ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ហ្លួង​ ប្រែ​ជា​ស្ងប់​ស្ងាត់ បាត់​អស់​សូរ​សំឡេង​​ដំ​ដែកមិន​ដូច​មុន

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​៖ មុខរបរ​ជាងទង​ឆ្លាក់​ប្រាក់ ឈើ និង​ស្ពាន់ នៅ​ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ខាងជើង​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នៅ​តែ​២​ទៅ​៣​គ្រួសារ​ប៉ុណ្ណោះ ។…

ខេត្តកណ្ដាល​៖ មុខរបរ​ជាងទង​ឆ្លាក់​ប្រាក់ ឈើ និង​ស្ពាន់ នៅ​ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ខាងជើង​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នៅ​តែ​២​ទៅ​៣​គ្រួសារ​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​នៅ​ឃុំ​កំពង់ហ្លួង​មិន​ឮ​សូរ​សំឡេង​ដំ​ដែក ដំ​លោហធាតុ​លាន់ឮ​យ៉ាង​រំពង​ដូច​ពី​មុន​ទៀត​ឡើយ ។

លោក​ជុំ កុសល អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​តូច ប្រកប​របរ​ជាងទង​ឆ្លាក់​ប្រាក់​ជាង​២០​ឆ្នាំ​មក​ហើយ ។ នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​ឲ្យ​ដឹង​ថា ពី​មុន​ប្រជាជន​៩០​ភាគរយ​ក្នុង​ឃុំ​មានមុខ​ជំនាញ​ផ្នែក​ចម្លាក់​ជាងទង​បន្ថែម​លើ​មុខរបរ​ធ្វើស្រែ​ចម្ការ ។ គ្រាន់តែ​ចូល​ទៅ​ដល់​ឃុំ​កំពង់ហ្លួង​ភ្លាម គេ​នឹង​ឮ​សូរ​សំឡេង​ដំ​ដែក​លាន់​ឭ​រំពង​របស់​អ្នកស្រុក​ដែល​កំពុង​មមាញឹក​ផលិត​រូបចម្លាក់ ផ្សេង​ៗ​អំពី​ប្រាក់ ឈើ និង​ស្ពាន់ ទៅ​តាម​ការ​បញ្ជា​ទិញ និង​សម្រាប់​លក់​ជូន​អ្នកទេសចរ ។ ជំនាញ​ចម្លាក់​ជាងទង​របស់​អ្នកស្រុក គឺ​រៀន ត​ៗ​គ្នា​ពី​ជីដូន​ជីតា ឪពុក​ម្តាយ ទៅ កូន​ៗ ពុំ​បាន​ទៅ​រៀន​នៅ​សាលា​ជំនាញ​ណាមួយ​ទេ ។

លោក​ជុំ កុសល និយាយ​ថា «​ជំនាញ និង​ទេព​កោសល្យ​នៃ​ចម្លាក់​ជាងទង​នេះ បាន​ផ្តល់​ទៅ​ឲ្យ​មនុស្ស​គ្រប់​វ័យ​រាប់​តាំងពី​កុមារ តូច​ៗ​ឡើង​ទៅ ។ អាស្រ័យ​ហេតុនេះ​បាន​ធ្វើ​ឲ្យ​ឃុំ​កំពង់ហ្លួង​សំបូរ​ទៅ​ដោយ​ជាងទង​ចម្លាក់​ប្រាក់​ច្រើន​ជាងគេ​។ ក៏​ប៉ុ​ន្ត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឃុំ​កំពង់​ហ្លួង​ហាក់ដូចជា​ស្ថិត​នៅ​ភាព​ស្ងប់ស្ងាត់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​មក​ទិញ ក៏​ដូច​ជា​កុម្ម៉ង់​ទិញ​រូបចម្លាក់​ដែល​ធ្វើ​អំពី​ប្រាក់ ឈើ និង​ស្ពាន់​ក្រោយ​ពេល​មានការ​កើត​ជំងឺ​កូ​វី​ដ​១៩ ។ នៅ​ក្នុងភូមិ​នេះ​គឺ​មាន​តែ​ផ្ទះ​របស់​គាត់​មួយ​ប៉ុណ្ណោះ​ដែល​នៅ​ប្រកប​មុខរបរ​ជាងទង​ចម្លាក់​ប្រាក់ និង​ស្ពាន់​រហូត​សព្វថ្ងៃ បើ​ទោះជា​ស្ងាត់​ម៉ូយ​កុម្ម៉ង់​ទិញ​ដោយសារ​កើត​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ។

មុខរបរ​ជាងទង​ចម្លាក់​របស់​អ្នក​ភូមិ​ពោធិ៍​តូច​នា​ពេល​បច្ចុប្បន្ន ហាក់ដូចជា​នាំ​គ្នា​បោះបង់​មុខរបរ​នេះ​ទាំងស្រុង​ហើយ ហើយ​យើង​ក៏​លែង​ឮ​សូរ​សំឡេង​ដំ​ដែក​លាន់ឮ​រំពង​ដូច​ពី​មុន​ទៀត​ហើយ​»។

លោក​ម៉ាត់ រ៉ូ​ហ្សា ខ្មែរ​អ៊ិ​ស្លា​ម​រស់នៅ​ភូមិ ពោធិ៍​តូច ដែរ​ចាប់​មុខរបរ​ជាងទង ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​ថា «​ជំនាញ​នេះ​ខ្ញុំ​ចេះ​ត​ពី​ឪពុក ហើយ​ក៏​ជា​ជំនោរ​ចំណង់​របស់ខ្ញុំ​ដែល​ស្រឡាញ់​មុខរបរ​នេះ ម្យ៉ាងទៀត​ចង់​ឲ្យ​បរទេស​គេ​ដឹង​អំពី​ស្នាដៃ​របស់​ខ្មែរ​យើង​ក្នុង​ការ​ឆ្លាក់​រូប​ដែល​ធ្វើ​អំពី​ប្រាក់ ឈើ និង​ស្ពាន់ ដែល​ធ្វើ​ដោយ​ដៃ ពិត​ៗ ។ រយៈ​ជិត​២០​ឆ្នាំ​កន្លង​មកនេះ វត្ថុ​ដែល​ខ្ញុំ​បាន​ធ្វើ ដូច​ជា​ប្រអប់ កូន​ដំរី កូនចាប ថង់​រោង ផ្តិល ពានរង្វាន់ ធំ​ៗ និង​រូប​ជា​ច្រើន​ទៀត ។

ចម្លាក់​ប្រាក់​ជា​ការងារ​មួយ​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់ និង​ការ​ដាក់​អារម្មណ៍​ឲ្យ​បាន​ច្រើន​ទៅ​តាម​ក្បាច់ នីមួយ​ៗ ។ ការងារ​ចម្លាក់​ប្រាក់​នេះ​បាន​ប្រើ​ពេលវេលា​យូរ ទើប​អាច​បានជា​ផលិតផល​ស​ម្រ​ច​មួយ​ដែល​ល្អ​» ។

លោ​កម​ម៉ាត់ រ៉ូ​ហ្សា បញ្ជាក់​ថា បើ​ក្បាច់​រយ​លោក​អាច​ធ្វើ​តែ​មួយ​ថ្ងៃ តែបើ​ក្បាច់​ធ្វើ​ដោយ​ផ្ចិតផ្ចង់​ប្រើ​ពេល​យូរ​ពី​បី​ទៅ​បួន​ថ្ងៃ​ឯណោះ ។ ប៉ុន្តែ​ស្រប​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​បាន​កើតឡើង​នៅ​កម្ពុជា ភ្ញៀវ​បរទេស​ធ្លាក់​ចុះ​ដល់​លេខ​សូន្យ​ហើយ​គ្មាន​អ្នក​កុម្ម៉ង់​ទិញ​រូបចម្លាក់ ផ្សេង​ៗ ធ្វើ​ឲ្យ​ប្រជាជន​ដែល​មាន​មុខរបរ​ជាងចម្លាក់​នៅ​ឃុំ​កំពង់ហ្លួង បោះបង់​មុខរបរ​នេះ​ស្ទើរតែ​ទាំងអស់ សូ​ម្បី​តែ​រូប​លោក​ប្រហែលជា​ឈប់​ប្រកប​មុខរបរ​ចម្លាក់​នេះ​ដែរ បើ​នៅ​តែ​គ្មាន​អ្នក​កុម្ម៉ង់​ទៀត​នោះ ។

អ្នកស្រី​កាម ម៉ា​រី​យ៉ា អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ចម្លង ឃុំ​កំពង់ហ្លួង អតីត​ឈ្មួញកណ្តាល​ទិញ​គ្រឿង​ចម្លាក់​ប្រាក់ និង​ស្ពាន់​ពី​អ្នក​ភូមិ​ពោធិ៍​តូច និង​ភូមិ​កំពង់ចម្លង​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាំង​ពីរ​នោះ​បាន​ចាប់​យកមុខ​របរ​ជាងទង​ឆ្លាក់​ប្រាក់ និង​ស្ពាន់ តាំងពី​សម័យ​សាធារណរដ្ឋ​ខ្មែរ​មក​ម្ល៉េះ ។ ពី​មុន​អ្នកស្រី​ជា​ឈ្មួញកណ្តាល​យក​ប្រាក់ និង​ស្ពាន់​ដាក់​តាម​ផ្ទះ​ជាងទង ឲ្យ​ពួក​គេ​ឆ្លាក់​តាម​អ្វី​ដែល​អ្នកស្រី​ចង់បាន ។ មុខរបរ​ជាងទង​នេះ ប្រជាជន​ភូមិ​កំពង់ចម្លង និង​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង នាំ​គ្នា​ប្រកប​របរ​នេះ​ស្ទើរ​គ្រប់​ផ្ទះ ។ មក​ដល់​សម័យនេះ ក៏​នៅ​បន្ត​មុខរបរ​ជាងទង​ដដែល ព្រោះ​វា​ជា​រប​រត​ពី​ពី​ដូច​តា​មក ម្យ៉ាងវិញទៀត​មិន​ចង់​បាត់បង់ ។

អ្នកស្រី​កាម ម៉ា​រី​យ៉ា បញ្ជាក់​ថា «​ប្រហែល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ប្រកប​របរ​ជាងទង​មួយ​ចំនួន​ធំ​បាន​បោះបង់​ជា បណ្តើរ​ៗ ។ មូលហេតុ​ដោយសារ​តែ​គ្មាន​អ្នក​កុម្ម៉ង់​ឲ្យ​ធ្វើ ហើយ​បើ​បាន​ម៉ូយ​ឲ្យ​ធ្វើ​រូបចម្លាក់​អ្វីមួយ ត្រូវ​ប្រើ​ពេល​យូរ រួច​ប្រាក់​កម្រៃ​បាន​តិចតួច​មិន​សម​នឹង​តម្លៃ​ពលកម្ម​។ ដូច្នេះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ជាងទង​ទាំង​២​ភូមិ​ផ្អាក​ប្រកប​មុខរបរ​នេះ​តែ​ម្តង ។ ជាក់ស្តែង​ដូច​ឃើញ​ស្រាប់ ចាប់ពី​ក្បាល​ភូមិ​ដល់​ចុង​ភូមិ​ទាំងអស់​លែង​ឮ​សូរ​សំឡេង​ដំ​ដែក​លាន់ឮ​រំពង​ដូច​កាលពីមុន​ទៀត​ហើយ ។

ចំណែក​ខ្ញុំ​ក៏​ឈប់​ប្រកប​មុខរបរ​ទិញ ឬ​កុម្ម៉ង់​គ្រឿង​ចម្លាក់​ទៀត​ដែរ ដោយ​ចាប់​យកមុខ​របរ​ធ្វើ​ជា​គ្រូ​ព្យាបាល​ជំងឺ​ឫសដូងបាត​វិញ​ម្តង ដែល​ខ្ញុំ​ចេះ​បន្ត​ពី​ឪពុក ។ ដោយឡែក​អ្នក​ភូមិ​កំពង់ចម្លង​និង​ភូមិ​ពោធិ៍​តូច នាំ​គ្នា​បោះបង់​មុខរបរ​ជាងទង​ចម្លាក់​ប្រាក់​ស្ពាន់​នេះ ខ្ញុំ​មាន​សោកស្តាយ​ជា​ខ្លាំង តែ​មិនដឹង​ធ្វើ​ម្តេច​ដោយសារ​ជីវភាព និង​គ្មាន​ទីផ្សារ​ផង »​។

ម្ចាស់​ហាង​លក់​គ្រឿង​ចម្លាក់​ប្រាក់​មួយ​កន្លែង​នៅ​ក្បែរ​ចំណតរថយន្ត​បាត់ដំបង ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូច​ពេញ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ហាង​របស់​គាត់​លក់​គ្រឿងប្រាក់​មិនសូវ​ដាច់​ទេ ក្រោយ​ពី​ប្រទេស​យើង​កើត​ជំងឺ​កូ​វី​ដ​១៩ ម្យ៉ាងទៀត​គ្មាន​ភ្ញៀវ​បរទេស​ចូល​មក ។ ដោយឡែក​ការ​កុម្ម៉ង់​ទិញ​រូបចម្លាក់​ពី​ជាងទង​ក្នុងស្រុក​ឥឡូវ​ពិបាក​ខ្លាំង​ណាស់ ព្រោះ​ជាងទង​នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ហាក់ដូចជា​បោះបង់​មុខរបរ​ចម្លាក់​ស្ទើរ​ពេញ​មួយ​ឃុំ​នោះ​ទៅ​ហើយ ។

ប្រភព​ដដែល​និយាយ​ថា​«​សូម​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ មេត្តា​ជួយ​រក​ទីផ្សារ​លក់​គ្រឿង​ចម្លាក់​នេះ​ផង យើង​ត្រូវ​គាំទ្រ​សិប្បកម្ម​ជាងទង​ចម្លាក់​ខ្មែរ​ធ្វើ​ពី​ស្ពាន់ ប្រាក់ និង​ទង់ដែង​ដែល​ជា​ស្នាដៃ​ខ្មែរ​» ។

សិប្បកម្ម​ជាងទង​ចម្លាក់​ខ្មែរ​ដ៏​ល្អ​ប្រណីត ធ្វើ​ពី​ស្ពាន់ ប្រាក់ និង​ទង់ដែង​មាន​ច្រើន​ប្រភេទ និង​ច្រើន​សណ្ឋាន តម្រូវ​តាម​ចំណូលចិត្ត​នៃ​ចម្លាក់​របស់​អ្នក​ប្រើ ដោយ​គេ​ឃើញ​មាន​ដូច​ជា​ចម្លាក់​ផ្តិល ក្អម ឆត្ររួត តុ​ម្ភ​កំបោរ ប្រអប់​ស្លា ប្រអប់​ក្រដាស​ជូត​មាត់ ប៉ាន់តែ រូប​ផ្លែ​ល្ពៅ និង​រូប​សត្វ​នានា​ផង​ដែរ គឺ​បាន​រចនា និង​សម្រិតសម្រាំង​ផ្ចិតផ្ចង់​ពី​ក្រុម​សិប្បកម្ម​ភ្ញីទេស ។ ក្រុម​សិប្បកម្ម​ភ្ញីទេស នៅ​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ហាក់​ថយ​ចំនួន​ក្រុម​គ្រួសារ​ប្រកប​អាជីព​ទៅ​ហើយ តែ​រាល់​បណ្តុំ​ស្នាដៃ​នៃ​ចម្លាក់ នៅ​តែ​អាច​រក្សា​បាន​គុណភាព និង​ទឹកដៃ​ដ៏​ប្រណីត​របស់​ខ្លួន​៣​ជំនាន់​មក​ហើយ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ