ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​វីរបុរស​បាល់ទាត់​កម្ពុជា​ កំពុង​ជាប់ផុង​នៅ​ប្រទេស​ថៃ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​វីរបុរស​បាល់ទាត់​កម្ពុជា​លោក​ប៉ែន ផាត ពេល​នេះ​កំពុង​តែ​ជាប់ផុង​នៅ​ក្នុង​ប្រទេស​ថៃ​ដោយសារ​តែ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩ រាតត្បាត​ពាសពេញ​ពិភពលោក ។ លោក ប៉ែន ផាត…

រាជធានី​ភ្នំពេញ ៖ អតីត​វីរបុរស​បាល់ទាត់​កម្ពុជា​លោក​ប៉ែន ផាត ពេល​នេះ​កំពុង​តែ​ជាប់ផុង​នៅ​ក្នុង​ប្រទេស​ថៃ​ដោយសារ​តែ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩ រាតត្បាត​ពាសពេញ​ពិភពលោក ។ លោក ប៉ែន ផាត ដែល​បច្ចុប្បន្ន​មាន​អាយុ៧២​ឆ្នាំទៅ​ហើយ​នោះ គឺជា​គ្រូបង្វឹក​បាល់ទាត់​Academy​នៅ​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ ។លោក​បាន​ក្លាយជា​គ្រូបង្វឹក​នៅ​ទីនោះ​រយៈពេល៣​ឆ្នាំ​មក​ហើយ​ជាមួយ​កិច្ចសន្យា​៦​ខែ​ម្ដង ។

គ្រូបង្វឹក​ដែល​មាន​លំនៅ​ដ្ឋា​ន​អចិន្ត្រៃយ៍​ឯ​ប្រទេស​បារាំង​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ខេត្ត​ឈុ​នបូ​រី​មក​ថា កិច្ចសន្យា​ត្រូវ​បញ្ចប់​នៅ​ខែមិថុនា​នេះ ។ បន្ទាប់​ពី​ចប់​កិច្ចសន្យា​លោក​តែងតែ​មក​ស្រុក​ខ្មែរ​ដើម្បី​ជួប​ជាមួយ​មិត្តភក្តិ​ចាស់​ៗ និង​ហូប​បាយ​ជាមួយ​គ្នា​រំលឹក​ពី​អនុស្សាវរីយ៍​កន្លង​មក​ដែល​ធ្លាប់​ជា​អ្នកកីឡា​ដូច​គ្នា ។បន្ទាប់​មក​ទើប​លោក​ត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង​វិញ​ដើម្បី​រង់ចាំ​ទទួល​កិច្ចសន្យា​ថ្មី ។

អតីត​កីឡាករ​ឆ្នើម​កម្ពុជា​ដែល​ធ្លាប់​លេងបាល់​ជាមួយ​ស្តេច​បាល់ទាត់​ប្រេ​ស៊ី​ល​Pele​រូប​នេះ​បន្ថែម​ថា សម្រាប់​ពេល​នេះ​កិច្ចសន្យា​ជិត​នឹង​បញ្ចប់​ហើយ រីឯ​សិស្ស​របស់​លោក​ប្រមាណ​ជាង​១០០​នាក់​បាន​ចាក​ចេញពី​ជំរំ​ហ្វឹកហាត់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​សល់​កីឡាករ​ក្មេង​ៗ​តែ​ជាង​១០​នាក់​ប៉ុណ្ណោះ ។ លោក​ត្រៀមខ្លួន​ទៅ​ស្រុក​ខ្មែរ​រួចរាល់​តែ​គ្មាន​ជើង​យន្ដហោះ​ទៅ​ទេ ចំពោះ​យន្ដហោះ​ទៅ​ស្រុក​បារាំង​ក៏​គ្មាន​ដែរ​ទើប​លោក​ជាប់ផុង​នៅ​ស្រុក​ថៃ​បែប​នេះ ។

លោក​ប៉ែន ផាត ជា​អតីត​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​មួយ​រូប​របស់​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​និង​១៩៧០ ។ នៅ​ឆ្នាំ​១៩៧២លោក​បាន​ចាក​ចេញពី​ស្រុក​ខ្មែរ​ទៅ​លេង​ឲ្យក្លិប​មួយ​នៅ​ប្រទេស​ថៃ​រហូត​ខ្មែរក្រហម​ចូលមក​កាន់កាប់​ទីក្រុង​ភ្នំពេញ ។ លោក​បាន​បន្តលេង​នៅ​ប្រទេស​ថៃ​មុន​ពេល​លោក​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង ។ នៅ​ប្រទេស​ថៃ​លោក​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា ជា​សត្វ​ពស់​កេងកង​ដោយសារ​តែ​ចលនា​បណ្ដើរ​បាល់​របស់​លោក​រស់​រវើក​ដូច​សត្វ​ពស់​លូន​អ៊ីចឹង ។

ក្នុងអំឡុងពេល​ខ្មែរក្រហម​ត្រួតត្រា​ប្រទេស​នោះ លោក​ត្រូវ​បាន​ពួក​ថៃ​ទាមទារ​ឲ្យ​លោក​កាន់​លិខិតឆ្លងដែន​ថៃ​ដើម្បី​ឲ្យ​លោក​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ថៃ​បាន តែ​លោក​បដិសេធ ។ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឲ្យ​សហព័ន្ធ​បាល់ទាត់​ថៃ​មិន​សប្បាយចិត្ត​ហើយ​តែងតែ​រារាំង​មិន​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​ទី​៣​បាន​ឡើយ ។

ទោះបី​យ៉ាងណា​ទីបំផុត​លោក​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​បារាំង​បាន​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្តភក្តិ​ថៃ​មួយចំនួន ។ លោក​និយាយ​ថា មិត្តភក្តិ​ជនជាតិ​ថៃ​ដែល​ធ្លាប់​លេង​​បាល់​ជាមួយ​លោក​នៅ​តែ​រាប់អាន​លោក​ហើយ​តែងតែ​ទាក់ទង​លោក​ឲ្យ​មក​ជួយ​បង្ហាត់​កុមារ​តូច​ៗ​នៅ​ប្រទេស​ថៃ​ដូច​សព្វ​ថ្ងៃនេះ​អ​ញ្ចឹ​ង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ