រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាស់ថ្នាំញៀនរហូតដល់កម្រិតបែកថ្នាំលែងដឹងអ្វីទៅហើយ និងបង្ករឿងអុកឡុកក្នុងក្រុមគ្រួសាររួចកាន់ដាវ និងដំបងដេញកាប់ឪពុកម្តាយរត់ពេញភូមិ ប៉ុន្តែកាប់មិនបានសម្រេចឡើយ ស្របពេលនោះឃើញស្ត្រីចំណាស់ម្នាក់ដើរតាមផ្លូវទៅធ្វើការរោងចក្រ ស្រាប់តែជននេះបានកាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយចោទប្រកាន់ថា កូនរបស់ស្ត្រីរងគ្រោះធ្វើអំពើដាក់ខ្លួនរហូតវង្វេងលែងដឹងអីទៅវិញ ។ បន្ទាប់មកជនដៃដល់រូបនេះបានរត់ទៅសង្ងំលាក់ខ្លួននៅក្នុងព្រៃឫស្សីបង្កការភ្ញាក់ផ្អើលពេញភូមិ ហើយភ្លាមៗនោះកម្លាំងនគរបាលរួមជាមួយកម្លាំងប្រជាការពារភូមិនិងអ្នកភូមិបាននាំគ្នាធ្វើការឡោមព័ទ្ធនិងរុករករហូតឃើញ ព្រមទាំងចាប់ខ្លួនបាន ។ ចំណែកស្ត្រីរងគ្រោះដែលរងរបួសបែករយះក្បាលហូរឈាមត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មកដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
បុរសបែកថ្នាំខាងលើនោះឈ្មោះ ឈិន សៅ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិកើតហេតុខាងលើ ហើយជននេះធ្លាប់ជាប់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនអស់មួយរយៈផងដែរ តែមិនព្រមកែខ្លួនសោះ ។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះ ស៊ុន កក អាយុ៦៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ជាស្ត្រីមេម៉ាយមានកូនប្រុស៣នាក់ រស់នៅក្នុងភូមិកើតហេតុនោះដែរ ។
តាមប្រភពពីអ្នកភូមិបាននិយាយថា ជនសង្ស័យម្នាក់ខាងលើបានប្រើប្រាស់គ្រឿងញៀនច្រើនឆ្នាំមកហើយរហូតក្លាយខ្លួនទៅជាមនុស្សបែកថ្នាំទៅហើយ មិនតែប៉ុណ្ណោះធ្លាប់បានជាប់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនមួយរយៈផងដែរ ប៉ុន្តែមិនរាងចាលឡើយ លុះពេលចេញមកវិញលើសដើម ព្រមទាំងបានគំរាមកាប់អ្នកភូមិនិងក្រុមគ្រួសារឪពុកម្តាយច្រើនលើកច្រើនសារមកហើយដែរ។
តាមប្រភពដដែលបានបន្តថា ដោយឡែកនៅវេលាព្រឹកថ្ងៃកើតហេតុ ជនសង្ស័យម្នាក់នេះបានអុកឡុកប្រើអំពើហិង្សាក្នុងគ្រួសារដោយបានកាន់ដាវនិងដំបងដេញកាប់ដេញវាយឪពុកម្តាយ បង្កការភ្ញាក់ផ្អើលពេញភូមិ តែមិនបានសម្រេច ស្របពេលនោះស្ត្រីរងគ្រោះបានដើរទៅធ្វើការឆ្លងកាត់មុខផ្ទះរបស់ជនដៃដល់ក៏ត្រូវជននេះស្ទុះទៅកាប់និងវាយ បណ្តាលឲ្យរបួសបែករយះក្បាលនិងដៃយ៉ាងធ្ងន់ធ្ងរ ដោយជនសង្ស័យបានចោទប្រកាន់ថា«កូនរបស់ស្ត្រីរងគ្រោះចេះធ្វើអំពើ និងធ្វើឲ្យខ្លួនក្លាយទៅជាមនុស្សវង្វេងលែងដឹងអ្វីទៅវិញ» ប៉ុន្តែធាតុពិត ខ្លួនឯងបានប្រើប្រាស់គ្រឿងញៀនរហូតបែកថ្នាំទៅហើយ បន្ទាប់មកជនដៃដល់ខាងលើបានរត់គេចខ្លួនចូលទៅក្នុងព្រៃឫស្សីខាងមុខផ្ទះរបស់ខ្លួនបាត់។
តាមប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់អង្គភាព៧១១ បានមកដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម រួមជាមួយកម្លាំងប្រជាការពារភូមិ ព្រមទាំងពួកគាត់ដែលជាអ្នកភូមិក៏បានចេញអន្តរាគមន៍ឡោមព័ទ្ធរហូតចាប់ខ្លួនជនសង្ស័យបាន ។ បន្ទាប់មកបាននាំយកទៅកាន់ប៉ុស្តិ៍សំរោងក្រោមដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ដោយឡែកស្ត្រីរងគ្រោះដែលរងរបួសធ្ងន់ គេមិនទាន់ដឹងថា អាចរងគ្រោះដល់ជីវិត ឬស្ថិតក្នុងស្ថានភាពបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ