ឥណ្ឌា៖ វេជ្ជបណ្ឌិតជនជាតិឥណ្ឌាម្នាក់មុនដំបូងត្រូវបានព្យួរការងារ បន្ទាប់ពីលោកបានលើកឡើងពីការព្រួយបារម្ភរឿងកង្វះខាតម៉ាស់ពាក់ការពារកូវីដ-១៩ ពេលនេះបង្កនូវការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត បន្ទាប់ពីមន្ត្រីបានប្រគល់គាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្លូវចិត្ត ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នាថ្ងៃទី ២១ ឧសភានេះ ។

លោកវេជ្ជបណ្ឌិត Sudhakar Rao ដែលជាអ្នកជំនាញខាងថ្នាំសន្លប់ដែលមានបទពិសោធន៍ ២០ ឆ្នាំបានក្លាយជាប្រធានបទក្តៅគគុកនៅលើសារព័ត៌មានជាតិជាលើកទី ២ ក្នុងរយៈពេលពីរខែ។

ខ្សែវីដេអូជាច្រើនឃ្លីបដែលត្រូវបានចែកចាយយ៉ាងផុសផុលលើបណ្តាញសង្គម និង WhatsApp បានបង្ហាញពីវេជ្ជបណ្ឌិតរូបនេះប្រឈមមុខប្រទូស្តរាយជាមួយនឹងប៉ូលីសនៅផ្លូវ highway មួយនៅភាគខាងត្បូងនៃ ទីក្រុង Visakhapatnam ដែលជាកន្លែងដែលវេជ្ជបណ្ឌិត Rao រស់នៅនិងធ្វើការ។ ក្រោយមកអាជ្ញាធរនិយាយថាគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្ត ។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មួយដែលលើកឡើងថា វេជ្ជបណ្ឌិតឥណ្ឌាជាច្រើនរូបកំពុងប្រឈមមុខនឹងការបង្ក្រាប់បន្ទាប់ពីពួកគេបាននិយាយអំពីការខ្វះខាតឧបករណ៍ការពារ ឬកង្វះម៉ាស់ពាក់ការពារ ឬការរៀបចំមិនបានល្អនៅក្នុងមន្ទីរពេទ្យ។
វីដេអូមួយក្នុងចំណោមវីដេអូចែកចាយយ៉ាងខ្លាំងក្លាបង្កនូវការរិះគន់យ៉ាងខ្លាំងប្រឆាំងនឹងប៉ូលីសនោះ គឺគេបានឃើញវេជ្ជបណ្ឌិត Rao អង្គុយក្នុងឡានដោយគ្មានពាក់អាវនិងបានស្រែកទៅកាន់ប៉ូលីស។ វីដេអូផ្សេងទៀត គឺជារូបភាពដែលវេជ្ជបណ្ឌិតរូបនេះត្រូវបានប៉ូលីសផ្តូលទៅលើដី និងដៃទាំងពីរត្រូវបានចាប់ក្រវាត់មកក្រោយខ្នងនិងមានដំបងប៉ូលីសសង្កត់ផងដែរ ។ប៉ូលិសបានលើកឡើងថាគាត់ត្រូវបានគេនាំទៅសាកសួរនិងមិនអនុញ្ញាតឲ្យបន្តការងាររបស់លោកឡើយ ដោយរង់ចាំការសួរនាំបន្ត ។
នៅក្នុងវីដេអូមួយទៀតដែលទំនងជាវីដេអូចុងក្រោយគេ គឺឃើញមន្ត្រីប៉ូលីសបានចាប់រុញវេជ្ជបណ្ឌិតរួបនេះចូលទៅកង់៣ឥណ្ដានិងដឹកចេញទៅ ។
ប៉ុន្តែមុនពេលគាត់ត្រូវបានប៉ូលីសនាំខ្លួនយកបាត់នោះ លោកវេជ្ជបណ្ឌិត Rao បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកដែលបានចុះទៅប្រមូលផ្តុំនៅកន្លែងកើតហេតុនោះ ដើម្បីដឹងថាមានអ្វីកើតឡើង។ គាត់បាននិយាយថាគាត់ត្រូវបានប៉ូលីសឃាត់និងបង្ខំឱ្យចេញពីឡានរបស់គាត់ ។
គាត់បានចោទប្រកាន់ថា «ពួកគេ (ប៉ូលីស) បានឆក់យកទូរស័ព្ទនិងកាបូបរបស់ខ្ញុំ។ ពួកគេបានវាយខ្ញុំ» ។ ការឃុំខ្លួនគាត់បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ អ្នកប្រើប្រាស់បណ្តាញសង្គមនិងអ្នកផ្សេងទៀតបានរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលរចំពោះស្ថានភាពនេះ។ ក្រុមប្រឆាំងបានថ្លឹងថ្លែងដោយចោទប្រកាន់ប៉ូលីសថាប្រើប្រាស់កម្លាំងហួសហេតុ។ ករណីរបស់វេជ្ជបណ្ឌិតរ៉ូវគឺមានលក្ខណៈចម្រូងចម្រាសជាពិសេសពីព្រោះគាត់ត្រូវបានព្យួរការងារក្រោយនិយាយរឿងខ្វះខាតឧបករណ៍ការពារសម្រាប់គ្រូពេទ្យ ៕
ចែករំលែកព័តមាននេះ