បណ្ណាល័យភូមិ យុវតីម្នាក់នៅសៀមរាប បង្កើតបានក្នុងសម័យកូវីដ
- សៀមរាប
សៀមរាប ៖ ក្នុងសង្គមកម្ពុជាជាដរាបមក ប្រជាពលរដ្ឋ មិនសូវមានវប្បធម៌ ចូលចិត្តអានសៀវភៅប៉ុន្មានទេ ។ ក្នុងបរិបទនេះ អ្នកមានធនធានមួយចំនួន ដែលស្រលាញ់ការអានសៀវភៅ…
សៀមរាប ៖ ក្នុងសង្គមកម្ពុជាជាដរាបមក ប្រជាពលរដ្ឋ មិនសូវមានវប្បធម៌ ចូលចិត្តអានសៀវភៅប៉ុន្មានទេ ។ ក្នុងបរិបទនេះ អ្នកមានធនធានមួយចំនួន ដែលស្រលាញ់ការអានសៀវភៅ…
សៀមរាប ៖ ក្នុងសង្គមកម្ពុជាជាដរាបមក ប្រជាពលរដ្ឋ មិនសូវមានវប្បធម៌ ចូលចិត្តអានសៀវភៅប៉ុន្មានទេ ។ ក្នុងបរិបទនេះ អ្នកមានធនធានមួយចំនួន ដែលស្រលាញ់ការអានសៀវភៅ បានប្រឹងប្រែងបង្កើតបណ្ណាល័យ នៅតាមភូមិ ដើម្បីបណ្តុះគំនិតឲ្យកុមារតូចៗ ជាពិសេសជម្រុញឲ្យយុវជន មានទម្លាប់ក្នុងការអានសៀវភៅ ។
បណ្ណាល័យភូមិ នៅក្នុងប្រទេសកម្ពុជា ក៏ឃើញមានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ ជាក់ស្តែងថ្មីៗនេះ យុវតីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុទ្ធ បុប្ផា មានឆន្ទៈដ៏គួរឲ្យស្ញប់ស្ញែង បានផ្ដួចផ្តើមបង្កើតបណ្ណាល័យភូមិមួយកន្លែង ចេញជារូបរាងបានដោយជោគជ័យ ដែលការចាប់ផ្តើមនោះមិនត្រូវការទ្រព្យសម្បត្តិមហាសាលឡើង តែវាកើតចេញពីសេចក្តីស្រលាញ់ និងមនសិការរបស់ប្អូនស្រី ។
ទីតាំងបណ្ណាល័យភូមិ ដែលគួរឲ្យចាប់អារម្មណ៍មួយនេះ ស្ថិតនៅក្នុងតំបន់ព្រៃអង្គរ ក្បែរស្រះស្រង់ ភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ។
បើតាមគណនីហ្វេសប៊ុករបស់កញ្ញា សុទ្ធ បុប្ផា បានអោយដឹងថា ដំបូងឡើយ ដោយសម័យកូវីដនេះ សុទ្ធ បុប្ផា ត្រូវនៅផ្ទះមិនបានទៅរៀនទេ នាងឧស្សាហ៍ឃើញក្មេងៗតាមភូមិ ចូលចិត្តអង្គុយជុំគ្នាលេងបៀរ និងលេងហ្គេម ហើយឥតដឹងថា កាលណាចូលរៀនវិញ ទើបកញ្ញា ពិភាក្សាជាមួយនឹងអ្នកភូមិម្នាក់ឈ្មោះ«ដា» (ស្ត្រីធ្លាប់ស្គាល់គ្នាជាមួយបុប្ផា ជិត៣ឆ្នាំហើយ) កាលពីល្ងាចថ្ងៃទី២៥ មេសា ២០២០ ចង់ផ្តួចផ្ដើមបង្កើត បណ្ណាល័យតាមភូមិ មួយ នៅផ្ទះគាត់ ដោយប្រមូលក្មេងៗមកអានសៀវភៅ ខ្ចីសៀវភៅ ផាត់ពណ៌ មើលវីដេអូបង្រៀន និងមករៀនជុំគ្នា ។ ការបង្កើតបណ្ណាល័យភូមិនេះ មិនធ្វើតែសម្រាប់រដូវកាលកូវីដទេ ប៉ុន្តែសម្រាប់រដូវកាលកូវីដ យើងអនុញ្ញាតិឲ្យតែខ្ចីសៀវភៅ និងសម្ភារមួយចំនួន យកទៅអាន និងយកទៅផាត់នៅផ្ទះប៉ុណ្ណោះ។ ប្រសើរជាងឲ្យពួកគាត់ទំនេរ ទៅអង្គុយលេងបៀរ ឬលេងហ្គេមដែរ ។
ក្រោយពិភាក្សា បងស្រី ដា ដែលធ្លាប់ស្គាល់គ្នាជាមួយបុប្ផា គាត់ក៏យល់ព្រម ស្ម័គ្រចិត្តជួយសម្របសម្រួល និងផ្ដល់កន្លែងឲ្យសម្រាប់ធ្វើជាបណ្ណាល័យ គឺនៅផ្ទះរបស់បងស្រីតែម្តង មានទីតាំងដូចខាងលើ ។
ចាប់ផ្ដើមបង្កើតលើកដំបូង ប្អូនស្រី សុទ្ធ បុប្ផា បានប្រកាសលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «ត្រូវការអ្នកបរិច្ចាគសៀវភៅ មិនថាចាស់ ឬថ្មី គ្រប់កម្រិត និងគ្រប់ប្រភេទ សម្រាប់បង្កើតបណ្ណាល័យ» មួយនេះ ។
ក្រោយប្រកាសរៃអង្គាស មានមិត្តភក្តិក្នុងបណ្តាញសង្គម បានឧបត្ថម្ភ ដល់ប្អូនស្រី បុប្ផា ជាបន្តបន្ទាប់ រួមមានធ្នើរ សម្រាប់ដាក់សៀវភៅ ចំនួន៣ និងសៀវភៅអាន ចាស់ៗ និងថ្មី សៀវភៅពុម្ព សៀវភៅសរសេរ និងសម្ភារទៀត ដូចជា ប៊ិច បន្ទាត់ ជាដើម ។
នៅថ្ងៃទី១៧ ឧសភា ២០២០ បណ្ណាល័យភូមិ បានលេចរូបរាងឡើង ដោយមានស្លាក លាបថ្នាំពណ៌លឿងលើស័ង្កសី និងសរសេរអក្សរពណ៌ខ្មៅដាក់ថា «បណ្ណាល័យភូមិ អារក្សស្វាយ អាន គិត និងអនុវត្ត ដោយឥតគិតថ្លៃ»។ ស្លាកហ្នឹងធ្វើអស់តែ៣ម៉ឺនរៀលទេ ។ នៅថ្ងៃនោះដែរ ប្អូនស្រី បុប្ផា មានឱកាសស្ដាប់ក្មេងៗអានសៀវភៅដោយផ្ទាល់! ប៉ុន្តែគួរឲ្យស្រឡេតចិត្តបន្តិច ត្រង់ថាក្មេងខ្លះ រៀនថ្នាក់ទី៥ហើយ គ្នាឥតទាន់ចេះប្រកប ឬអានតួអក្សរអស់ទេ ! ដូច្នេះ ការពង្រឹងអំណាន សម្រាប់កុមារ គឺជាការចាំបាច់ ហើយបណ្ណាល័យភូមិ នឹងត្រូវរៀបចំកម្មវិធីមួយចំនួន ដើម្បីលើកទឹកចិត្តកុមារអានឲ្យបានច្រើន និងអានឲ្យបានស្ទាត់ជាងនេះ ។
កញ្ញា សុទ្ធ បុប្ផា បានអោយដឹងថា បងស្រី ដា ជាអ្នកស្ម័គ្រចិត្តភូមិ និងខ្ញុំ សុទ្ធតែឥតជំនាញ ខ្ញុំនិងគាត់គ្មានបទពិសោធន៍ខាងគ្រប់គ្រងបណ្ណាល័យទេ ។ អ្វីផ្សេងទៀត ខ្ញុំនិងគាត់ឥតចេះទេ មិនដឹងថា ត្រូវគ្រប់គ្រងបណ្ណាល័យឲ្យមានប្រសិទ្ធភាព គេត្រូវធ្វើបែបណា ហើយត្រូវមានអីខ្លះ ? ដឹងតែពួកយើងមានឆន្ទ: ដឹងតែយើងនឹងប្រឹងធ្វើវា ដើម្បីប្រយោជន៍អ្នកភូមិ ឲ្យចាប់ផ្ដើមអានសៀវភៅ និងរៀនប្រើប្រាស់បណ្ណាល័យ សម្រាប់ប្រយោជន៍ខ្លួនឯងទៅថ្ងៃមុខ ។ ចង់ឲ្យអ្នកភូមិរៀនដឹកនាំខ្លួនឯង ដើម្បីបណ្ណាល័យភូមិ ក្លាយជាគំរូ ដល់ភូមិដទៃទៀត ឲ្យគេចង់ធ្វើ និងដឹកនាំខ្លួនឯងដែរ ។
កញ្ញា សុទ្ធ បុប្ផា ក៏បានបញ្ជាក់ដែរថា ទីតាំងជាផ្ទះរបស់អ្នកភូមិ សៀវភៅគេឲ្យអ្នកភូមិ ហើយលុយឧបត្ថម្ភសម្រាប់ទិញសៀវភៅ ក៏គេឲ្យអ្នកភូមិ មិនមែនឲ្យខ្ញុំឯណា អ៊ីចឹង បណ្ណាល័យភូមិ វាជារបស់អ្នកភូមិហើយ មិនមែនជាកម្មសិទ្ធិរបស់ខ្ញុំ ឬអ្នកណាម្នាក់ទេ ។ ខ្ញុំគ្រាន់តែជួយផ្ដួចផ្ដើម ផ្ដល់គំនិត សម្របសម្រួល និងរៃអង្គាសប៉ុណ្ណោះ ។ ផុតពីនោះ អ្នកភូមិនឹងត្រូវធ្វើខ្លួនឯង ។
សូមជម្រាបថា កោះសន្តិភាពនៅពុំទាន់ស្គាល់អត្តសញ្ញាណកញ្ញា សុទ្ធ បុប្ផា ច្បាស់នៅឡើយទេ បើមានឱកាសភ្នាក់ងារប្រចាំខេត្តសៀមរាប នឹងចុះទៅទីតាំងផ្ទាល់ ដើម្បីសាកសួរព័ត៌មានលម្អិត តែម្តង ។
ប្រសិនបើបងប្អូន មានទឹកចិត្តសប្បុរសចង់ឧបត្ថម្ភសម្ភារសិក្សា ពិសេសសៀវភៅអាន ឫបរិច្ចាគថវិកា សូមទំនាក់ទំនងទៅកាន់កញ្ញា សុទ្ធ បុប្ផា ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 077 64 64 19 ៕
ចែករំលែកព័តមាននេះ