រាជធានីភ្នំពេញ ៖ ទីបំផុតអ្វីដែលអ្នកទស្សនាកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយគឺជាការជួបគ្នារវាងកីឡាករឈុត សេរីវ៉ាន់ថង មកពីក្លិបរាហូកីឡាខេត្តបាត់ដំបង និងកីឡាករ ឃឹម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ដណ្ដើមយកចំណាត់ថ្នាក់លេខ១នៃពានរង្វាន់កម្ពុជា សង្វៀនគុនខ្មែរក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃទី៣០ ឧសភា។
ព្រឹត្តិការណ៍នៃការប្រកួតដ៏ជក់ចិត្តមួយនេះបានអាក់ខានអស់មួយរយៈដោយសារតែជំងឺកូវីដ-១៩ រាតត្បាតជាសាកល ។ ប៉ុន្តែក្រោយពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យមានការប្រកួតកីឡាប្រដាល់ឡើងវិញ តែត្រូវបិទទ្វារប្រកួតនោះ សង្វៀនស៊ីអិនស៊ីក៏បានរៀបចំឱ្យមានការប្រកួតបន្តដណ្ដើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ ដែលជិតឈានចូលដល់ទីបញ្ចប់នេះ ។
កីឡាករ ឃឹម បូរ៉ា ដែលជាបេក្ខភាពតែម្នាក់គត់ដែលត្រូវបានគណៈកម្មការរៀបចំការប្រកួតប្រកាសឱ្យឈ្នះដោយស្វ័យប្រវត្តិនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារកីឡាករថៃ ប្រាប់ផៃរី អវត្តមាន ។ ចំណែកកីឡាករ ឈុត សេរីវ៉ាន់ថង មានឱកាសឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រដែរនោះគឺគេបានយកឈ្នះកីឡាករ ពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យដោយវាយឱ្យសន្លប់នៅក្នុងទឹកទី២កាលពីរសប្ដាហ៍មុន ។
ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកទស្សនាទន្ទឹងរង់ចាំបំផុតនោះ គឺជាការជួបគ្នារវាងអ្នកប្រដាល់ជើងខ្លាំងទាំងពីររូបនេះ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ប្រចាំវគ្គ២ជាមួយនឹងរង្វាន់អមម៉ូតូZoomer X១គ្រឿង។មិនតែប៉ុណ្ណោះអ្នកដែលឈ្នះនៅក្នុងវគ្គនេះនឹងមានឱកាសឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមយករង្វាន់ធំដែលមានទឹកប្រាក់រហូតដល់ទៅ៥០០០ដុល្លារអាមេរិក ។ ចាំមើលគូនេះអ្នកណាមានសំណាងឈ្នះឡើងទៅប្រកួតនៅវគ្គបន្ត។
ក្រៅពីគូដណ្ដើមខ្សែក្រវាត់នេះទៅនៅមានគូមិត្តភាពដ៏ជក់ចិត្តមួយគូទៀតគឺកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ ត្រូវប្រកួតជាមួយកីឡាករ ធឿន ធារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ។
គូនេះធ្លាប់សង្កៀតធ្មេញដាក់គ្នាជាយូរមកហើយ ដោយសារភាគីម្ខាងៗចង់ប្រជែងតំណែងជើងខ្លាំងលំដាប់Aក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។ មួយគូទៀត កីឡាករ ពុទ្ធ សំបូរ ត្រូវគេផ្គូផ្គងឱ្យប៉ះជាមួយកីឡាករ តាញ់ មករា ដែលសុទ្ធតែជាជើងខ្លាំងដូចគ្នានៅក្នុងពិភពប្រដាល់ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ