ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តពោធិ៍សាត់​ នឹង​មាន​ពហុ​កីឡដ្ឋាន​ធំ​​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តពោធិ៍សាត់ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​លើ​ផេ​ក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍​សាត់​ឱ្យ​ដឹង​ថា ពហុ​កីឡដ្ឋាន​មួយ​ដែល​គេ​ប្រសិទ្ធ​នាម​ថា មជ្ឈមណ្ឌល​កីឡា​សម្ដេច​តេ​ជោ ហ៊ុន សែន «SAMDACH HUN SEN…

ខេត្តពោធិ៍សាត់ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​លើ​ផេ​ក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍​សាត់​ឱ្យ​ដឹង​ថា ពហុ​កីឡដ្ឋាន​មួយ​ដែល​គេ​ប្រសិទ្ធ​នាម​ថា មជ្ឈមណ្ឌល​កីឡា​សម្ដេច​តេ​ជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» នឹង​លេច​ចេញ​ជា​រូបរាង​នា​ពេល​ខាង​មុខ​នេះ ។

គម្រោង​នេះ​ត្រូវ​បាន​លោក​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុកអគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ និង​លោក​ម៉ៅ ន​ធិ​ន អភិ​បាលខេត្ត​ពោធិ៍សាត់​ពិភាក្សា​អនុម័ត​លើ​ការ​សាងសង់​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​។

តាម​គម្រោង ពហុ​កីឡដ្ឋាន​នេះ អាច​សាងសង់​នៅ​លើ​ផ្ទៃដី​ប្រមាណ ២៥​ហិ​កតា ស្ថិត​នៅ​វាល​សម្តេច​យស​ក្នុងភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ពហុ​កីឡដ្ឋាន​នេះ​រួម​មាន ទីលាន​បាល់ទាត់​ខ្នាត​អន្តរជាតិ​, ទីលាន​មហោស្រព​, ទីលាន​បាល់ទះ​, ទីលាន​បាល់បោះ​, ទីលា​ន​រត់ប្រណាំង​, ទីលាន​វាយ​សី​, កន្លែង​អង្គុយ​ទស្សនា​, កន្លែង​ហាត់ប្រាណ​, ប្រព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង​, វាលស្មៅ​, កន្លែង​ក្មេង​លេង​, កន្លែង​អង្គុយ​លេង​, ស្រះ​ទឹក និង​កន្លែង​ចត​រថយន្ត ។

ការ​សម្រេចចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកភាព​គាំទ្រ ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ចុះ​សួរសុខទុក្ខ​កម្មករ​-​កម្មការិនី​នៅ​រោងចក្រ សហគ្រាស​នានា ក្នុង​ខេត្តពោធិ៍សាត់ កាលពី​ពេល​កន្លង​ទៅ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​របស់​កម្ពុជា និង​មួយ​ផ្នែក​ទៀត​សម្រាប់​កម្ពុជា​ឈាន​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​តំបន់​អាស៊ាន​(SEA Games)​នៅ​ឆ្នាំ​២០២៣ ។

រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា បើ​តាម​កិច្ចប្រជុំ​ពិភាក្សា​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​សាល​វី​ដេ​អូ Conference សាលាខេត្ត​ពោធិ៍សាត់ លោក កែវ រតនៈ និង​លោក ម៉ៅ ធនិន បាន​លើក​ឡើង​ថា គម្រោង​អភិវឌ្ឍន៍​នេះ​សាងសង់​ឡើង ដើម្បី​បន្សល់​ទុកជា​កេរ​មរតក​សម្រាប់​ខេត្ត​ផង​និង​អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​រីក​ចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​ផង​ដែរ ។

បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ មន្ទីរ​ជំនាញ និង​ផ្នែក​ឯកជន កំពុង​សហការ​គ្នា​អនុវត្តន៍​គម្រោង​នេះ ដោយ​បាន​ឈូស​ឆាយ​ចាក់​ដី​បាន​មួយ​ផ្នែក​ហើយ ។

ដោយឡែក​ចំពោះ​ថា​តើ​ប្រើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទើប​បញ្ចប់​នោះ ប្រភព​ដដែល​ខាងលើ​ពុំ​បាន​បញ្ជាក់​ឡើយ ។ ចំពោះ​ការ​សាងសង់​នឹង​បញ្ចប់​នៅ​ពេល​ណា​ក៏​មិន​មាន​នរណា​ដឹង​ដែរ តែ​អ្វី​ៗ​គេ​ប្រើ​ពាក្យ​ថា​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ