ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ ស្តេច​យាង​ចេញពី​មន្ទីរពេទ្យ តែ​ព្រះ​អង្គ​បន្ត​គង់ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានី​ប៉េ​កាំ​ង និង​យាង​ទៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ដើម្បី​ពិនិត្យ​តាមដាន ថ្វាយ​ព្រះ​ឱសថ និង​ថែទាំ​ព្រះរាជ​សុខភាព​មួយ​រយៈពេល​ទៀត

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ព្រះករុណា​ សម្តេច​ព្រះបាទ​បរមនាថ​នរោត្តម សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ស្តេច​យាង​ចេញពី​មន្ទីរពេទ្យ​ នៅ​ថ្ងៃ​ទី​១ ខែឧសភា​ ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ​ ៖ ព្រះករុណា​ សម្តេច​ព្រះបាទ​បរមនាថ​នរោត្តម សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ស្តេច​យាង​ចេញពី​មន្ទីរពេទ្យ​ នៅ​ថ្ងៃ​ទី​១ ខែឧសភា​ ឆ្នាំ​២០២៦ និង​សូម​ព្រះ​អង្គ​បន្ត​គង់ ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានី​ប៉េ​កាំ​ង និង​យាង​ទៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ដើម្បី​ពិនិត្យ​តាមដាន ថ្វាយ​ព្រះ​ឱសថ និង​ថែទាំ​ព្រះ​រា​ជ​សុខភាព​មួយ​រយៈពេល​ទៀត​ ។​ នេះ​បើ​តាម​ក្រសួងព្រះបរមរាជវាំង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងព្រះបរមរាជវាំង​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​បានការ​ព្យាបាល​ព្រះ​រោគ​ដោយ​ការ​វះកាត់​អស់​រយៈពេល​ពី​រស​ប្តា​ហ៍​កន្លង​មកនេះ ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​បាន​គង់​ប្រថាប់​ ដើម្បីពិនិត្យ និង​ថែទាំ​ព្រះរាជ​សុខភាព​ ក្រោម​ការ​ពិនិត្យ​តាមដាន​ថែទាំ​យ៉ាង​ម៉ត់ចត់ និង​យកចិត្តទុកដាក់​ជាទី​បំផុត ពី​ថ្នាក់ដឹកនាំ លោក លោកស្រី​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​- គិលានុបដ្ឋាយិកា នៅ​មន្ទីរពេទ្យ​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ប្រភព​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ​យោង​លើ​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ ព្រះរាជ​សុខភាព ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត មាន​ភាព​ប្រសើរ​ជា​បណ្តើរ​ៗ​។ ក្រុម​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​ប៉េ​កាំ​ង សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏ ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១ ខែឧសភា​ឆ្នាំ​២០២៦ និង​សូម​ព្រះ​អង្គ​បន្ត​គង់ ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានី​ប៉េ​កាំ​ង និង​យាង​ទៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ដើម្បី​ពិនិត្យ​តាមដាន ថ្វាយ​ព្រះ​ឱសថ និង​ថែទាំ​ព្រះរាជ​សុខភាព​មួយ​រយៈពេល​ទៀត ។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង សម្តេចព្រះ​មហា ក្ស​ត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទាំង​ទ្ទេ​សូម​ថ្លែង​អំណរ ព្រះ​គុណ និង​អរគុណ ថ្វាយ​-​ប្រគេន​សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ និង​ជូន​សម្តេច​ថ្នាក់ដឹកនាំ​កំពូល​ជាតិ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់ ដែល​បាន​ថ្វាយ​ព្រះ​សព្ទសាធុការពរ នឹង​បួងសួង​គុណព្រះរតនត្រ័យ សូម​ឱ្យ​ព្រះ​អង្គ បាន​ឆាប់​ជា​សះស្បើយ​ពី​ព្រះ​រោគាពាធ និង​សូម​ឆាប់​បាន​យាង​និវត្ត​មក​កាន់​មាតុប្រទេស​វិញ ប្រកប ដោយ​ព្រះ​បរមសុខ​ក្សេមក្សាន្ត​ជា​រៀង​រហូត​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ