ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​ម្ល៉េះ​! «​ចំការ​មេ​ពូជឈើ​គ្រញូង» មាន​ហ្វូង​មេអំបៅ និង​ផ្កា​ព្រៃ​មិន​ធ្លាប់​​ឃើញ​​ទៀត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​បញ្ជាក់​ថា ចំការ​មេ​ពូជឈើ​គ្រញូង​នៅ​ក្នុងស្រុក​បន្ទាយស្រី ក្រៅពី​ដើមឈើ​គ្រញូង​ធំ​ៗ នៅ​មាន​ផ្កា​ព្រៃ​ដ៏​ស្រស់​​ស្អាត…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​បញ្ជាក់​ថា ចំការ​មេ​ពូជឈើ​គ្រញូង​នៅ​ក្នុងស្រុក​បន្ទាយស្រី ក្រៅពី​ដើមឈើ​គ្រញូង​ធំ​ៗ នៅ​មាន​ផ្កា​ព្រៃ​ដ៏​ស្រស់​​ស្អាត និង​មាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ សម្រាប់​មនុស្ស​ចូល​ចិត្ត​ទស្សនា​ព្រៃ​ធម្មជាតិ​។

លោក សេង លន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ និង​ជា​អ្នក​ទទួលខុសត្រូវ​ការពារ​តំបន់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង បានឱ្យ​ដឹង​ថា ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​ដែល​មាន​ទំហំ ១.៨៨៨​ហិ​កតា មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​នេះ បាន​ក្លាយទៅជា​តំបន់​លំហែកាយ​ធម្មជាតិ ព្រោះ​នៅ​ទី​នេះ​មាន​ធនធាន​ដ៏​សម្បូរ​បែប​ដូច​ជា ៖

មាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ដើមឈើ​គ្រញូង​ធំ​ៗ និង​ផ្កា​ព្រៃ​ជា​ច្រើន​ប្រភេទ រីក​ទៅ​តាម​រដូវ​កាល ដែល​មាន​ភាព​បៃតង​ស្រស់​ស្អាត ខ្យល់​បរិសុទ្ធ ដែល​ឥឡូវនេះ នៅ​ក្នុង​ចម្ការ​មេ​ពូជឈើ​គ្រញូង កំពុង​តែ​មាន​ផ្កា​ព្រៃ​ជា​ច្រើន​រីក​ស្គុះស្គាយ ដូច​ជា​ផ្កា​ទឹក ដោះ ផ្កា​ចក​អណ្តើក និង​ផ្កា​ព្រៃ​ជា​ច្រើន​ទៀត ដែល​មិន​ទាន់​ស្គាល់ឈ្មោះ និង​អាច​ទស្សនា សត្វព្រៃ ជា​ពិសេស​អាច​ប្រលែង​លេង​ជាមួយ​ហ្វូង​មេអំបៅ​បាន​ទៀត​ផង ។

លោក សេង លន បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​នេះ លោក​កំពុង​តែ​រៀបចំ​វ​ង្វ​ង់​ទស្សនា​ធនធាន​ធម្មជាតិ​ដ៏​សម្បូ​បែប​នៅ​ក្នុង​តំបន់​នេះ ដូច​ជាវ​ង្វ​ង់​ទស្សនា​សម្រាប់​អ្នក​ជិះ​រថយន្ត សម្រាប់​អ្នក​ជិះ​កង់ និង​សម្រាប់​អ្នក​ដើរ​ថ្មើ​ជើង ដោយ​អ្នក​ដែល​មក​កម្សាន្ត​នៅ​ក្នុង​ចម្ការ​មេ​ពូជឈើ​គ្រញូង​នេះ អាច​យក​អាហារ​ផ្ទាល់ខ្លួន​មក​បរិភោគ​ក្រោម​ម្លប់ឈើ​ដ៏​ត្រជាក់​ក្នុង​ព្រៃ​នេះ​បាន​ផង​ដែរ ។

លោក សេង លន បញ្ជាក់​បន្ថែម​ទៀត​ថា ក្រៅពី​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅ​តំបន់​នេះ ដែល​មាន​បំណង​ចង់​ចូលរួម​ការពារ​ព្រៃឈើ អាច​ចូលរួម​ដាំ​កូន​ឈើ​ជា​លក្ខណៈ​គ្រួសារ​ក៏​បាន ជា​ក្រុម​ក៏​បាន​ដែរ ដែល​ឥឡូវនេះ​នៅ​ទី​នេះ​មានកូន​ឈើ​គ្រញូង និង​ឈើ​ប្រណីត​មួយ​ចំនួន ត្រូវ​បាន​ភ្ញៀវ​ទេសចរ ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ដាំ​នៅ​ក្នុង​ចម្ការ​ពូជ​មាន​ចំនួន​៥​ហិ​កតា​ហើយ និង​មាន​ដើមឈើ​ខ្លះ​បាន​ធំ​ៗ​ស្អាត ដែល​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រភេទ​ឈើ​ប្រណីត​ៗ​នេះ​បាន ព្រោះថា ប្រភេទ​ឈើ​ប្រណីត​ៗ​បែប​នេះ នៅ​តំបន់​ផ្សេង​មិនសូវ​មាន​ច្រើន​ដូច​នៅ​ទី​នេះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ