ប្រទេសចិន ៖ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ពីករណីដ៏ចម្លែកមួយរបស់នារីវ័យក្មេងខូចចិត្តម្នាក់ សងសឹកជាមួយសង្សាររបស់ខ្លួនដែលបានបោកប្រាស់នាង ដោយនាងបានផ្ញើខ្ទឹមបារាំងមួយតោន ទៅមាត់ទ្វាររបស់មិត្តប្រុស ដើម្បីឱ្យគេយំដូចនាងដែរ។
សម្រាប់គូសង្សារជនជាតិចិនវ័យក្មេងភាគច្រើន នៅថ្ងៃទី២០ ឧសភា គឺជាថ្ងៃពិសេសបំផុតដែលស្មើនឹងថ្ងៃនៃក្តីស្រឡាញ់របស់ប្រទេសអឺរ៉ុប ប៉ុន្តែសម្រាប់នារីខូចចិត្តម្នាក់នេះ ដែលទើបតែតាមទាន់ឃើញមិត្តប្រុសរបស់ខ្លួនក្បត់ចិត្តនោះ ដូច្នេះថ្ងៃដ៏ពិសេសនេះ គឺមិនល្អសម្រាប់នាងនោះទេ។
នាងត្រូវបានគេស្គាល់ថា មានត្រកូល Zhao មកពីខេត្តសានតុង។ នាងបានឆែកទូរស័ព្ទមិត្តប្រុសរបស់នាងកាលពីប៉ុន្មានថ្ងៃមុន ហើយរកឃើញថា មនុស្សជាទីស្រលាញ់របស់នាងលួចញ៉ែស្រីផ្សេង ហើយក៏បានក្បត់នាងរួចទៅហើយដែរ។ ដោយសារតែទ្រាំនឹងការឈឺចាប់នេះមិនបាន នាងក៏សម្រេចចិត្តបែកគ្នា ហើយដេកយំអស់រយៈពេល៣ថ្ងៃ ខណៈដែលអតីតមិត្តប្រុសរបស់នាង ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់។
បន្ទាប់ពីដឹងថា អតីតមិត្តប្រុសរបស់នាងមិនបានស្រក់ទឹកភ្នែកទាល់តែសោះ នាងក៏បានរៀបចំផែនការដ៏ពិសេសមួយ គឺនាងបានបញ្ជាទិញខ្ទឹមបារាំងចំនួន១០០០គីឡូក្រាមតាមអនឡាញ ហើយប្រាប់គេឱ្យយកខ្ទឹមបារាំងទាំងអស់នេះ ទៅដាក់នៅមុខមាត់ទ្វារបន្ទប់របស់អតីតមិត្តប្រុសនាង ហើយនាងក៏បានភ្ជាប់សារទៅជាមួយនឹងខ្ទឹមបារាំង១តោននោះដែរថា «ឯងធ្វើឱ្យយើងយំអស់៣ថ្ងៃ ហើយពេលនេះគឺដល់ពេលឯងវិញម្តងហើយ»។
នៅពេលដែលអតីតសង្សារ ដែលមិននឹកស្មានថា មានរឿងនេះកើតឡើងសោះ បានត្រឡប់មកផ្ទះវិញ គេក៏មិនបានយំអ្វីដែរ ដោយសារតែក្លិនរបស់ខ្ទឹមនេះបានភាយពេញអាផាតមិនបាត់ទៅហើយ។ សូម្បីតែអ្នកជិតខាងក៏ធំក្លិននេះដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ odditycentral (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ