កីឡាករ​​បាល់ទាត់​ម្នាក់​បំបែកកំណត់ត្រា​លេង​ឱ្យ​​ក្លិប​​ច្រើន​បំផុត​លើ​លោក


ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ Sebastián Abreu ដែល​មាន​រហស្សនាម​ថា «El Loco» គឺជា​កីឡាករ​បាល់ទាត់​តែ​ម្នាក់​គត់ ជាប់​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក (Guinness World Records) កាលពីដើម​ខែមករា ឆ្នាំ ២០១៨ ក្នុង​នាម​ជា​កីឡាករ​លេង​ឲ្យ​ក្លិប​អាជីព​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចំនួន ២៩​ក្លិប ។ ក្នុង​អាជីព​រយៈពេល​២៤​ឆ្នាំ Abreu បាន​លេង​នៅ១០​ប្រទេស​ផ្សេង​ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ ១៩៩៥ រហូត​ដល់​ពេល​បច្ចុប្បន្ន ។

សូម​រំលឹក​ថា Sebastián Abreu ជា​យុវជន​ថ្នាល​របស់​ក្លិប Defensor ក្នុង​ប្រទេស​កំណើត​នៅ​ឆ្នាំ ១៩៩៣ មុន​ពេល​ក្លាយជា​កីឡាករ​អាជីព​ក្លិប​នេះ ក្នុង​ឆ្នាំ ១៩៩៥​។ លេង​បាន​មួយ​រដូវ​កាល Abreu បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប San Lorenzo នៅ​អា​ហ្ស​ង់​ទី​ន ។

ខ្សែប្រយុទ្ធ​រូប​នេះ បាន​ដើរ​លើ​វិ​ថី​បាល់ទាត់​យ៉ាង​វែង​ឆ្ងាយ​របស់​ខ្លួន ក្នុង​ប្រទេស​ចំនួន ១០​ផ្សេង​គ្នា (​ទាំង​ចុះ​កុងត្រា និង​លក្ខខណ្ឌ​ខ្ចី​ជើង​) ក្នុង​នោះ​រួម​មាន​៖ ប្រទេស​អា​ហ្ស​ង់​ទី​ន​, អេ​ស្ប៉ា​ញ​, ប្រេ​ស៊ី​ល​, ម៉ិ​ក​ស៊ី​កូ​, អ៊ី​ស្រា​អែ​ល​, ក្រិ​ក​, អេ​ក្វា​ឌ័​រ​, ប៉ា​រ៉ា​ហ្គា​យ​, អែ​ល​សាល់​វ៉ា​ឌ័​រ និង​ឈី​លី ។

ក្នុង​អាជីព​រយៈពេល ២៤​ឆ្នាំ​ជាមួយ​ក្លិប​ទាំង ២៩ Abreu បាន​បង្ហាញខ្លួន​ចំនួន ៦៨៦​ប្រកួត ស៊ុត​បញ្ចូល​ទី​ចំនួន ៣៤៦​គ្រាប់ និង​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ផង​ដែរ ។ ដោយឡែក​ក្នុង​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ Abreu ត្រូវ​បាន​កោះហៅ​នៅ​ឆ្នាំ ១៩៩៦ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ៧០​ប្រកួត ស៊ុត​បញ្ចូល​ទី​ចំនួន ២៦​គ្រាប់​មុន​ពេល​សម្រេច​ព្យួរ​ស្បែកជើង​ពី​ក្រុម​ជម្រើសជាតិ​ក្នុង​ឆ្នាំ ២០១២ ដោយ​បាន​ឈ្នះ​ពានរង្វាន់ Copa América 2011​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន Sebastián Abreu មាន​តួនាទី​គ្រូបង្វឹក និង​កីឡាករ​ក្នុង​ក្រុម Boston River ចាប់តាំងពី​ចុះ​កុងត្រា​ជាមួយ​ក្លិប​នេះ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ