ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រដាស់ប្រាក់​ដុល្លារ​អា​មេ​រិ​ក ១$ ២$ និង​៥$ នៅ​ចាយ​បាន​ធម្មតា មិន​ហាមឃាត់​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ស្តី​ពី បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ និង​ផលវិបាក​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ប្រភេទ​ក្រដាសប្រាក់​ទាំងនេះ​ ។

អង្គប្រជុំ​បាន​ពិភាក្សា​និង​ឯកភាព​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ខាងក្រោម​៖
លើ​ទិដ្ឋភាព​គោលនយោបាយ​៖

  • នៅ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ពិភពលោក ហើយ​កំពុង​ឈាន​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ការ​ពង្រឹង​ឯករាជ្យ​ភាព​ក្នុង​ការ​ដឹកនាំ​គោលនយោបាយ​រូបិយ​វត្ថុ​នឹង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព​។ ក្នុង​ទិស​ដៅ​នេះ កម្ពុជា​ត្រូវ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន ដោយ​គួរ​ចាប់ផ្តើម​ពី​ការ​ចាយវាយ​លើ​ប្រតិបត្តិការ​ដែល​មាន​ទំហំ​តូច​ទៅ​។ ដូច្នេះ ការ​ទុក​ឱ្យ ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច​ៗ​គឺជា​ឧបសគ្គ​មួយ​ក្នុង​ការ​ជំរុញ ការ​ប្រើប្រាស់​ប្រាក់​រៀល
  • ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយ​នេះ ប្រាក់​រៀល​ក៏​ដូច​ជា​រូបិយប័ណ្ណ​ក្នុង​តំបន់​បាន​ធ្លាក់​ថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​ប្រទេស​ក្នុង​តំបន់ តម្លៃ​រូបិយប័ណ្ណ​របស់​គេ​ធ្លាក់​ថ្លៃ គឺជា​ចម្បង​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​និង​លំហូរ​ចេញ​នៃ​មូលធន​។ ចំណែកឯ​កម្ពុជា​វិញ ការ​ធ្លាក់​ចុះថ្លៃ​ប្រាក់​រៀល​គឺ​ដោយសារ​តម្រូវការ​ប្រាក់​រៀល​ធ្លាក់​ចុះ (​ដែល​ជា​ចម្បង​បណ្តាល​មក​ពី​ការ​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការ​ធ្លាក់​ចុះ​តម្រូវការ​ប្រាក់​រៀល​សម្រាប់​បង់ពន្ធ ។​ល​។​)​។ ការ​ធ្លាក់​ថ្លៃ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក​នេះ​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ប្រជា​កសិករ​ដែល​មាន​ចំណូល​ជា​ប្រាក់​រៀល​។ ដូច្នេះ ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច ជា​ពិសេស​សម្រាប់​ប្រតិបត្តិការ​ដែល​មាន​ទំហំ​តូច ការ​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច​ៗ​គួរ​ត្រូវ​ជំនួស​ដោយ​ប្រាក់​រៀល​វិញ​។

លើ​ទិដ្ឋភាព​បច្ចេកទេស​៖

  • ធនាគារជាតិ​នៃ​កម្ពុជា ជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​ដឹក​ជញ្ជូន​រូបិយប័ណ្ណ ចេញ​- ចូល​កម្ពុជា​។ ទោះបីជា​មិនមែន​ជា​តួនាទី​របស់​ខ្លួន​ក៏​ដោយ ក៏​កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សម្រួលការ​ដឹក​ក្រដាសប្រាក់​ថ្មី​ពី​ធនាគារកណ្តាល​អា​មេ​រិ​ក មក​ប្រើប្រាស់ នៅ​កម្ពុជា​។ ដោយឡែក​ចំពោះ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច និង​ចាស់ ទក់ រហែក ធនាគារជាតិ​នៃ​កម្ពុជា មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​គុណភាព ដោយហេតុ​ថា ការ​ដឹក​ចេញ​ក្រដាសប្រាក់​ទាំងនេះ ត្រូវ​ចំណាយ​ពលកម្ម​និង​ថវិកា​ខ្ពស់ ដែល​ខុស​ពី​ក្រដាសប្រាក់​រៀល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​អាច​កាត់​និង​កម្ទេច​ចោល ហើយ​ជំនួស​ដោយ​ក្រដាសប្រាក់​បោះពុម្ព​ថ្មី​។ ម្យ៉ាងទៀត ធនាគារ​ដៃគូ​ក្រៅប្រទេស ដែល​ជួយ​សម្រួល​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច មាន​ចំនួន​តិច​ទៅ​ៗ ហើយ​ធនាគារ​ទាំងនេះ​ក៏​បាន​រឹត​បន្តឹង​ការ​ទទួល​ក្រដាសប្រាក់​ដុល្លារ អា​មេ​រិ​ក​តូច​ៗ​ផង​ដែរ ទោះបីជា​ផ្តល់​កម្រៃ​សេវា​ខ្ពស់​ក៏​ដោយ​។ ការណ៍​នេះ កាន់តែ​លំបាក​បន្ថែម​ទៀត​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល ជំងឺ​កូ​វី​ដ​-១៩ លើ​ពិភពលោក ដែល​បណ្តាល ឱ្យជើង​ហោះហើរ​ចេញ​និង​មក​កម្ពុជា​មាន​តិច​បំផុត​។

ដោយ​ពិនិត្យ​ឃើញ​ថា ទាំង​ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​មានការ​គរ​ជន់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ ដែល​នេះ​សរ​បញ្ជាក់​ថា តម្រូវការ​នៃ​ក្រដាសប្រាក់​ទាំងនេះ​មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ

អង្គប្រជុំ​បាន​ឯកភាព​ ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ​ដូច​ខាងក្រោម ​៖

  • ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្តល់​ពេលវេលា​ចំនួន ៣ ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​នាំ​យក ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ មក​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា
  • បន្ទាប់​ពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្ទេរ​ការ​ចំណាយ​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស​លើ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជា​អ្នករ៉ាប់រង​វិញ​។ ចំពោះ​ការ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១០$ ឡើង​ទៅ គឺ​មិន​មាន​កម្រៃ​សេវា​ទេ និង
  • ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​ឈាន​ទៅ​កំណត់​ពេលវេលា​ណាមួយ​សម​ស្រប ដើម្បី​ផ្អាក​ការ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។

ការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មានការ​ចូលរួម​មតិ​ពី​តំណាង​ក្នុង​វិស័យ​លក់រាយ​មួយ​ចំនួន​ផង​ដែរ ។

ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ការ​អនុវត្ត​វិធានការ​ខាងលើ​មិន​មាន​ន័យ​ថា ជា​ការ​ហាមឃាត់​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច​ៗ​ទាំងនេះ នៅ​លើ​ទីផ្សារ​នោះ​ទេ ។

មូលហេតុ​អ្វី​បានជា​កម្ពុជា​គ្រោង​ផ្អាក​ទទួលយក​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​អា​មេ​រិ​ក ?

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​កិច្ចប្រជុំ​ពិភាក្សា​អំពី បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ នៅ​កម្ពុជា​មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ