សហរដ្ឋអាមេរិក ៖ ការប៉ះទង្គិចគ្នានានាកើតមានកាលពីយប់ថ្ងៃទី២៧មក២៨ឧសភានៅទីក្រុងMINNEAPOLISអាមេរិក រវាងប៉ូលិសនិងពួកបាតុករ ដែលតវ៉ា២យប់ជាប់គ្នាប្រឆាំងការបាត់បង់ជីវិតរបស់ជនជាតិស្បែកខ្មៅម្នាក់ ក្រោយការចាប់ខ្លួនគេដោយហិង្សា ហើយបុរសម្នាក់បានត្រូវបាត់បង់ជីវិតដោយគ្រាប់កាំភ្លើង នៅក្រៅការប៉ះទង្គិចគ្នា និងការប្លន់យកឥវ៉ាន់។
ប្រមុខប៉ូលិសទីក្រុងនៃរដ្ឋមីនីសូតានោះបានស្នើដល់ពួកបាតុករ ឲ្យរក្សាភាពស្ងប់ស្ងាត់ ដើម្បីចៀសវាងកុំឲ្យមានការជ្រុលជ្រួសដូចពេលមុនទៀត។ ប៉ុន្តែការប៉ះទង្គិចគ្នាបានផ្ទុះឡើងនាពេលយប់ ដោយពួកបាតុករបានដុតហាងលក់គ្រឿងបន្លាស់រថយន្តមួយ និងប្លន់យកឥវ៉ាន់ក្នុងហាងស្ថិតនៅក្បែរស្នងការដ្ឋានប៉ូលិសក្រុង។ បណ្ដាប៉ូលិសដែលទទួលការចោទប្រកាន់ថា សម្លាប់ជនស្បែកខ្មៅឈ្មោះ GEORGE FLOYD ត្រូវដកចេញពីតំណែង។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងធ្វើរបាំងមនុស្ស ដើម្បីរារាំងពួកបាតុករមិនឲ្យឆ្លងកាត់របងដែលព័ទ្ធស្នងការដ្ឋានប៉ូលិសនោះ។ តាមព័ត៌មានថា នាយប់ថ្ងៃទី២៨ឧសភា ពួកបាតុករបានដុតស្នងការដ្ឋានប៉ូលិសនោះឆេះអស់ហើយ។ អភិបាលរដ្ឋមីនីសូតាលោក TIM WALZ កាលពីយប់ថ្ងៃទី២៧ ឧសភា បានស្នើដល់ពួកបាតុករ ឲ្យចាកចេញពីតំបន់នោះដោយព្រមានថា សភាពការណ៍ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ អភិបាលក្រុងMINNEAPOLIS លោកJACOB FREY និយាយថា លោកគ្រោងស្នើដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ។
ខណៈដែលការដុតបំផ្លាញនិងការប្លន់យកឥវ៉ាន់នៅបន្តនាពេលយប់ ជិតស្នងការដ្ឋានប៉ូលិសក្រុង បុរសម្នាក់បានត្រូវបាត់បង់ជីវិតដោយគ្រាប់កាំភ្លើងនៅក្បែរកន្លែងធ្វើបាតុកម្ម ហើយប៉ូលិសបានចាប់ខ្លួនមនុស្សម្នាក់។
បាតុកម្មដោយសន្តិវិធីក៏បានប្រព្រឹត្តទៅ នៅកន្លែង២ផ្សេងទៀតនៃទីក្រុង ពិសេសនៅកន្លែងដែលGEORGE FLOYD បាត់បង់ជីវិត ដើម្បីគោរពវិញ្ញាណក្ខ័ន្ធបុរសស្បែកខ្មៅអាយុ៤៦ឆ្នាំរូបនេះ ដែលបាត់បង់ជីវិតក្រោយការចាប់ខ្លួនគេទាំងហិង្សា ហើយវីដេអូមួយពីអំពើហិង្សានោះពេលចេញផ្សាយនាំឲ្យផ្ទុះការក្ដៅក្រហាយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ