ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយកាលពីថ្ងៃពុធថា លោកនឹងទទួលយកសំណើពីគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូ ក្នុងការលុបចោលព្រឹត្តិការណ៍នេះតែម្តង ប្រសិនបើពួកគេមិនអាចរៀបចំបាននៅឆ្នាំ ២០២១ ។
សូមរំលឹកថា កាលពីខែមីនា IOC និងរដ្ឋាភិបាលជប៉ុនបានធ្វើការសំរេចចិត្ត ពន្យាពេលការប្រកួតកីឡាអូឡាំពិកនេះ ដោយលើកទៅធ្វើនៅឆ្នាំក្រោយ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ-១៩ ។
ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានលើកឡើងកាលពីពេលថ្មីៗនេះថា ព្រឹត្តិការណ៍កីឡាទាំងអស់ នឹងមិនអាចកើតឡើងនៅក្នុងឆ្នាំ ២០២១ បានទេ លើកលែងតែវីរុសកូវីដ-១៩ រលត់ផុតពីផែនដី ។
ជម្រាបជូនថា បើតាមទិន្នន័យពី worldometers បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២១ ខែឧសភា ករណីឆ្លងវីរុសកូវីដ-១៩ ក្នុងប្រទេសជប៉ុនបានកើនដល់ជាង ១៦.៣០០នាក់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់សរុបចំនួន ៧៧១នាក់ ។
លោក Thomas Bach បានប្រាប់ BBC ថា «អ្នកមិនអាចផ្លាស់ប្តូរកាលវិភាគកីឡាទាំងមូលនៅទូទាំងពិភពលោក និងសហព័ន្ធកីឡាសំខាន់ៗទាំងអស់បាននោះទេ។ ហើយអ្នកក៏មិនអាចមានអត្តពលិក ដែលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានោះដែរ ។ យើងនឹងបន្តមើលពីទស្សនៈជុំវិញពិភពលោក ចំពោះកាលបរិច្ឆេទថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយបន្ទាប់មកយើងនឹង ធ្វើការសំរេចចិត្តដែលសមស្របមួយ» ។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ តាមការគ្រោងទុកសម្រាប់កាលបរិច្ឆេទថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ និងបញ្ចប់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ។ បើទោះជាត្រូវពន្យាពេលធ្វើនៅឆ្នាំក្រោយ ប៉ុន្តែព្រឹត្តិការណ៍នេះ នៅតែត្រូវបានហៅថា កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដដែល ៕ (ដកស្រង់ចេញពី CNA)
ចែករំលែកព័តមាននេះ