ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាក​ដំណើរការ​ប្រកួត​លី​គ ​ធ្វើ​ឱ្យ​ក្លិប​បាល់​ទាត់​បង្ខំចិត្ត​កាត់​ប្រាក់ខែ​កីឡាករ​និង​គ្រូបង្វឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផ្អាក​ដំណើរការ​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រមាណ​ជាង​១​ខែ​មក​ហើយ​នេះ​ធ្វើ​ឱ្យ​ក្លិប​បាល់ទាត់​នីមួយ​ៗ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​បង្ខំ​ឱ្យ​ក្លិប​មួយ​ចំនួន​ធំ​កាត់​ប្រាក់​ខែ​បុគ្គលិក កីឡាករ និង​គ្រូបង្វឹក​ពី​៣០​ទៅ​៥០​ភាគរយ​ប៉ុ​ន្ត​មិន​ប៉ះពាល់​ដល់​កិច្ចសន្យា​រវាង​កីឡាករ និង​ក្លិប​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ការ​ផ្អាក​ដំណើរការ​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រមាណ​ជាង​១​ខែ​មក​ហើយ​នេះ​ធ្វើ​ឱ្យ​ក្លិប​បាល់ទាត់​នីមួយ​ៗ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​បង្ខំ​ឱ្យ​ក្លិប​មួយ​ចំនួន​ធំ​កាត់​ប្រាក់​ខែ​បុគ្គលិក កីឡាករ និង​គ្រូបង្វឹក​ពី​៣០​ទៅ​៥០​ភាគរយ​ប៉ុ​ន្ត​មិន​ប៉ះពាល់​ដល់​កិច្ចសន្យា​រវាង​កីឡាករ និង​ក្លិប​នោះ​ទេ ។

លោក ទេព ឡុ​ង​រចនា គ្រូ​បង្គោល​ក្លិប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ បាន​ប្រាប់​ឱ្យ​ដឹង​ថា សព្វថ្ងៃ​ទាំង​ប្រាក់ខែ​គ្រូ​និង​ប្រាក់ខែកីឡាករ​គឺ​បានការ​ជួយ​ឧបត្ថម្ភ​ពី​ស្ថានីយ​ទូរ​ទស្សន៍​និង​វិទ្យុ​នៃ​កង​យោធពលខេមរភូមិន្ទ​មួយ​មុខ​គត់ ។ ចាប់តាំងពី​កើត​មាន​ជំងឺ​កូ​វី​ដ​-១៩ ក្លិប​របស់​លោក​ត្រូវ​បាន​រំសាយ​ការ​ហ្វឹកហាត់​ជា​លក្ខណៈ​ប្រមូលផ្ដុំ ។

ប៉ុន្តែ​មិនមែន​មាន​ន័យ​ផ្អាក​ហ្វឹកហាត់​ទាំងស្រុង​នោះ​ទេ គឺ​ហាត់​មួយ​ថ្ងៃ​ខាន​មួយ​ថ្ងៃ ទោះបីជា​ក្នុង​ថ្ងៃ​ហ្វឹកហាត់​ក៏​ដោយ​ក៏​ត្រូវ​បំបែក​គ្នា​ជា​ក្រុម​តូច​ៗ​ដែល​មាន​គ្នា​ចាប់ពី​៥​នាក់​ទៅ​១០​នាក់ និង​ត្រូវ​រក្សា​គម្លាត​គ្នា​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ លោក​បញ្ជាក់​បន្ថែម​ថា ចំពោះ​ប្រាក់ខែ​កីឡាករ គ្រូបង្វឹក​និង​គ្រូ​ជំនួយ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​កាត់​បន្ថយ​ពាក់កណ្ដាល​ដូច​គ្នា​។

លោក មាស ចាន់​ណា គ្រូ​បង្គោល​ក្លិប​បាល់​ទាត់​ណា​ហ្គា​វើ​ល ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា សព្វថ្ងៃ​ការ​ហ្វឹកហាត់​របស់​កីឡាករ​មាន​ខ្លះ​ហ្វឹកហាត់​ដោយ​ខ្លួនឯង​តាម​ផ្ទះ​ឬ​ទីតាំង​ណាមួយ​ដែល​មាន​លក្ខណៈ​អំណោយផល ។ ការ​ហ្វឹក​ហាត់​នេះ​ទៀត​សោត​គឺ​អនុវត្ត​តាម​កម្មវិធី​របស់​ក្លិប​ដាក់​ឱ្យ​ទាំងអស់ ទាំង​ការ​ហ្វឹកហាត់​ផ្នែក​កម្លាំង​និង​បច្ចេកទេស​ឡើង​ទៅ ។

លោក​ថា កន្លង​មក​ទោះបីជា​រាជរដ្ឋាភិបាល​ប្រកាស​មិន​ឱ្យ​មានការ​ជួបជុំ​ហ្វឹកហាត់​ដើម្បី​បង្ការ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ក៏​ដោយ​ក៏​ក្លិប​របស់​លោក​នៅ​ព្យាយាម​រិះរក​ពេលវេលា និង​ដាក់​កម្មវិធី​ហ្វឹកហាត់​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ប៉ុន្តែ​ចំពោះ​ប្រាក់ខែ​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​លោក​មិន​អាច​ប្រាប់​បាន​នោះ​ទេ គ្រាន់តែ​អាច​ជម្រាប​ជូន​ថា ក្រោយ​ពី​កើតឡើង​នូវ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ក្រុមហ៊ុន​ណា​ហ្គា​ល​វើ​ល​ទាំងមូល​ត្រូវ​បាន​បិទ​ទាំងស្រុង​ធ្វើ​ឱ្យ​មានការ​បាត់បង់​ចំណូល ដូច្នេះ​ប្រាក់ខែ​បុគ្គលិក​ក៏​ត្រូវ​បាន​កាត់​បន្ថយ​៥០​ភាគរយ​ដែរ​។

លោក បែ មក​រា អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បឹង​កេ​ត​អង្គរ បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​កើត​មាន​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩​រហូត​មក​ទល់​ពេល​នេះ ការ​ហ្វឹកហាត់​ជា​លក្ខណៈ​ប្រមូលផ្ដុំ​របស់​ក្លិប​លោក​ក៏​ត្រូវ​បាន​រំសាយ​ដែរ​។

ក្លិប​តម្រូវ​ឱ្យ​កីឡាករ​ហ្វឹកហាត់​តាម​ផ្ទះ​និង​តាម​កម្មវិធី​ហ្វឹកហាត់​ដែល​បាន​បង្ហាញ​តាម​អន​ឡាញ
តែ​ប៉ុណ្ណោះ ទោះជា​មានការ​ប្រមូលផ្ដុំ​ក៏​ស្ថិត​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ដែរ ។ លោក​ក៏​បាន​លើក
ឡើង​ពី​ប្រាក់ខែ​គ្រូបង្វឹក បុគ្គលិក និង​កីឡាករ​ថា សុទ្ធតែ​ត្រូវ​បាន​កាត់​បន្ថយ​ពាក់កណ្ដាល ។

លោក​បញ្ជាក់​ថា ប្រាក់ខែ​ទាំងអស់​នៅ​ក្នុង​ក្លិប​ទាំងមូល​គឺ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​ជា​ដៃគូ​ផ្សេង​ៗ និង​មួយ​ចំនួន​ទៀត​ជា​ប្រាក់​របស់​ក្លិប​តែ​ម្ដង ។ ប៉ុន្តែ​ប​ច្ចប្ប​ន្ន​ក្រុម​ហ៊ុន​​ជា​ដៃគូ​មួយ​ចំនួន​ក៏​គេ​កាត់​បន្ថយ​ខ្លះ​ៗ​ដែរ​ដូច្នេះ​ការ​ចាយវាយ​លើ​ការ​ចំណាយ​ស្ទើរតែ​ទាំង
ស្រុង​ជា​បន្ទុក​របស់​ក្លិប ។

ជាមួយ​គ្នា​នេះ​លោក​រំពឹង​ថា អ្វី​ៗ​នឹង​ដំណើរ​ការ​ល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​ពី​មានការ​ប្រកាស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អនុញ្ញាត​ឱ្យ​មានការ​ប្រកួត​កីឡា​ឡើង​វិញ ប៉ុន្តែ​ជា​លក្ខណៈ​បិទទ្វារ​មិន​ឱ្យ​មាន​អ្នក​មើល​នោះ​ទេ ។ មក​ដល់​ពេល​នេះ យើង​កំពុង​តែ​រង់ចាំ​មើល​ការ​ប្រជុំ​សម្រេច​របស់​គណៈកម្មការ​ប្រកួត​​កីឡា​បាល់​ទាត់​កម្ពុជា​សិន ថា​តើ​ត្រូវធ្វើ​នៅ​ថ្ងៃ​ណា ។

ប៉ុន្តែ​បើ​តាម​ព័ត៌មាន​មិន​ទាន់​ផ្លូវការ​ថា អាច​នឹង​ដំណើរក​ារ​ប្រកួត​បាល់ទាត់​ទាំង​ក្របខ័ណ្ឌ​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន និង​ពានរង្វាន់​ក្របខ័ណ្ឌ​លី​គ​កំពូល​ឡើង​វិញ​នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ