ខេត្តសៀមរាប ៖ អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងមមាញឹកក្នុងការងារកាត់ដើមឈើងាប់, គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ ដែលអាចបង្កហានិភ័យមកលើប្រាសាទតាព្រហ្មចំនួន១៣ដើម។

ដើមឈើទាំងនោះរួមមាន ដើមស្ពង់១ដើម ដុះកោងទ្រេតខ្លាំងនៅលើកំពែងប្រាសាទ ត្រូវកាត់ពាក់កណ្តាលដើមចេញ, គល់ស្ពង់ពុកផុយចំនួន៤កន្លែង, ដើមក្រឡាញ់១ដើម, ដើមពភ្លា១ដើម និងដើមស្ពង់តូច១ដើម ដែលដុះនៅលើកំពែងប្រាសាទក៏ត្រូវកាត់យកចេញ។ ជាមួយគ្នានេះដែរ ក្រុមការងារនឹងធ្វើការកាត់ក្រី ដើមឈើចំនួន៥ដើម ដែលមានមែកចំនួន៩ត្រូវយកចេញ ក្នុងនោះមានដើមស្ពង់, ដើមចំបក់, ដើមត្រាង, ដើមត្រសេក និងដើមពភ្លាប្រើស។

ការងារទាំងនេះធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធថ្មកំពែងប្រាសាទ នៅពេលដែលដើមរបស់វាដុះលូតលាស់កាន់តែធំទៅៗ និងរួមចំណែកក្នុងការ ធានាដល់សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាប្រាសាទនេះផង។ ការងារនេះអាចនឹងប្រើរយៈពេលយូរ ព្រោះត្រូវប្រើរន្ទា ដើម្បីដំឡើងកាត់ ដោយសារដើមខ្លះមានកំពស់ខ្ពស់ និងដុះកៀកនឹងប្រាសាទ៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ