ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​អន្តរជាតិ​ក្ស័យ កីឡាករ​ល្បី​ៗ​ដង្ហើមចង្រិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​មានការ​បិទ​ច្រកព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បណ្ដា​សង្វៀន​ប្រដាល់​អន្តរជាតិ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ទាំង​អស់​ត្រូវ​បាន​បិទ​ចោល​ដោយទុក​តែ​ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​ក្នុងស្រុកប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​កីឡាករ​ខ្លាំង​ៗ ល្បី​ៗ ក្នុងស្រុក​មួយ​ចំនួន​បាត់បង់​ការ​ផ្គូផ្គង ហើយ​កីឡាករ​ខ្លះ​ទៀត…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​មានការ​បិទ​ច្រកព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បណ្ដា​សង្វៀន​ប្រដាល់​អន្តរជាតិ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ទាំង​អស់​ត្រូវ​បាន​បិទ​ចោល​ដោយទុក​តែ​ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​ក្នុងស្រុកប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​កីឡាករ​ខ្លាំង​ៗ ល្បី​ៗ ក្នុងស្រុក​មួយ​ចំនួន​បាត់បង់​ការ​ផ្គូផ្គង ហើយ​កីឡាករ​ខ្លះ​ទៀត បើ​ទោះជា​យល់ព្រម​ទម្លាក់​តម្លៃ​ខ្លួននិង​យល់ព្រម​ប្រកួត​គ្នា​ឯង ដើម្បី​កុំឱ្យ​បាត់បង់​សកម្មភាព ក៏​នៅ​តែ​មិន​ត្រូវ​បាន​គេ​ផ្គូផ្គង ព្រោះតែ​ហេតុផល​មួយ​ចំនួន​។

កីឡាករ​ខ្លាំង​ៗ​ល្បីឈ្មោះ​ស្ទើរ​គ្រប់​គ្នា ត្រូវ​គេ​មើលឃើញ​ថា ចាប់ផ្ដើម​ធ្លាក់​ចុះ​ទីផ្សារ ឬ សកម្មភាព ហើយ​បើ​ទោះជា​នៅ​តែ​មានមុខ​ឡើង​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩​នេះ ក៏​តិច​ដង​ជាង​មុន​ផង ធៀប​នឹង​អំឡុង​ពេល​មាន​សង្វៀន​អន្តរជាតិ ខណៈ​ដែល​តម្លៃ​ខ្លួន​ក្នុង​មួយ​ប្រកួត​ៗ ក៏​តិច​ជាង​មុន ។ កីឡាករ​ល្បី​ៗ​ដែល​ស្ទើរ​រក​ពេល​សម្រាក​មិន​បាន​កាលពី​បរទេស​ចុះ​មក​ប្រកួត​ទាំងនោះ​រួម​មាន កីឡាករ វង្ស ណ​យ កីឡាករ នី សុ​ភី កីឡាករ កែវ រំ​ចង់ កីឡាករ រឿង សោ​ភ័​ណ្ឌ និង​កីឡាករ​ល្បីឈ្មោះ​មួយ​ចំនួន​ទៀត ។

កីឡាករ​ល្បី​ទាំងនោះ ក្នុង​ពេល​កីឡាករ​បរទេស​អាច​មក​ប្រកួត​បាន ទទួលបាន​តម្លៃ​ខ្លួន​យ៉ាងតិច​មួយ​លើក​៣៥០​ដុល្លារ ដោយ​អ្នកខ្លះ​ត្រូវ​ទទួល​ប្រកួត​មួ​យស​ប្ដា​ហ៍​យ៉ាង​តិច​៣​ដង​ក៏​មាន ព្រោះតែ​ការ​ប្រកួត​មុន​មាន​កូ​វី​ដ​-១៩ គឺ​ស្ទើរ​រក​កីឡាករ​ដែល​មាន​ក្រេ​ឌី​ត ឡើង​ប្រកួត​មិន​បាន ។ អ្នកខ្លះ​ស្នាម​របួស​មិន​ទាន់​បាត់​ឈឺ​ផង ដល់​ថ្ងៃ​ប្រកួត​ជា​ថ្មី​ទៀត​បាត់​ហើយ ព្រម​ជាមួយនឹង​តម្លៃ​ខ្លួន​ក្នុង​មួយ​ប្រកួត​ៗ​ច្រើន​រយ​ដុល្លារ ។

អ្នកខ្លះ​ទទួល​បាន​ចង់​ស្មើ​កីឡាករ​ថៃ គឺ​ជិត​១​ពាន់​ដុល្លារ ក៏​មាន​ដែរ ទើប​ធ្វើ​ឱ្យ​កីឡាករ​ទាំងនោះ​ពិបាក​ប្រកែក​ពេល​មានការ​ផ្គូផ្គង បើ​ទោះជា​មិន​ទាន់​បាត់​ឈឺខ្លួន​ក្ដី ។ ប៉ុន្តែ​ក្រោយ​ពេល​កូ​វី​ដ​-១៩​វាយលុក កីឡាករ​ទាំងនោះ​ពិបាក​ទទួល​ប្រកួត​យ៉ាង​ខ្លាំង ដោយសារ​តែ​ទី​១ កីឡាករ​ក្នុងស្រុក និង​ក្នុងស្រុក អ្នក​ទាំងនោះ​មិន​ចង់​ប្រកួត ។ ហេតុផល​ទី​២ ដោយសារ​ការ​ប្រកួត​នៅ​ក្នុង​ពេល​នេះ គឺ​មិន​មាន​អ្នក​ទស្សនា ដែល​មិន​ខុស​ពី​ឡើង​វ៉ៃ​គ្នា​លេង​ៗ​យក​លុយ ហើយ​ត្រូវ​បាន​កីឡាករ​ទាំងនោះ​ចាត់​ទុក​ថា មិនមែន​ជា​អ្វី​ដែល​ខ្លួន​ចង់បាន ។

ហេតុផល​ទី​៣ ដោយសារ​កីឡាករ​មួយ​ចំនួន​នៅ​ខ្លាចរអា​កូ​វី​ដ​-១៩ មិនសូវ​ចង់​ឡើង​រេញ​នៅ​ឡើយ ។ ហេតុផល​ទី​៤ ដោយសារ​តម្លៃ​ខ្លួន​នៅ​តាម​បណ្ដា​សង្វៀន​ត្រូវ​បាន​បន្ថយ ដោយ​ម្ចាស់​សង្វៀន​បញ្ជាក់​ថា មិនមែន​ជា​ការ​ប្រកួត​អន្តរជាតិ​ដែល​ភាគី​ខាង​ស្ពុ​ន​ស័​រ មិន​ឱ្យ​កញ្ចប់​លុយ​ខ្ពស់​ដូច​មុន ។ បើ​ទោះជា​កីឡាករ​ល្បី​ៗ​ទាំងនោះ នៅ​តែ​ត្រូវ​បាន​គេ​ឃើញ​មុខ​ឡើង​រេញ​ទូរទស្សន៍​បាយ័ន PNN និង CNC ជាដើម តែបើ​ធៀប​នឹង​មុន​កូ​វី​ដ​-១៩​កើតឡើង គឺ​បាន​តិច​ដង​ជាង​មុន​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​បញ្ជាក់​ថា សម្រាប់​​សង្វៀន​របស់​លោក​មិន​ផ្ដោត​លើ​ការ​ផ្គូផ្គង​កីឡាករ​ល្បី​ៗ​ឱ្យ​ឡើង​ប្រកួត​ដូច​មុន​ទេ ដោយ​សារ​តែ​លោក​ក៏​ទទួល​បាន​កញ្ចប់​លុយ​រៀបចំ​ប្រដាល់​នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩​នេះ ក៏​តិច​ជាង​មុន ។ ម្យ៉ាង​មក​ពី​លោក​យល់​ថា បើ​ចំណាយ​តម្លៃ​ខ្លួន​ខ្ពស់​ហើយ​ដាក់​កីឡាករ​ល្បី​ឱ្យមក​ប្រកួត​នៅ​លើ​សង្វៀន​ក៏​ជា​រឿង​ឥត​ប្រយោជន៍​ដែរ ដោយសារ​តែ​កីឡាករ​ល្បី​គឺ​ទោះជា​ព្រម​បញ្ចុះតម្លៃ​ខ្លួន ក៏​ពិតជា​មក​ប្រកួត​មិន​អស់ដៃ ពិបាក​គិតគូរ​រឿង​រក​ដៃគូ ។

ម្យ៉ាង​បើ​ទោះជា​ដាក់​គូ​ល្អ​ក៏​លោក​ចាត់​ទុក​មិន​គួរ​ចំណាយ ដោយសារ​ការ​ប្រកួត​ពឹង​តែ​លើ​អ្នកគាំទ្រ​តាម​ម៉ោង Live ដោយ​មិន​ពឹង​លើ​អ្នក​ទស្សនា​ដោយ​ផ្ទាល់​នោះ ។ លោក​បន្ត​ថា លោក​សុខចិត្ត​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ល្អ​ៗ ហើយ​ចង់បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ច្រើន​ជាង ដោយ​លោក​ចាត់​ទុក​ថា កីឡាករ​ទាំងនោះ បើ​និយាយ​ពី​ការ​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​គ្មាន​អ្នក​ចូល​ទស្សនា គឺ​វ៉ៃ​អស់ដៃ និង​ល្អមើល​ជាង ។

លោក​និយាយ​ថា​«​ដាក់​កីឡាករ​ល្បី​ក៏​មិន​ប្រាកដ​ថា​ល្អមើល​ដែរ ព្រោះ​តាម​បទ​ពិសោធន៍​ខ្ញុំ កីឡា​ករ​ល្បី​បើ​ប្រកួត​គ្មាន​អ្នក​ទស្សនា គឺ​មិនសូវ​ប្រឹង​វ៉ៃ​ទេ ទើប​មួយ​រយៈ​ចុង​ក្រោយ ខ្ញុំ​ដាក់​តែ​កីឡាករ​ទើប​ឡើង​កូដ​ឱ្យធ្វើ​គូ​ឯក ។ ខ្ញុំ​មិន​ចង់​ដាក់​កីឡាករ​ល្បី​ៗ មក​ប្រកួត​បង្គ្រប់កិច្ច​នោះ​ផង ដើម្បី​កុំឱ្យ​ខូច​ប្រេ​ន​កីឡាករ​ល្បី​ទាំងនោះ​»​។

លោក អូ ឡា​ឡា ជំនួយការ​កម្មវិធី​ប្រដាល់​ប្រចាំ​ប៉ុស្តិ៍​លេខ​៥ បញ្ជាក់​ដូច​គ្នា​ថា សង្វៀន​របស់​លោក​​ក៏​ងាក​មក​ដាក់​តែ​កីឡាករ​ដែល​ហ៊ាន​ឡើង​ប្រកួត​ដោយ​មិនសូវ​កាត់​តម្លៃ​ខ្លួន​ខ្ពស់​ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា ការ​ផ្គូផ្គង​នៅ​ក្នុង​រយៈពេល​នេះ គឺ​ផ្ដោត​លើ​កីឡាករ​ទើប​ឡើង​កូដ ដែល​ចង់​សាង​កេរ្តិ៍ឈ្មោះ​ច្រើន​ជាង​។ លោក​និយាយ​ថា ប្រកួត​បិទទ្វារ​អ៊ីចឹង ដាក់​គូ​ចង់​ល្បី​ប្រកួត​ល្អ​មើល​ជាង អ៊ីចឹង​ហើយ​ទើប​មួយ​រយៈ​នេះ មិនសូវ​ឃើញ​អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ ឡើង​ប្រកួត​នៅ​ប៉ុស្តិ៍​លេខ​៥ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ