហ្មទណ្ឌ​រួម​មក ជនសង្ស័យ​ឈ្មោះ ទូច ណា​លី ក៏ព្រម​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​សម្លាប់​កុមារី​រង​គ្រោះ​ម្នាក់​ពិតប្រាកដ​មែន ដោយសារ​ខឹង​នាង ជេរ​ថា អា​ខ្ទើយ​ៗ ។

ជនសង្ស័យ សារភាព​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ក្នុង​ឆ្នាំ​២០១៩​នោះ ខ្លួន​បាន​មើល​ទូរទស្សន៍ នៅផ្ទះ​អ្នក​ជិតខាង ពេល​នោះ ឈ្មោះ​កុមារី ចំរើន សុខ​ជា អាយុ​៥​ឆ្នាំ នៅផ្ទះ​ក្បែរ​គ្នា បាន​មក​មើល​ទូរទស្សន៍​នៅ​ទីនោះ​ដែរ ពេល​កំពុង​មើល​នោះ នាង​បាន​ហៅ​ខ្លួន​ថា «​អា​ខ្ទើយ​» ដោយ​ខឹង​ពេក ជនសង្ស័យ បាន​ចុះ​មក​ដី ហើយ​ហៅ​បបួល​ក្មេង​ស្រី ឲ្យ​ចុះ​មក​តាម​ដែរ ។ ពេល​បបួល​ក្មេង​ស្រី​បាន​ហើយ ខ្លួន​បាន​នាំ​មក​ជិត​ៗ​មាត់​ព្រែក ហើយ​ខ្លួន​ក៏​ចាប់​ក្មេង​ស្រី​នោះ​ទម្លាក់​ទឹក លង់​ស្លាប់​តែ​ម្តង ។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០នេះ​ កម្លាំង​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់ ពី​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ឡើង​វិញ ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាកា​ខេត្តកំពង់ចាម ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ពី​បទ​ឃាតកម្ម ។

គួរ​រំលឹក​ថា កំពុង​តាម​រក​…​លុះ​ឃើញ​វិញ​រន្ធត់​ដល់​ក្រុម​គ្រួសារ (​មាន​វី​ដេ​អូ​) មាន​ករណី​បាត់​ខ្លួន​ក្មេង​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គៀន​ជ្រៃ​ក្នុង ឃុំ​គៀន​ជ្រៃ ស្រុក​កំពុងសៀម ។ គិត​ត្រឹម​វេលា​ម៉ោង​១១​និង​១២​នាទី​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៩ ក្មេង​ស្រី​ដែល​បាត់​ខ្លួន ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប្រទះ​ឃើញ​សព​អណ្តែត​ក្នុង​ទឹក​ព្រែក​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ទៅ​៤០០​ម៉ែត្រ ហើយ​សមត្ថកិច្ច​កំពុង​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ ចំរើន សុខ​ជា អាយុ​៥​ឆ្នាំ រស់នៅ​ជាមួយ​លោក យាយ លោកតា នៅ​ឯ​ភូមិ​កើតហេតុ​ខាងលើ ។ ក្មេង​រង​គ្រោះ​មាន​ឪពុក​ច​ញ្ចឹ​ម​ឈ្មោះ ស្រ៊ា​ន ចំរើន និង​ម្តាយ​ឈ្មោះ ធី សុខ​ឡូត បាន​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ។

នា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ នេះ​ដែរ លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចុះ​សួរសុខទុក្ខ​ក្រុម​គ្រួសារ​សាច់ញាតិ​ក្មេង​ស្រី​ដែល​បាត់​ខ្លួន និង​បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល រួម​ទាំង​កងរាជអាវុធហត្ថ​ខេត្ត បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​តាម​រក​ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ