ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ដើរ​ទិញ​មាន់​ត្អូញត្អែរ​ពិបាក​រក​ប្រាក់​ចំណូល​ក្នុង​រដូវ​កាល​កើត​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឥទ្ធិពល​នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​កម្ពុជា​បើ​ទោះបីជា​ការ​ឆ្លង​និង​ការ​រីក​រាល​នៅ​ប្រទេស​មួយ​នេះ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ក៏​ពិតមែន តែ​វិស័យ​សំខាន់​ជា​ច្រើន រួម​ទាំង​អ្នក​ប្រកប​របរ​តូចតាច​កំពុង​រង​គ្រោះ​ឡើង​ស្ពឹក​មុខ តួយ៉ាង​មុខរបរ​ដើរ​ទិញ​មាន់​សម្រាប់​ធ្វើការ​លក់​បន្ត​ទៅ​អ្នក​លក់រាយ​ផ្សេង​ៗ​ទៀត​កំពុង​ធ្ងន់ធ្ងរ ដោយសារ​តែ​រក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​ធ្លាក់​ចុះ​ហួសការ​រំពឹង​ទុក ។ លោក ឈឿ​ន…

រាជធានី​ភ្នំពេញ​៖ ឥទ្ធិពល​នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​កម្ពុជា​បើ​ទោះបីជា​ការ​ឆ្លង​និង​ការ​រីក​រាល​នៅ​ប្រទេស​មួយ​នេះ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ក៏​ពិតមែន តែ​វិស័យ​សំខាន់​ជា​ច្រើន រួម​ទាំង​អ្នក​ប្រកប​របរ​តូចតាច​កំពុង​រង​គ្រោះ​ឡើង​ស្ពឹក​មុខ តួយ៉ាង​មុខរបរ​ដើរ​ទិញ​មាន់​សម្រាប់​ធ្វើការ​លក់​បន្ត​ទៅ​អ្នក​លក់រាយ​ផ្សេង​ៗ​ទៀត​កំពុង​ធ្ងន់ធ្ងរ ដោយសារ​តែ​រក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​ធ្លាក់​ចុះ​ហួសការ​រំពឹង​ទុក ។

លោក ឈឿ​ន អ្នក​ដើរ​ទិញ​មាន់នៅ​តាម​ភូមិ និង​តំបន់​មួយ​ចំនួន​នៅ​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​លោក​ដើរ​ទិញ​មាន់ គឺ​ពិបាក​រក​ប្រាក់​ចំណេញ​ណាស់ ធ្វើ​ឲ្យ​លោក​ចង់​ឈប់​រកស៊ី​ដើរ​ទិញ​មាន់​ហើយ ។ លោក​បាន​បញ្ជាក់​ថា គាត់​ពិបាក​រក​ប្រាក់​ចំណេញ ដោយសារ​តែ​អ្នកលក់ (​ពលរដ្ឋ​ចិញ្ចឹម​មាន់​) លក់​ចង់បាន​ថ្លៃ​ខ្ពស់ ខណៈ​អាជីវករ​លកដូរ​នៅ​តាម​ផ្សារ​រក​ទិញ​មាន់​តែ​ក្នុង​តម្លៃ​ថោក ។

លោក​បាន​ត្អូញត្អែរ​ថា​« ការ​ចិញ្ចឹម​មាន់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​មិនសូវ​ជា​សំបូរ​នោះ​ទេ បើ​ការ​ចិញ្ចឹម​មាន់​សំបូរ​យើង​ដើរ​ទិញ គឺ​ទិញ​បាន​មាន់​ថោក​ហើយ (​ធូរ​ថ្លៃ​) ។ មាន់​សំបូរ​តែ​នៅ​លើ​ទីផ្សារ​ទេ តែ​ដើរ​រក​ទិញ​នៅ​តាម​ភូមិ​ក្នុង​តំបន់​មិន​សំបូរ​នោះ​ទេ​»​។

បើ​តាម​លោក​ឈឿ​ន ក្នុង​រដូវ​ល​កាល​កម្ពុជា​កើត​ជំងឺ​កូ​វី​ដ​១៩​នេះ តម្លៃ​មាន់​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​ពី​១៥.០០០ ទៅ​១៦.០០០​រៀល​តាម​ប្រភេទ​មាន់ តែ​ពេល​យក​មក​លក់​បន្ត​គេ គឺ​ឈ្មួញ​នៅ​ផ្សារ​ឱ្យ​ត្រឹមតែ ១៦.០០០​រៀល ប្រហាក់ប្រហែល​នឹង​ដើម​ដែល​លោក​បាន​ទិញ​មក​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ ដូច្នេះ​លោក​ពិបាក​រក​ប្រាក់​ចំណេញ​ណាស់ ជួនកាល​ចង់​ចូល​ដើម​ផង ។

លោក​លើក​ឡើង​ថា «​តាំងពី​កម្ពុជា​កើត​ជំងឺ​កូ​រ៉ូ​ណា​នេះ​មក នៅ​លើ​ទីផ្សារ​មាន់​សំបូរ​រាល់ថ្ងៃ​លក់​មិនសូវ​ដាច់​សំបូរ​តែ​ឈ្មួញ​ទិញ​និង​លក់​មាន់​ហើយ​ហ៊ាន​ទិញ​តែ​ក្នុង​តម្លៃ​ថោក​។ សព្វថ្ងៃ​រកស៊ី​ចប់​ហ្មង រក​ប្រាក់​ចំណេញ​មិន​បាន តាំងពី​កូ​រ៉ូ​ណា​កើតមក​ក្នុង​មួយ​ថ្ងៃ រក​ប្រាក់​បាន​២០.០០០ ឬ​៣០.០០០​រៀល គ្រាន់តែ​ឱ្យ​កូន​ចាយ​និង​ទៅ​រៀន​មិន​គ្រាន់​ផង តែបើ​មុន​កើត​កូ​រ៉ូ​ណា​ក្នុង​មួយ​ថ្ងៃ ពេល​ខ្លះ​អាច​រក​ប្រាក់​ចំណេញ​ដល់​១០​ម៉ឺន​រៀល​»​។
បើ​តាម​លោក​ឈឿ​ន មាន់​ទិញ​មក​ពី​ប្រជាពលរដ្ឋ​ថ្ងៃ​ខ្លះ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​ក្នុង​រង្វង់​១៨.០០០​រៀល​តែ​លក់​ចេញ​ទៅ​វិញ​គេ​ឱ្យ​តម្លៃ​ស្មើ​និង​តម្លៃ​ទិញ​ចូល​។​តាមតែ​ចិត្ត​ខឹង​បើ​មាន​ទ្រុងមាន់​ខ្លួនឯង ពេល​ដើរ​ប្រមូល​ទិញ​បាន​ទាំង​ប៉ុន្មាន​ប្រលែង​ដាក់​ក្នុង​ទ្រុង​ចិញ្ចឹម​ឱ្យ​អស់​ពេល​ឈ្មួញ​ទិញ​បន្ត​ឱ្យ​តម្លៃ​ថោក​។

លោក សុ​ន អាជីវករ ឬ​អ្នក​ប្រមូល​ទិញ​មាន់​យក​ទៅ​ផ្គង់​ផ្គង់​នៅ​ក្រុងភ្នំពេញ​បានឱ្យ​ដឹង មក​ដល់​សព្វ​ថ្ងៃនេះ​ការ​ផ្គត់ផ្គង់​មាន់​និង​តម្លៃ​មាន់​មានការ​ឡើង​ចុះ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។ តួយ៉ាង តម្លៃ​មាន់​ដែល​ទិញ​រាល់​ថ្ងៃនេះ មាន​បី​ប្រភេទ មាន​១៦.០០០ ដល់​១៨.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

លោក​បញ្ជាក់​ថា​តាំងពី​កម្ពុជា​កើត​មាន​ជំងឺ​កូ​វី​ដ​១៩​មក​តម្រូវការ​មាន់​ឬ​ការ​ផ្គត់ផ្គង់​មាន​ទៅ​ម៉ូយ​នៅ​ក្រុងភ្នំពេញ​មាន​ថយ​ចុះ​នៅ​ត្រឹម​ក្រោម​១០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ