ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ពុក​រលួយ​របស់​អតីតមន្ត្រី​សហ ព័ន្ធ​បាល់ទាត់​កម្ពុជា​ឈាន​ដល់​ណា​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ឱ្យ ដឹង​ពី​លោក​គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និងជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក រស់ ពិសិដ្ឋ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ឱ្យ ដឹង​ពី​លោក​គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និងជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើ​បសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ខណៈ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាលស៊ើបសួរ​នៅ​ឡើយ។

ជាមួយ​គ្នា​នេះ​លោក​ព្រះរាជអាជ្ញា​រង​រូប​នេះក៏​បាន​លើកយក​មាត្រា​ដែល​បាន​ចែង​ក្នុង​ការ​ផ្ដន្ទា​ទោស​ថា​«​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ណាមួយ ជា​ការ​រំលោភ​លើ​ទំនុកចិត្ត ក្នុង​គោលបំណង​ទទួល​ផល​ប្រយោជន៍​ដល់​ខ្លួន ឬ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ខូចខាត​ដល់​នីតិបុគ្គល ហើយ​បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​នីតិបុគ្គល​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​តាម​មាត្រា​៣៩៣»​។

គួរ​រំលឹក​ឡើង​វិញ​ថា កាលពី​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០២០​កន្លង​ទៅ សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ព្យួរ​អតីត និងមន្ត្រី​របស់​ខ្លួន​ចំនួន​៤​រូប​រួម​មាន លោក ម៉ៃ តុលា
អគ្គ​លេខាធិការ​រង​, លោក ឆាំង ពិសិដ្ឋ ប្រធាន​ការិយាល័យ​ប្រកួត​, លោក ទុ​យ វិ​ចិ្ឆ​កា ប្រធាន​ការិយាល័យ​អាជ្ញាកណ្ដាល និង​លោក គល់ សុភា​រម្យ ប្រធាន​ការិយាល័យ​រដ្ឋបាល មិន​ឲ្យពាក់​​ព័ន្ធ​សកម្មភាព​បាល់ទាត់​មួយ​ជីវិត ដោយសារតែ​អ្នក​ទាំង​បួន​ប្រព្រឹត្ត​កំហុសឆ្គង​រំលោភ​សេចក្ដី​ទុកចិត្ត​ពាក់ព័ន្ធ​នឹង​ថវិកា​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​ទទួល​បាន​ពី​ក្រុមហ៊ុន​ឯកជន​មួយ​។

លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​បាន​រក​ឃើញ​ថា កំហុស​នេះ​មិន​អាច​លើកលែង​ឲ្យ​ពួក​គេ​ទាំង​៤​នាក់​បាន ទើប​សម្រេច​ដាក់​ពិន័យ​តាម​រយៈ​ការ​ដក​តំណែង និង​ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត ។

បន្ថែម​ពីលើ​ការ​ពិន័យ ឬ​ព្យួរ​មន្ត្រី​ទាំង​៤​ពី​គ្រប់​សកម្មភាព​បាល់ទាត់​អស់​មួយ​ជីវិត​នេះ លោក ម៉ៃ តុលា ក៏​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បញ្ជូន​សំណុំរឿង​ពុក​រលួយ​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់
វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ផង​ដែរ ។

ជុំវិញ​បញ្ហា​នេះ លោក កែវ សា​រ៉េ​ត បាន​បកស្រាយ​ថា​៖ «​កាលដែល​លោក ម៉ៃ តុលា មាន​កំហុស​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​គាត់​ជា​ប្រធាន​ក្រុម​ដែល​ត្រូវ​ទទួលខុសត្រូវ ហើយ​បើ​យើង​មិន​ចាត់ការ​រឿង​នេះ ទុក​ឲ្យ​បែកធ្លាយ​ដល់ FIFA គឺ FIFA នឹង​ពិន័យ FFC ធ្ងន់ធ្ងរ​ជាង​នេះ​»​។

លោក កែវ សា​រ៉េ​ត បន្ត​ថា ចំណាត់ការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ទៅ​លើ​អតីតមន្ត្រី​ទាំង​៤​រូប​ខាងលើ​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​នៅ​ក្នុង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ស្រប​តាម​គោលការណ៍​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ដែល​តែង​តែ​លើក​ទឹកចិត្ត​ឲ្យ​បោសសម្អាត​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)