សម្តេច​តេ​ជោបើកភ្លើង​ខៀវ​ឱ្យ​​កីឡា​មួយ​​ចំនួន​មាន​សកម្មភាព​ប្រកួត​​ឡើង​វិញ


រាជធានី​ភ្នំពេញ ៖ កីឡា​មួយ​ចំនួន​ដែល​បាន​ផ្អាក​សកម្មភាព​ទាំង​ការ​ហ្វឹកហាត់ ទាំង​ការ​ប្រកួត​ដើម្បី​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ អស់​រយៈពេល​ជាង​២​ខែ​កន្លង​មក​នោះ​ពេល​នេះ​ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​កីឡា​មួយ​ចំនួន​ដែល​មានកម្ម​វិធី​ប្រកួត​នោះ ត្រូវ​មាន​សកម្មភាព​ឡើង​វិញ​ប៉ុន្តែ​ត្រូវធ្វើ​ក្នុង​លក្ខណៈ​បិទទ្វារ​មិន​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​នោះ​ឡើយ ។

នៅ​ក្នុង​សារ​ជា​សំឡេង​ដើម​របស់​សម្ដេចតេ​ជោ នា​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា បាន​ឲ្យ​ដឹងថា ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​, ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា គប្បី​ធ្វើការ​ពិភាក្សា​គ្នា​ដើម្បី​បើក​ឱ្យ​មានការ​ប្រកួត​កីឡា​មួយ​ចំនួន​ឡើង​វិញ ។ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា កន្លង​មក​ទាក់ទង​វិស័យ​កីឡា គឺ​យើង​បាន​អនុញ្ញាត​ឱ្យ​តែ​កីឡាប្រដាល់​ធ្វើការ​ប្រកួត​ដោយ​បិទទ្វារ ឯ​កីឡា​ដទៃ​ទៀត​គឺ​ស្ងប់ស្ងាត់ ។

សម្រាប់​ពេល​នេះ យើង​ពិនិត្យ​ឃើញ​ថា យើង​គួរ​ចាប់ផ្ដើម​ឲ្យ​មាន​សកម្មភាព​កីឡា​គ្រប់​ប្រភេទ​គ្រប់​ទម្រង់​ទាំង​បាល់ទាត់​បាល់ទះ បាល់បោះ និង​កីឡា​ប្រភេទ​ដទៃ​ទៀត ប៉ុន្តែ​ប្រសិនជា​មានការ​ប្រកួត ក៏​ប្រកួត​បិទទ្វារ​ដដែល ។ សម្ដេច​យល់​ថា ហានិភ័យ​នៅ​កន្លែង​ការ​ប្រកួត​កីឡា​មិនជា​មាន​ច្រើន​ប៉ុន្មាន​ទេ ដោយ​យើង​កំណត់​ទាក់ទិន​នឹង​ការ​ប្រកួត​ដូច​ជា​បាល់ទាត់ យើង​មិន​ត្រូវ​ឲ្យ​មាន​អ្នក​ចូល​ទៅ​មើល​ទេ គឺ​ក្នុង​១​កន្លែង​ប្រកួត​ហ្នឹង យ៉ាងច្រើន​ប្រើប្រាស់​បើ​ថា​បាល់ទាត់​វា​អាច​ថា​៥០​ឬ​៦០ នាក់​ប៉ុណ្ណោះ ទាំង​គ្រូបង្វឹក ទាំង​កីឡាករ ហើយ​ទីធ្លា​ក៏​ធំ​ដែរ ។

បាល់ទះ បាល់បោះ​ក៏​ដូច្នេះ​ដែរ គឺ​វា​មិន​ច្រើន​ទេ ហើយ​ប្រភេទ​កីឡា​ផ្សេង​ៗ​ទៀត​ក៏​ដូច​គ្នា​ដែរ ។ ដូច្នេះ​ហានិភ័យ​វា​មិនជា​ខ្ពស់​ទេ​ហើយ​ប្រយ័ត្ន​ទៀត យើង​ប្រគល់​ឲ្យ​សហព័ន្ធ​នីមួយ​ៗ​ជាមួយ​ក្លិប​ជា​អ្នក​ទទួលខុសត្រូវ​។ កន្លែង​ប្រកួត​យើង​ក៏​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់​ទៅ​លើ​បញ្ហា​ការ​ត្រួតពិនិត្យ​កម្ដៅ ការ​ត្រួតពិនិត្យ​ផ្សេង​ៗ​មុន​នឹង​ឲ្យ​ចូល​ទៅ​ធ្វើការ​ប្រកួត ។ ដូច្នេះ​ស្នើ​ឲ្យ​ឱ​ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​បី​ពិនិត្យ​មើល​ដោយ​យើង​បើក​ជា​ជំហាន​ៗ ប៉ុន្តែ​នៅ​ក្លិប​ហាត់ប្រាណ​មិន​ទាន់​ឲ្យ​បើក​ទេ វិស័យ​ឯកជន​ដែល​ប្រមូលផ្ដុំ​កកកុញ​ដោយ​មនុស្ស​ទៅ​ហាត់ប្រាណ ហើយ​កន្លែង​ក្លិប​ម៉ាស្សា ខារ៉ាអូខេ​ក៏​មិន​ទាន់​ឲ្យ​បើក​ដែរ​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ចង់​ជំរុញ​វិស័យ​កីឡា​ឲ្យ​ចេញ​មុខ ដោយសារ​ហានិភ័យ​ហាក់ដូចជា​ទាប​បើ​ប្រៀបធៀប​នឹង​សកម្មភាព​ទេសចរណ៍​ដែល​កំពុង​មាន​សព្វថ្ងៃ ហើយ​ម្យ៉ាងទៀត វិធានការ​ការពារ​គឺ​ត្រូវ​តែ​មាន​គ្រប់​ទីកន្លែង​ទាំងអស់ ។ ដូច្នេះ​គួរ​ពិចារណា​ឲ្យ​មានការ​ប្រកួត​ដោយសារ​តែ​យើង​មាន​វគ្គ​ប្រកួត​នេះ​វគ្គ​ប្រកួត​នោះ​ឬ​កម្មវិធី​ប្រកួត​ផ្សេង​ៗ ។

ម្យ៉ាងទៀត ធនធាន​កីឡា​របស់​យើង​បើសិន​យើង​ពន្យារ​ចោល​យូរ​ពេក​គឺ​ការ​ហ្វឹកហាត់​ក៏​មិន​បាន​ធ្វើ ការ​ប្រកួត​ក៏​មិន​បាន​ធ្វើ នឹង​ធ្វើ​ឲ្យ​ផ្នែក​កីឡា​របស់​យើង​ចុះ​ខ្សោយ​ដែរ ។ ដូច្នេះ សូម​ពិចារណា​លើ​រឿង​នេះ​ហើយ​បើ​ឯកភាព​គ្នា​ហើយ​សូម​ផ្ដល់​មតិយោបល់​មក​សម្ដេច​វិញ ដើម្បី​នឹង​ប្រកាស​បើក​ឲ្យ​មានការ​ប្រកួត​តែ​ម្ដង​។ សម្ដេច​តេ​ជោ​បញ្ជាក់​ថា គឺ​វា​ល្មម​ដល់​ពេលវេលា​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ