CNCC​ មិន​បើក​ការ​ប្រកួត​លី​គ​កំពូល និង​​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន តាម​ពេលវេលា​ក្រសួង​អប់រំ​អនុ​ញ្ញាត​ទេ


រាជធានី​ភ្នំពេញ ៖ យោង​តាម​លោកកែវ សា​រ៉េ​ត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​និយាយ​ថា គណៈកម្ម​ការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​សម្រេច​មិន​បើក​ការ​ប្រកួត​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន តាម​ពេលវេលា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡាអនុញ្ញាត​នោះ​ឡើយ បើ​ទោះជា​កីឡាករ និងគណៈកម្មការ​អន្ទះសារ​រង់ចាំ ការ​អនុញ្ញាត​ឱ្យ​បើក​ប្រកួត​ឡើង​វិញ​ក៏​ដោយ ។ ជាមួយនឹង​ការ​ពន្យារពេល ទាំង​គណៈកម្មការ និង​កីឡាករ​ថា​ក្រៅពី​គ្មាន​ការ​ប៉ះពាល់ គឺជា​រឿង​ល្អ​នោះ​ផង​។

លោក កែវ សា​រ៉េ​ត បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​អូស​បន្លាយពេល​ដំណើរការ​រហូត​ដល់​ដើមខែ​កក្កដា ខណៈ​ដែល​ការ​ប្រកួត​នេះ​បាន​ផ្អាក​ដំណើរការ​តាំងពី​អំឡុង​ខែមេសា ។ ការ​សម្រេច​បែប​នេះ កើតឡើង​ពី​កិច្ចប្រជុំ​ពិភាក្សា​ស្វែងរក​បញ្ហា​ប្រឈម​នានា​រវាង CNCC ជាមួយ​តំណាង​ក្លិប​នីមួយ​ៗ​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០២០ កន្លង​ទៅ ដោយ​អះអាង​ថា បើ​ទោះជា​ក្រសួង​អនុញ្ញាត​ឱ្យ​បើក​ប្រកួត​លី​គជា​ថ្មី តែ​មិន​អាច​បើក​ដំណើរការ​ភ្លាម​ៗ​បាន​ទេ ។

ការ​ពន្យារពេល​១​ខែ​បន្ថែម​ក្នុង​ការ​បើក​ការ​ប្រកួត​ឡើង​វិញ​នេះ គឺ​ដើម្បី​ឲ្យ​កីឡាករ​តាម​ក្លិប​នីមួយ​ៗ​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ហ្វឹកហាត់​ស្តារ​កម្លាំង និង​បច្ចេកទេស​ឡើង​វិញ ។ ម្យ៉ាងទៀត CNCC ចង់​ឲ្យ​លី​គ​កំពូល​ត្រឡប់​មក​វិញ​ជាមួយ​ការ​ប្រកួត​ដ៏​ទាក់ទាញ​នោះ​ផង ។ លោក​បន្ថែម​ថា ការ​ពន្យារពេល​នេះ គ្មាន​ការ​ប៉ះពាល់​ចំពោះ​កីឡាករ និង​អ្នក​រៀបចំ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ផ្ដល់​ពេលវេលា​ដ៏​សម​ស្រប​មួយ ដើម្បី​ឱ្យ​កីឡាករ និង​អ្នក​រៀបចំ​ការ​ប្រកួត​មាន​ពេលវេលា​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ទៅ​វិញ​ទេ​។

លោក​ថា ក្នុង​រយៈពេល​កូ​វី​ដ​កន្លង​មក កីឡាករ​ទាំងអស់ មិន​មាន​ពេល​ហ្វឹកហាត់​ដែល​ត្រូវ​តែ​ទុក​ពេល​ឱ្យ​កីឡាករ​ទាំងអស់​ធ្វើការ​ត្រៀមខ្លួន​បន្ថែម ។ ជាមួយនឹង​ការ​ពន្យារពេល​ប្រកួត​ពាន សម្រាប់​​ការ​ប្រកួត​លី​គ​កំពូល​ដែល​បាន​ផ្អាក​អស់​មួយ​រយៈ​ព្រោះតែ​ជំងឺ​កូ​វី​ដ​-១៩ ក៏​នៅ​តែ​មិន​ទាន់​កំណត់​ឱ្យ​ប្រកួត​នៅឡើយ​ផង​ដែរ បន្ទាប់​ពី​ការ​ប្រកួត​លី​គ​កំពូល ដែល​ធ្វើ​ឡើងជា​ច្រើន​ប្រកួត​រួច​មក​ហើយ​ត្រូវ​បាន​ផ្អាក​កណ្ដាល​ទីនោះ​។

លោក ចាន់ មិថុនា មន្ត្រី​ព័ត៌មាន​ផ្នែក​បាល់ទាត់ បាន​ផ្ដល់​សម្ភាសន៍​ថា ការ​ប្រកួត​លី​គ​នៅ​មិន​ទាន់​មានការ​ឯកភាព​គ្នា​ឱ្យ​ប្រកួត​ឡើង​វិញ​ថ្ងៃ​ណា ពេល​ណា​នៅឡើយ​ទេ បើ​ទោះជា​មានការ​ដាក់​សំណើ​ឱ្យ​មានការ​ប្រកួត​ជា​ថ្មី កុំឱ្យ​បន្ត​អូស​បន្លាយ​ពេលវេលា​ទៀត​ក្តី ។

លោក​ថា ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឱ្យ​មានការ​បើក​ប្រកួត​ឡើង​វិញ​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​មាន​អ្នក​ទស្សនា ឬ មិន​ឱ្យ​មាន​អ្នក​នៅ​ក្នុង​ព្រឹត្តិការណ៍​លើស​ពី​១០០​នាក់ ដែល​ក្នុង​លក្ខខណ្ឌ​បែប​នេះ គឺ​មិនមែន​ជា​អ្វី​ដែល​ការ​ប្រកួត​លី​គ​មួយ​នេះ​ចង់បាន​នោះ​ទេ​។ ប៉ុន្តែ​សហព័ន្ធ មិន​មាន​ជម្រើស​នោះ​ទេ គឺ​ត្រូវ​តែ​បើក​ការ​ប្រកួត​នៅ​ក្នុង​ពេល​នេះ ដើម្បី​កុំឱ្យ​FIFA និង​គណៈកម្មការ​អន្តរជាតិ​ផ្សេង​ទៀត រង់ចាំ ព្រោះតែ​ការ​ប្រកួត​លី​គ​នេះ​បើ​នៅ​ដំអក់​យូរ ក៏​ប៉ះពាល់​ជាមួយ​ព្រឹត្តិការណ៍​FIFA​មួយ​ចំនួន​ផង​ដែរ ។

លោក​ថា ការ​ប្រកួត​លី​គ​កំពូល​រមែង​ធ្វើ​ឡើង​រៀង​រាល់​ដើមឆ្នាំ ដោយ​ការ​ប្រកួត​កាលពីដើម​ឆ្នាំ ដំណើរការ​បាន​ចំនួន​ប៉ុន្មានស​ប្ដា​ហ៍​ហើយ​ក៏​ផ្អាក​ចោល​វិញ ។ លោក​មិន​ហ៊ាន​ថា ការ​ប្រកួត​ដែល​នៅ​តែ​មិន​ទាន់​កំណត់​ថ្ងៃជា​ថ្មី មានការ​ប៉ះពាល់​ចំពោះ​អារម្មណ៍​កីឡាករ និង​គ្រូបង្វឹក​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​លោក​នៅ​តែ​យល់​ថា កីឡាករ​ទាំងអស់​នឹង​យល់​ពី​ស្ថានការណ៍​ដែល​បាន​កើតឡើង ម្យ៉ាង​ដើម្បី​អាច​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀមខ្លួន​នោះ​ផង ។

លោក​ថា ការ​ប្រកួត​លី​គ គឺជា​ការ​ប្រកួត​មួយ​ដ៏​សំខាន់ ដោយសារ​តែ​ការ​ប្រកួត​នោះ ក៏​ដើម្បី​កំណត់​រក​ក្រុម​កំពូល និង​ដើម្បី​កំណត់​រក​កីឡាករ​ឆ្នើម​ជម្រើសជាតិ ដើម្បី​រំលេច​ក្រុម​សម្រាប់​ការ​ប្រកួត​របស់​FIFA​ផងដែរ ។ លោក​ថា ការ​ប៉ះពាល់​វា​អាច​នឹង​មាន​សម្រាប់​ការ​ពន្យារពេល ប៉ុន្តែ​លោក​នៅ​តែ​ថា​វា​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ដ្បិត​នេះ​គឺជា​បញ្ហា​របស់​ពិភពលោក​ទាំងមូល ។

លោក​ថា ការ​ប្រកួត​លី​គ​កំពុង​ស្ថិត​ក្នុង​ការ​ប្រជុំ​ពិភាក្សា ដើម្បី​កំណត់​ឱ្យ​បើក​ប្រកួត​ជា​ថ្មី ប៉ុន្តែ​សម្រាប់​និ​តិ​វិធី​បែប​ណា ហើយ​កំណត់​យក​ពេល​ណា គឺ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់លើ​សិន​។
បើ​តាម​លោក កែវ សា​រ៉េ​ត ការ​ប្រកួត​ទៀត​សោត​ទំនងជា​អាច​ផ្លាស់​ប្តូរ​រូបមន្ត​ប្រកួត​ពី​ពីរ​ជើង​មក​ធ្វើ​ត្រឹមតែ​មួយ​ជើង​ប៉ុណ្ណោះ ។ ប៉ុន្តែ​លោក​អះអាង​ថា គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា ពុំ​ទាន់​មាន​លិខិតបញ្ជាក់​ជា​ផ្លូវការ​នោះ​ទេ ។

យោង​តាម​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា សម្រេច​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់បើក​ការ​ប្រកួត​កីឡា​ឡើង​វិញ​គ្រប់​ទម្រង់ ក្រោម​រូបភាព​ប្រកួត​បិទទ្វារ​មិន​ឲ្យ​មាន​អ្នកគាំទ្រ​ចូលទស្សនា​។ រាល់​ការ​ប្រកួត​នីមួយ​ៗ ក្រសួង​អនុញ្ញាត​ឲ្យ​មាន​តែ​កីឡាករ គ្រូបង្វឹក និង​អាជ្ញាកណ្តាល​ចៅក្រម មិន​ឱ្យ​លើស​ពី​១០០​នាក់ ។ ក្រសួងដាក់​បម្រាម​បែប​នេះ គឺ​ដើម្បី​រួមចំណែក​បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ