ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​បំពុល​សភាព​ការណ៍​ មន្ត្រី​កម្ពុជា និង​ថៃ​ថា ៖ ព័ត៌​មាន​ចាប់​បង្ខាំង​ពលករ​ខ្មែរ​ជា​រឿង​មិន​ពិត​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មុន​នេះ សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង ទាក់ទិន​នឹង​ព័ត៌មាន​មួយ​ដែល​ថា ក្រសួងការបរទេស​បាន​ទទួល​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​ពលករ​ជិត​៩០​នាក់ ដែល​ប្រាប់​ថា ពួក​គេ​និង​ក្មេង​២​នាក់​ត្រូវ​បាន​មេខ្យល់​ថៃ​ឃុំឃាំង​ទុក​នៅ​ក្រុង​បាងកក និង​នៅ​ខេត្ត​សាមុទ្រ​សា​ខន ហើយ​ព្រោះតែ​អត់​អាហារ សុំ​បាយ​បរិភោគ ក៏​ត្រូវ​មេខ្យល់​ទាត់​ធាក់​រហូត​ដល់​ស្លា.ប់ កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា កន្លង​ទៅ ។

ខេត្តបន្ទាយមានជ័យ ៖ មុន​នេះ សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង ទាក់ទិន​នឹង​ព័ត៌មាន​មួយ​ដែល​ថា ក្រសួងការបរទេស​បាន​ទទួល​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​ពលករ​ជិត​៩០​នាក់ ដែល​ប្រាប់​ថា ពួក​គេ​និង​ក្មេង​២​នាក់​ត្រូវ​បាន​មេខ្យល់​ថៃ​ឃុំឃាំង​ទុក​នៅ​ក្រុង​បាងកក និង​នៅ​ខេត្ត​សាមុទ្រ​សា​ខន ហើយ​ព្រោះតែ​អត់​អាហារ សុំ​បាយ​បរិភោគ ក៏​ត្រូវ​មេខ្យល់​ទាត់​ធាក់​រហូត​ដល់​ស្លាប់ កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា កន្លង​ទៅ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា លោក​វរសេនីយ៍ឯក ជិន ពិសិដ្ឋ អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រាប់​កោះសន្តិភាព​ថា ចំពោះ​ព័ត៌មាន​ខាងលើ ក្រោយ​ពី​ការ​ស្រាវជ្រាវ​រួច ទើប​ដឹង​ថា​ជា​រឿង​មិន​ពិត ។ បញ្ហា​ខាងលើ​នេះ ធ្វើ​ឱ្យ​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ រួម​ទាំង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​របស់​លោក ព្រមទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ ញាប់ដៃ​ញាប់​ជើង​យ៉ាង​សស្រាក់សស្រាំ​ធ្វើការ​ស្រាវជ្រាវ​តាម​ព័ត៌មាន​នោះ ។ លោក​បន្ត​ថា ទីបំផុត​អ្នក​ផ្តល់​ព័ត៌មាន​ក៏​បិទ​ទូរស័ព្ទ មិន​អាច​ទាក់ទង​បាន ហើយ​ក្នុង​ខេត្ត​ខាងលើ ទាំង​មន្ត្រី​កម្ពុជា ទាំង​មន្ត្រី​និង​សមត្ថកិច្ច​ថៃ សហការ​គ្នា​ស្វែងរក មិនឃើញ​កើត​មាន​ករណី​នេះ​ទេ ។ មិនមែន​មាន​តែ​មន្ត្រី​ក្រសួងការបរទេស​នោះ​ទេ ដែល​ទទួល​ទូរស័ព្ទ​ពី​ជន​ម្នាក់​ប្រាប់​ពី​រឿងរ៉ាវ​ខាងលើ ការ​ពិត​ព័ត៌មាន​មួយ​នេះ​ត្រូវ​លោក​វរសេនីយ៍ឯក ជិន ពិសិដ្ឋ ប្រាប់​ថា កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា នោះ មន្ត្រី​របស់​លោក​ម្នាក់ គឺ​លោក​វរសេនីយ៍ត្រី ឡុ​ន ថា​ណា​ក់ ប្រចាំការ​នៅ​ច្រក​តំបន់​ម៉ា​ឡៃ ក៏​បាន​ទទួល​ព័ត៌មាន​ពី​បុរស​ម្នាក់​នោះ​ដែរ ។

ជន​នោះ​ប្រាប់​ថា ខ្លួន​និង​ពលករ​ជាង​៨០​នាក់​ផ្សេង​ទៀត ត្រូវ​គេ​ឃុំឃាំង​ធ្វើ​ទារុណកម្ម ហើយ​មេខ្យល់​ថៃ បាន​ទាត់​ធាក់​ក្មេង​ពីរ​នាក់​ស្លាប់ ។ លោក ជិន ពិសិដ្ឋ បញ្ជាក់​ថា ករណី​ខាងលើ​នេះ ក្រោយ​ពី​បានដឹង​ភ្លាម ខាង​ការិយាល័យ​របស់​លោក​មិន​បាន​ព្រងើយកន្តើយ​ទេ ។ បន្ទាប់​ពី​រាយការណ៍​ទៅ​ថ្នាក់លើ ក៏​ទទួលបញ្ជា​មក​វិញ​ឱ្យ​សហការ​ជាមួយ​ភាគី​ថៃ​តាម​រយៈ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា ចុះ​ស្រាវជ្រាវ​ក្នុង​ខេត្ត​ខាងលើ តែ​ទីបំផុត​ពុំ​បាន​រក​ឃើញ​តាម​ព័ត៌មាន​ដូច​ជន​ម្នាក់​នោះ​រាយការណ៍​ឡើយ មិនតែប៉ុណ្ណោះ អ្នករាយការណ៍​តាម​ទូរស័ព្ទ​នោះ បាន​បិទ​ទូរស័ព្ទ​ថែម​ទៀត ។

គួរ​បញ្ជាក់​ថា កន្លង​មក​ករណី​មួយ​ធ្លាប់​កើត​មាន​ស្រ​ដៀង​គ្នា​នេះ​ដែរ ដោយ​បុរស​ម្នាក់​បាន​មក​កុហក​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រពន្ធ​ខ្លួន​ត្រូវ​ជនជាតិ​ថៃ​មួយ​ក្រុម​ចាប់រំលោភ ហើយ​សម្លាប់​កាត់​ដៃ​កាត់​ជើង​ទម្លាក់​ក្នុង​លូ ដង្ហោយ​រក​គេឯង​ឱ្យ​ជួយ តែ​គ្មាន​អ្នក​ជួយ ។ គ្រានោះ​សារព័ត៌មាន​ក្នុងស្រុក​ក៏​បាន​ចុះ​ផ្សាយ តែ​ទីបំផុត​មន្ត្រី និង​សមត្ថកិច្ច កម្ពុជា​-​ថៃ សហការ​គ្នា​ចុះ​ស្រាវជ្រាវ បែរជា​ត្រូវ​បុរស​ម្ចាស់​ដើមរឿង​សារភាព​ថា ជា​រឿង​មិន​ពិត​ទៅ​វិញ ព្រោះតែ​ប្រពន្ធ ខ្លួន​ត្រូវ​ម្តាយក្មេក​បំបែក ហើយដោយ​ខ្លួន​នឹក​ប្រពន្ធ​ពេក ទើប​កុហក​បែប​នេះ​ទៅ ។ ទោះបីជា​បែប​ណា ការ​បំពុលបរិយាកាស​ដោយ​ប្រឌិត​រឿង​មិន​ពិត​បែប​នេះ ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សភាពការណ៍​ផ្សេង​ៗ ដែល​យើង​មិន​អាច​នឹក​ស្មាន​ដល់ ៕