ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ខ្នាត​តូច​លក់​ទឹកអំពៅ​ចាយ​ទុន​តិច​តែ​អាច​រក​ប្រាក់​បាន​គួរសម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ចង់​រកស៊ី​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ មិនមែន​ទាល់តែ​មាន​ដើមទុន​រាប់​ម៉ឺន​ដុល្លារ​នោះ​ឡើយ ។ អាជីវកម្ម​លក់​ទឹកអំពៅ​ល័ត (​ម៉ូតូ​រ៉ឺ​ម៉ក​) ឬ​អ​ច​ល័​ត្រ គឺជា​មុខរបរ​មួយ​កំពុង​ពេញ​និយម​ខ្លាំង​ជា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​បងប្អូន​ក៏​ពេញ​និយម​ទទួលទាន​ទឹកអំពៅ​ផង​ដែរ…

រាជធានី​ភ្នំពេញ​ ៖ ចង់​រកស៊ី​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ មិនមែន​ទាល់តែ​មាន​ដើមទុន​រាប់​ម៉ឺន​ដុល្លារ​នោះ​ឡើយ ។ អាជីវកម្ម​លក់​ទឹកអំពៅ​ល័ត (​ម៉ូតូ​រ៉ឺ​ម៉ក​) ឬ​អ​ច​ល័​ត្រ គឺជា​មុខរបរ​មួយ​កំពុង​ពេញ​និយម​ខ្លាំង​ជា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​បងប្អូន​ក៏​ពេញ​និយម​ទទួលទាន​ទឹកអំពៅ​ផង​ដែរ ជា​ពិសេស​នៅ​ក្នុង​រដូវប្រាំង​ទៀត​សោត ទឹកអំពៅ​កាន់តែ​មាន​រសជាតិ​ផ្អែម​ខ្លាំង​ផង​ដែរ ។

យ៉ាងណាមិញ​ការ​លក់​ទឹកអំពៅ​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ក៏​មាន​ស្ថានភាព​ភាព​ខុស​គ្នា​ទៅ​តាម​កន្លែង​នានា ក្នុង​រាជធានី​ភ្នំពេញ​។ តួយ៉ាង​អ្នកលក់​ទឹកអំពៅ​ម្នាក់ លក់​នៅ​ជុំវិញ​ម្តុំ​ស្ពាន​ក្បាលថ្នល់​ឈ្មោះ ពូ អូន បាន​ប្រាប់​កោះសន្តិភាព​ថា »​ខ្ញុំ​លក់​ក្នុង​មួយ​ថ្ងៃ​បាន​គួរ​ស​ម្យ​ដែរ ដោយ​លក់​ក្នុង​មួយ​កែវ ២០០០៛ ពី​មុន​លក់​តែ ១៥០០៛​ទេ តែ​តាំងពី​ខែមិថុនា (​ខែ​មុន​) មក អំពៅ​ឡើង​ថ្ងៃ ចឹ​ង​ទៅ​ខ្ញុំ ក៏​ត្រូវ​លក់​ឡើង​ដែរ​។ ឥឡូវ​អំពៅ​មួយ​បាច់ ១២០០០៛ ទៅ​២០០០០៛» »​។

ពូ អូន បាន​បន្ត​ថា «​មុន​ចូល​ឆ្នាំ​ខ្មែរ ក្នុង​មួយ​ថ្ងៃ​គាត់​លក់​បាន ១០០,០០០៛ (​ដប់​ម៉ឺន​) ដល់​ក្រោយ​ចូល​ឆ្នាំ​គាត់​លក់​បាន​ជិត ២០០,០០០៛ (​ម្ភៃ​ម៉ឺន​) ហើយ​បើ​ផាត់​ដើម​ចេញ ចំណេញ​បាន បួនដប់​ម៉ឺន​រៀល​ដែរ​ក្នុង​មួយ​ថ្ងៃ​» ។ ដោយ​ការ​ចល័ត​លក់ តាំងពី​ព្រឹក​រហូត​យប់ ចាប់តាំងពី​ម៉ោង ៧​កន្លះ​ព្រឹក ដល់​ម៉ោង ៨​យប់ ពូ​អូន​លក់​តែ​ពី ទីតាំង​ត្រឹម​ស្ពាន​ក្បាលថ្នល់​ដល់​ផ្សារ​ទួល​ទំពូង​ប៉ុណ្ណោះ​។ ប៉ុន្តែ វា​ស្រ័យ​លើ​ការ​លក់​ដែល បើ​លក់​អស់ម៉ោង​៥​ឬ​៦ អី​គាត់​ឈប់​លក់​ហើយ​។ ពូ​អូន​បាន​រៀបរាប់​ថា គាត់​លក់​ទឹកអំពៅ​នេះ​ជិត​១០​ឆ្នាំ​ហើយ ដោយសារ​ពី​មុន​គាត់​រត់​ម៉ូតូឌុប តែ​មិន​អាច​ច​ញ្ចឹ​ម​ជីវិត​និង​ក្រុម​គ្រួសារ​គាត់​បាន ទើប​គាត់​ប្តូរ​មុខរបរ​នេះ​វិញ ហើយ​គាត់​មក​រស់នៅ​ភ្នំពេញ​តែ​ម្នាក់ឯង​ទេ នៅផ្ទះ​ជួល​(​មួយ​ខែ​៦០​ដុល្លារ​) ឯ​ប្រពន្ធ​កូន​នៅ​ស្រុក​។

អ្នកលក់​ទឹកអំពៅ​ចល័ត​ម្នាក់​ទៀត ដែល​លក់​ពី​ផ្សារ​កណ្តាល​មក​ឈរ​លក់​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី ២៥ ឧសភា​នេះ​ថា មួយ​រយៈ​នេះ​រាង​ស្ងាត់ បើ​កាលពី​អំឡុង​ចូល​ឆ្នាំ​វិញ នៅ​ម្តុំ​នេះ​ស្ងាត់ គាត់​លក់​មិនសូវ​បាន​ទេ​។

រីឯ​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ឯនោះ​វិញ ពូ ដឿ​ន ចាន់​ដ​ន លក់​ទឹកអំពៅ​ជិត ៤​ទៅ​៥​ឆ្នាំ​ហើយ តែ​មួយ​រយៈ​នេះ​មិនសូវ​លក់ដាច់​ទេ​។ ហើយ​គាត់​លក់​ពី​ម៉ោង​៧ ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។
ពូ​ចាន់​ដ​ន ដែល​មក​ប្រកប​មុខរបរ ក្នុង​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ថា «​បើ​ផាត់​ទាំង​ដើម​និង​ការ​ចំណាយ​ថ្ងៃ​សាំង​អី នៅ​សល់​ប្រហែល ៤​ទៅ​៥​ម៉ឺន ក្នុង​មួយ​ថ្ងៃ​។ មួយ​រយៈ​នេះ ខ្ញុំ​មិន​ហ៊ាន​លើកយក​មក​លក់​ច្រើន​ដូច​មុន​ៗ​ទេ ខ្លាច​លក់​សល់​ច្រើន​។ ប៉ុន្តែ​អំពៅ​អាច​ទុក​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ លើស​ពី​នឹង បើ​សល់​ដឹង​តែ​ខាត​ហើយ​។​»គាត់​លក់​ក្នុង​មួយ​កែវ ១០០០៛ ទៅ​២០០០៛ ហើយ​អំពៅ​លើកយក មួយ​ចាច់​តូច (១២​ដើម​) ៤​ទៅ​៥​ពាន់​រៀល​។
ពូ​ចាន់​ដ​ន មក​លក់​នៅ​ម្តុំ​នេះ គាត់​លក់ដាច់​ដោយសារ​ម៉ូយ​ទិញ​ដែរ​ទេ​។ បើ​តាម​លក់​ធម្មតា​ប្រហែល​មិន​ដាច់​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន​នៅ​តែ​បន្ត​បាន ដោយ​មិន​បាន​ទទួល​រង​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ក្នុងអំឡុងពេល​នេះ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​។

លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច មួយ​រូប​បាន​និយាយ​អា​ជី​កម្ម​ខ្នាត​តូច​ដូច​ជា ការ​លក់​ទឹកអំពៅ ឬ​ការ​លក់​ដូងក្រអូប​ឬ​ត្រជាក់ មិនជា​សូវ​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​ពួក​គាត់​ទេ​។លោក ជូ បាន​និយាយ​ថា «​ឧទាហរណ៍​ទៅ​លើ​អ្នកលក់​ទឹកអំពៅ ក្នុង​មួយ​ថ្ងៃ​គេ​លក់​បាន ៤​ទៅ​១០​ម៉ី​ន​ឯនោះ ហើយ​មិន​ចាំបាច់​ប្រើ​ដើមទន់​ច្រើន​ទៀត​។ ប៉ុន្តែ​គ្រាន់តែ​ថា វា​ត្រូវការ​ពេលវេលា ភាព​អត់ធ្មត់​ឧស្សា​រហ៍​ព្យ​យាម និង​កម្លាំង​ច្រើន​តែ​ប៉ុណ្ណោះ​» ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកលក់​ទឹកអំពៅ​បាន​ឲ្យ​ដឹង​ថា​ដើមទុន​សម្រាប់​ការ​ទិញ​ធុង​អំពៅ​ក៏​ដូច​ជា​ថ្លៃ​ម៉ូតូ​គឺ​ក្នុង​រង្វង់ ៨០០ ទៅ ១០០០ ដុល្លារ​នេះ​សម្រាប់​អ្នកលក់​ចល័ត តែ​សម្រាប់​អ្នកលក់​អ​ចល័ត (​លក់​នៅផ្ទះ ឬ​ទីតាំង​ណាមួយ​ជាក់លាក់​) គឺ​ចំណាយ​ទុន​រង្វង់ ៣០០​ទៅ ៤០០ ដុល្លារ​ទិញ​ធុង​ទឹកអំពៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ