ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំដែន​នៅ​បន្ត​បិទ​ រទេះ​អូស​នៅ​បន្ត​ដេក​រង់​​ចាំ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​មេរោគ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ពិភពលោក​ជួប​បញ្ហា​ជាប់​គាំង​លើ​វិស័យ​ជា​អាទិភាព​នានា​ ដូច​ជាសេដ្ឋកិច្ច និង​ទេសចរណ៍ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​នោះ​គឺ​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​បាន​សម្លាប់​មនុស្ស​រាប់​សែន​នាក់ និង​រាប់​លាននាក់​បាន​ឆ្លង​ដែល​បង្ខំ​ឱ្យ​ប្រទេស​មួយ​ចំនួន​បាន​ប្រកាន់​យក​វិធានការ​បិទ​ប្រទេស ។ ជាមួយ​គ្នា​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​មេរោគ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ពិភពលោក​ជួប​បញ្ហា​ជាប់​គាំង​លើ​វិស័យ​ជា​អាទិភាព​នានា​ ដូច​ជាសេដ្ឋកិច្ច និង​ទេសចរណ៍ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​នោះ​គឺ​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​បាន​សម្លាប់​មនុស្ស​រាប់​សែន​នាក់ និង​រាប់​លាននាក់​បាន​ឆ្លង​ដែល​បង្ខំ​ឱ្យ​ប្រទេស​មួយ​ចំនួន​បាន​ប្រកាន់​យក​វិធានការ​បិទ​ប្រទេស ។ ជាមួយ​គ្នា​នេះ ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ខាងលើ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ដែលរ​ស់បាន​ដោយសារ​លក់​កម្លាំង​លី​សែង ឬ​អូស​រទេះ​ឆ្លង​ដែន​ជ្រែ​ទំនិញ​ឱ្យ​ឈ្មួញ​បាន​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ធ្ងន់ធ្ងរ ។

ជាក់ស្តែង ​រទេះ​ដែល​កម្មករ​អូស​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន​ខ្មែរ​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ជា​របរ​រក​ចំណូល​ចិញ្ចឹមជីវិត​តាម​ក្រុម​គ្រួសារ​ពេល​នេះ​ត្រូវ​ចត​ចោល​ត្រៀបត្រា​ចង់​ពុក​ផុយ​កន្លែង​ខ្លះ​ស្មៅ​ដុះ​ស្ទើរ​លិច​ក៏​មាន​ដែរ ។ ឈរ​ក្បែរ​រទេះ​ដ៏​កម្សត់​របស់​ខ្លួន​បុរស​ម្នាក់​ហាក់​អស់សង្ឃឹម ក្នុង​ការ​សាកសួរ​គេឯង​ថា​តើ​ព្រំដែន​នឹង​បើក​វិញ​នៅ​ពេល​ណា ?

បុរស​ម្នាក់​រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះ​សន្តិភាព​ថា គាត់​និង​ក្រុម​គ្រួសារ​ស់ទាំង​លំបាក ព្រោះ​គ្មាន​ចំណូល​ប្រចាំ​ថ្ងៃ​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ ។ អ្នក​ផ្សេង​ទៀត​ក៏​ដូច​គ្នា​ដែរ​និយាយ​បែប​អស់​សង្ឃឹមថា បើ​ស្ថានការណ៍​នៅ​តែ​ស្ថិត​ក្នុង​សភាព​បែប​នេះ ហើយ​ភាគី​ថៃ​មិន​បើក​ព្រំដែន​ដូច​ប្រក្រតី​ឡើង​វិញ​ទេ​នោះ គ្រប់​គ្នា​ប្រាកដជា​នឹង​ជួប​បញ្ហា​ជីវភាព​គ្រួសា​កាន់តែ​ធ្ងន់ធ្ងរ ពិសេស​ប្រាក់​បំណុល​ជំពាក់​ធនាគារ​តែ​ម្តង ។

នៅ​ចំណុច​រង្វង់​មូល​និង​ដងផ្លូវ​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ភាព​ស្ងប់ស្ងាត់​គឺ​ស្ងាត់​ឈឹង មិន​មាន​មនុស្ស​ឆ្លងកាត់​គគ្រឹកគគ្រេង​ដូច​មុន​ឡើយ គឺ​មាន​តែ​រថយន្ត​ធុន​ធំ​របស់​ថៃ​ដឹក​ទំនិញ​ចូល​កម្ពុជា ឯ​ទំនិញ​របស់​ខ្មែរ​ដែល​មាន​តិចតួច​បំផុត ត្រូវ​ដឹក​ចេញ​ទៅ​ថៃ​ក៏​ត្រូវ​ប្រើប្រាស់​រថយន្ត​ថៃ​មក​ដឹក​ទៅ​ដែរ ។

ជុំវិញ​ច​ម្ង​ល់​នានា​របស់​អ្នកស្រុក​ថា តើ​ថ្ងៃ​ណា​គេ​និង​បើក​ច្រកព្រំដែន​នេះ ? ឆ្លើយ​តប​នឹង​សំណួរ​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ប្រទេស​ថៃ​ពេល​នេះ​គេ​កំពុង​ស្ថិត​ក្នុង​គ្រាអាសន្ន​នៅ​ឡើយ ដូច្នេះ​មិន​អាច​ដឹង​ថា​ពេល​ណា​ទើប​គេ​បើក​ព្រំដែន​នោះ​ទេ ។ លោក​បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ សូ​ម្បី​អាជ្ញាធរ​ខេត្ត​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ​តាម​សំណើ​អាជីវករ​ខ្មែរ​ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ចង់​ចូល​ទៅ​មើល​តូប​រៀង​ៗ​ខ្លួន ក្រែង​ទំនិញ​ខូចខាត​ដោយសារ​ទឹកភ្លៀង​ក៍​ត្រូវ​ភាគី​ថៃ​បដិសេធ ដោយ​អះអាង​ថា ប្រទេស​គេ​កំពុង​ស្ថិត​ក្នុង​គ្រាអាសន្ន ។

ក្រសួងផែនការ​បាន​ផ្ដើម​ស្រង់​តួលេខ​គ្រួសារ​ក្រីក្រ ឬ​ជួប​ការ​លំបាក អំឡុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​រដ្ឋ​ត្រៀម​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​គ្រួសារ​ទាំងឡាយ​ណា ដែល​ក្រីក្រ ឬ​ជួប​ការ​លំបាក ។ បើ​តាម​ក្រសួង​សេដ្ឋកិច្ច ប្រាក់​ដែល​ត្រៀម​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ស្ថិត​នៅ​ក្នុង​បញ្ចប់​ថវិកា​រួម​របស់​កម្មករ កម្មការិនី ដែល​រដ្ឋាភិបាល​បំរុង​ប្រើប្រាស់​ចន្លោះ​ពី​៨០០ ទៅ​២០០០​លាន​ដុល្លារ ។ចំពោះ​តួលេខ​ផ្លូវការ​នៃ​គ្រួសារ​ក្រីក្រ ឬ​ជួប​ការ​លំបាក អំឡុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ នឹង​បង្ហាញ​ឲ្យ​ដឹង​នៅ​ចុងខែ​ឧសភា​នេះ ។ លោក ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ បាន​ថ្លែងប្រាប់​ថា ក្រសួងផែនការ​កំពុង​ដុត​ដៃជើង​ព​ន្លឿ​ន​ការងារ​នេះ ខណៈ​រលក​ទី​១​នៃ​វីរុស​កូ​វី​ដ​បាន​ញ្ច​ប់​ត្រឹម​ការ​ព្យាបាល​អ្នកជំងឺ​១២២ ជា​សះស្បើយ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ។

ចំណែក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧​ខែឧសភា​នេះ​ដែរ​ថា ក្រសួង​សេដ្ឋកិច្ច ត្រៀម​ខ្លួន​ជា​និច្ច ទម្លាក់​ប្រាក់​បំរុង នៅ​ពេល​ដែល​ទទួល​បាន​តួលេខ​ចំនួន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​១៩ ពី​ក្រសួងផែនការ ។តាម​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ផ្សាយ​ថា​លោក មាស សុខ​សេន​សាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​គូសបញ្ជាក់​ថា នីតិវិធី​ក្នុង​ការ​ឧបត្ថម្ភ​ប្រាក់​ទៅ​ពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការ​លំបាក​អំឡុង​ពេល​វិបត្តិ​កូ​វី​ដ​១៩ អនុវត្ត​ដូច​គ្នា​នឹង​កម្មករ កម្មការិនី​រោងចក្រ​ដែរ ។ កម្មករ​កម្មការិនី​រោងចក្រ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ពី​រាជរដ្ឋាភិបាល ។

សូម​ជម្រាប​ជូន​ថា ដំណើរការ​ឧបត្ថម្ភ​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ធ្វើ​ឡើងជា​បី​ដំណាក់កាល​ដោយ​មានការ​ចូលរួម​ពី​ក្រសួង​ចំនួន​បី​រួម​មាន​៖ ក្រសួង​សេដ្ឋកិច្ច ជា​អ្នក​ឧបត្ថម្ភ​ប្រាក់ ខណៈ​ក្រសួងផែនការ​ជា​អ្នក​ផ្ដល់​តួលេខ ហើយ​បន្ទាប់​មក​ក្រសួង​សង្គមកិច្ច​ជា​អ្នក​ផ្ដល់​ប្រាក់​ដោយ​ផ្ទាល់​ទៅ គ្រួសារ​ក្រីក្រ ឬ​ជួប​ការ​លំបាក អំឡុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​តាម​រយៈ​ប័ណ្ណ​ក្រីក្រ ។ ចំពោះ​អ្នក មិន​ទាន់​មាន​បណ្ណ​ក្រីក្រ គឺ​អាស្រ័យ​លើ​ការ​វាយតម្លៃ​របស់​មន្ត្រី​ថ្នាក់​ឃុំ​-​សង្កាត់ ហើយ​សម្រេច​ថា ក្រីក្រ​មែនឬ​យ៉ាងណា ហើយ​គួរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដែរ ឬ​មិន​គួរ ។

លោក តូច ចាន់​នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ក្រីក្រ អាច​យក​ប័ណ្ណ​ក្រីក្រ ទៅ​ចុះ​ឈ្មោះ​នៅ​ថ្នាក់​ឃុំ​-​សង្កាត់ ហើយ​បន្ទាប់​មក​ពួក​គាត់ អាច​បើកប្រាក់​ឧបត្ថម្ភ​តាម​សេវាកម្ម​វី​ង​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ក្រសួង​ទាំង​បី​នៅ​ពុំ​ទាន់​ដឹង​ដូច​គ្នា​ថា ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប៉ុន្មាន ។ សង្ឃឹមថា ជីវិត​កម្មករ​អូស​រទេះ​ដែល​ស្ទើរតែ​ដាច់​បាយ​ទៅ​ហើយ និង​ទទួល​បានការ​ឧបត្ថម្ភ​នេះ​ជា​មិន​ខាន ៕​

អត្ថបទសរសេរ ដោយ