ទ្រាំ​លែង​បាន​! បុរស​ម្នាក់​ប្តឹង Google Maps ធ្វើ​ឱ្យ​ជីវិត​ប្តី​ប្រពន្ធ​គាត់​ល្អក់​កករ


ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន Google ទៅ​លើ​កម្មវិធី Google Maps ដែល​គេ​ប្រើ​សម្រាប់​មើល​ផែនទី ដោយ​អះអាង​ថា ដោយសារ​តែ​កម្មវិធី​នេះ ទើប​ធ្វើ​ឱ្យ​ស្នេហា​ប្តី​ប្រពន្ធ​របស់​គាត់​មាន​ភាព​ល្អក់កករ​។

លោក R Chandrasekhar អាយុ​៤៩​ឆ្នាំ ដែល​មក​ពី​ខណ្ឌ Mayiladuthurai ប្រទេស​ឥណ្ឌា បាន​អះអាង​ថា កម្មវិធី Google Maps ចេះ​តែ​ដាក់​ទីតាំង​នៅ​លើ “Your Timeline” ដែល​ជា​កន្លែង​សម្រាប់​មើល​ថា គាត់​ធ្លាប់​បាន​ទៅ​ណាខ្លះ​កាលពីមុន​ៗ​។ ជា​ធម្មតា ឱ្យ​តែ​យើង​ទៅ​ដល់​ណា Google Maps នឹង​កត់​ត្រាទុក​នៅ​លើ​កន្លែង​នោះ​។ តែ​សម្រាប់​លោក Chandrasekhar វិញ គឺ​គាត់​មិន​បាន​ទៅ​កន្លែង​ណា ដូច​អ្វី​ដែល Google Maps បាន​ដាក់​ឡើយ​។

ប្រពន្ធ​គាត់​ចេះ​តែ​សួរនាំ​រហូត ដោយសារ​តែ​ឃើញ​គាត់​ទៅ​កន្លែង​ផ្តេសផ្តាស បើ​មើល​តាម Your Timeline​។ គាត់​រក​ពាក្យ​ឆ្លើយ​តប​មិន​រួច​ទេ ដោយសារ​តែ​វា​មិនមែន​ជា​កន្លែង​ដែល​គាត់​ធ្លាប់​ទៅ។

ពេល​នេះ លោក Chandrasekhar ក៏​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង Google នៅ​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន ដោយ​លើក​ឡើង​ពី​ហេតុផល​ថា វា​បាន​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​របស់​គាត់​ឈ្លោះ​គ្នា​។ ជាមួយ​គ្នា​នេះ​ដែរ គាត់​ក៏​បាន​ប្តឹង​ទារ​សំណង​ជា​សាច់ប្រាក់​ផង​ដែរ​។

ប៉ូលិស​មិន​ទាន់​បាន​ចាត់ការ​លើ​ករណី​នេះ​ទេ តែ​ពួក​គេ​នឹង​ហៅ​ប្តី​ប្រពន្ធ​មួយគូ​នេះ​មក​ពិភាក្សា​។ ប្រសិនបើ​និយាយ​គ្នា​មិន​ស្តាប់​ទៀត គេ​នឹង​បញ្ជូន​ឡើង​ទៅ​ថ្នាក់លើ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ