ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ Sarach Yooyen និយាយ​​បែបនេះ​ ក្រោយ​ចូលរួម​ជាមួយ​ក្លិប Pathum United

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ខ្សែបម្រើ Sarach Yooyen បាន​បញ្ចប់​សព្វគ្រប់ សម្រាប់​ការ​ផ្លាស់​ពី​ក្រុម SCG Muang Thong…

ប្រទេស​ថៃ ៖ ខ្សែបម្រើ Sarach Yooyen បាន​បញ្ចប់​សព្វគ្រប់ សម្រាប់​ការ​ផ្លាស់​ពី​ក្រុម SCG Muang Thong United ទៅ​ចូលរួម​ជាមួយ​ក្លិប BG Pathum United ដែល​ស្ថិត​ក្នុង​លី​គ​កំពូល​ថៃ ។

សមាជិក​ក្រុម​ជម្រើសជាតិ​ថៃ​វ័យ ២៧​ឆ្នាំ​រូប​នេះ បាន​ធ្វើការ​បង្ហាញ​មុខជា​ផ្លូវការ​ក្នុង​ក្លិប​ថ្មី ជាមួយ​គ្រូបង្វឹក​លោក Dusit Chalermsan កាលពី​ថ្ងៃ​អង្គារ ។

ព័ត៌មាន​លម្អិត​អំពី​តម្លៃ​នៃ​ការ​ផ្ទេរ មិន​ត្រូវ​បាន​បង្ហាញ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ជិត​ស្និត​បាន​អះអាង​ថា តម្លៃ​នៃ​ការ​ផ្ទេរ​សម្រាប់​កីឡាករ Sarach Yooyen ប្រមាណ ៣០​លាន​បាត ហើយ​កីឡាករ​រូប​នេះ នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​ប្រហែល ៥៥​ម៉ឺន​បាត​ក្នុង​មួយ​ខែ​ពី​ក្លិប​ថ្មី ។

សូម​បញ្ជាក់​ជូន​ថា Sarach Yooyen ស្ថិត​ក្នុង​កីឡាករ​កំពូល ដែល​បាន​ចាក​ចេញពី​ក្លិប SCG Muang Thong United ជា​អចិន្ត្រៃយ៍ ឬ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្នុងឆ្នាំនេះ​។ ខណៈ ៤​នាក់​ផ្សេង​ទៀត​បាន​ចូលរួម​ជាមួយ​ក្លិប Port FC មាន​ដូច​ជា ខ្សែការពារ Adisorn Promrak, ខ្សែបម្រើ Charyl Chappuis, ខ្សែ​ប​ម្រ​យុទ្ធ Heberty Fernandes (​ខ្ចី​ជើង​) និង​ខ្សែប្រយុទ្ធ Adisak Kraisorn (​ខ្ចី​ជើង​) ។

Sarach Yooyen បាន​ថ្លែង​ពី​អារម្មណ៍​ខ្លួន ពេល​មក​ដល់​ក្លិប​ថ្មី​ថា «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ Pathum United ។ ដែល​ជា​ក្រុម​មានការ​គ្រប់គ្រង​ល្អ និង​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ដណ្តើម​ពានរង្វាន់​»​។

«​នៅ​ពេល​ខ្ញុំ​សំរេចចិត្ត​ចាក​ចេញពី Muang Thong ខ្ញុំ​បាន​ប្រាប់​ភ្នាក់ងារ​របស់ខ្ញុំ នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ស្វែងរក​។ មាន​ក្លិប ២ ឬ ៣ ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​ខ្ញុំ ប៉ុន្តែ​បន្ទាប់​ពី​គិត​ចប់ ខ្ញុំ​បាន​សំរេចចិត្ត​ចូលរួម​ជាមួយ​ក្រុម Pathum United ។ ពួក​គេ​គឺជា​ក្រុម​ដ៏​ធំ​មួយ ទោះបីជា​ពួក​គេ​ទើបតែ​វិល​ត្រឡប់​មក​កាន់​លី​គ​កំពូល​វិញ​ក៏​ដោយ បន្ទាប់​ពី​ចំណាយពេល​មួយ​ឆ្នាំ​នៅ Thai League 2» ។

«Pathum United មាន​មនុស្ស​ដែល​មាន​កម្លាំងចិត្ត​ក្នុង​ការ​គ្រប់គ្រង ដែល​ចង់​ជួយ​ក្លិប​ឱ្យ​ទទួល​បាន​ជោគជ័យ​។ ក្រៅពី​នេះ​ខ្ញុំ​ក៏​មាន​មិត្តភក្តិ​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ផង​ដែរ​» ។

ក្រឡេក​មើល​មក​បច្ចុប្បន្នភាព ក្រុម BG Pathum United កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​តារាង Thai League 1 ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ​៣ Port FC ហើយ​នៅ​ពីក្រោយ​ក្រុម Bangkok United និង Ratchaburi ។ ខណៈ​ក្រុម Muangthong United ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៧ មុន​ពេល​លី​គ​ត្រូវ​បាន​ផ្អាក ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​ថៃ ៕ (ដកស្រង់​ចេញពី bangkokpost)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ