ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថុ​ក សុខ​នឿយ មិន​ព្រងើយ​នឹង​ស្នើ​សុំ​សងសឹក​ក្រោយ​បរាជ័យ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០២០ ហើយ​បរាជ័យ​ក្រោម​ដៃ​កីឡាករ ហាត ណៃ ក្នុង​ទឹក​ទី​៣​នោះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០២០ ហើយ​បរាជ័យ​ក្រោម​ដៃ​កីឡាករ ហាត ណៃ ក្នុង​ទឹក​ទី​៣​នោះ ថុ​ក សុខ​នឿយ មិន​ព្រងើយ​នឹង​ដាក់​សំណើសុំ​ទៅ​កាន់​អ្នក​រៀបចំ​កម្មវិធី​ឱ្យ​ជួយ​សម្រួល​ដល់​លោក​បាន​ប្រកួត​សងសឹក​ម្ដងទៀត​តាមតែ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​សំណើសុំ​គ្រប់យ៉ាង​នៅ​មិន​ទាន់​បញ្ជាក់​ពី​លទ្ធផល​នៅឡើយ​ទេ​។

កីឡាករ​ជើង​ថ្មី ថុ​ក សុខ​នឿ​យ និយាយ​ថា ការ​បរាជ័យ​នៅ​ក្នុង​ថ្ងៃ​នោះ លោក​ទទួលស្គាល់​ថា​ខ្លួន​គួរ​នឹង​ចាញ់ ប៉ុន្តែ​ក៏​ដោយសារ​តែ​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​បង្គោល​ក្រហម មានសំណាង​វាយ​ត្រូវ​ចំណុចខ្សោយ​របស់​លោក​ក្នុង​ពេល​លោក​ភ្លាត់​នៅ​ទឹក​ទី​២​ម្ដង​ប៉ុណ្ណោះ ហើយ​បណ្ដាល​មក​ពី ហាត ណៃ បង្គោល​ក្រហម មានសំណាង​វាយ​លោក​ត្រូវ​ចំណុច​សំខាន់​ម្ដង ទើប​បណ្ដាល​ឱ្យ​លោក​បាត់បង់​កម្លាំង និង​បន្ត​ការ​ប្រកួត​លែង​កើត​នៅ​ទឹក​ទី​៣ ។

លោក​ស្នើ​ឱ្យ​អ្នក​រៀបចំ​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ជួយ​ផ្គូផ្គង​ឱ្យ​លោក​បាន​ប្រកួត​ជាមួយ ហាត ណៃ ជា​ថ្មី​ឆាប់​ៗ ដើម្បី​ស្ទាបស្ទង់​កម្លាំង​ម្ដងទៀត​ថា លោក​នឹង​ឈ្នះ​ដូច​ការ​ចង់បាន ឬ នៅ​តែ​បរាជ័យ​ជា​ថ្មី​ម្ដងទៀត ។ លោក​ថា ដ្បិត​មាន​កូ​វី​ដ​-១៩ តែ​លោក​មិន​ដែល​ធ្វេសប្រហែស​នឹង​ការ​ហ្វឹកហាត់​នោះ​ទេ ទើប​លោក​យល់​ថា​ឱកាស​សងសឹក​ជាមួយ ហាត ណៃ កាន់តែ​ឆាប់​កាន់តែ​ល្អ ទាន់​លោក​នៅ​មាន​កម្លាំងចិត្ត​ចង់​ប្រកួត​ជា​ថ្មី​ឆាប់​ៗ​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​បង្គោល​ក្រហម ហាត ណៃ ត្រូវ​គេ​ឃើញ​ឈ្នះ​ប្រៀប​យ៉ាង​ខ្លាំង ដោយ​វាយ​បង្គោល​ខៀវ​បាន​ល្អ​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក ធ្វើ​ឱ្យការ​ប្រកួត​ទាំងមូល​ល្អមើល ជា​ពិសេស​បន្ទាប់​ពី បង្គោល​ខៀវ​ភ្លាត់ស្នៀត​ឱ្យ​ហាត ណៃ វាយ​ត្រូវ​ប៉ុន្មាន​កែង ។ បង្គោល​ខៀវ​នៅ​ក្នុង​ពេល​នោះ បង្ហាញ​នូវ​ការ​តស៊ូ និង​ការ​តតាំង​ខ្លាំង​ណាស់ ព្រោះតែ​គេ​មិន​ចង់​បរាជ័យ និង​មិន​ចង់ឱ្យ​អ្នកគាំទ្រ​ខកចិត្ត ។

មួយគូ​នេះ​ឆ្លង​កាត់ទឹក​ទី​២ កីឡាករ​បង្គោល​ក្រហម​នៅ​តែ​មាន​ប្រៀប​ខ្លាំង ដោយ​វាយ​ឱ្យ​បង្គោល​ខៀវ​ត្រូវ​ចំ​ចំណុច​សំខាន់​ៗដែល​ពិបាក​ឱ្យ​គេ​តស៊ូ​។ ប៉ុន្តែ​ទំនងជា​ស៊យរបស់​បង្គោល​ខៀ​ប​ផ្សំ​ផង ទើប​បណ្ដាល​ឱ្យ​ភ្លាត់ ហើយ​ត្រូវ​បង្គោល​ក្រហម​វាយ​ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី​៣​។

កីឡាករ​បង្គោល​ខៀវ ថុ​ក សុខ​នឿយ បញ្ជាក់ទៀត​ថា ក្រោយ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ លោក​មិនសូវ​ទៅ​ក្លិប​ហ្វឹកហាត់​នោះ​ទេ ទើប​សមត្ថភាព​ដែលបាន​ស្ដែង​ឡើង​មិនសូវ​ល្អ តែ​លោក​បាន​ហ្វឹកហាត់​ផ្ទាល់ខ្លួន​ច្បាស់លាស់ គឺ​មិន​បាន​ប្រហែស​ទេ ទើប​លោក​សោកស្ដាយ​ដែល​ក្លាយជា​បរាជ័យ ។ លោក​ថា ខ្លួន​ពិតជា​ស៊យ​ផ្សែផ្សំ សំខាន់​តែ​ម្ដង ទើប​នាំ​ឱ្យ​ភ្លាត់​ចាញ់​នៅ​ក្នុង​ថ្ងៃ​នោះ ។ នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ស្ពឹក​ដៃ​ស្ពឹក​ជើង​ព្រោះ​មិនសូវ​បាន​ប្រកួត​ញឹកញាប់​ដូច​មុន ក្រោយ​ពេល​ការ​ប្រដាល់​មួយ​ចំនួន​ត្រូវ​ផ្អាក ហើយ​ការ​បើក​វិញ ក៏​បាន​ត្រឹមតែ​មិន​ទូលំទូលាយ ។

លោក​ក៏​ចាត់​ទុក​ថា នេះ​គឺជា​បទ​ពិសោធន៍​មួយ ដែល​ត្រូវ​តែ​ប្រឹង​ជា​ថ្មី ប្រសិនបើ​ចង់​រក្សា​កេរ្តិ៍​ឈ្មោះ ។ ជាមួយនឹង​សំណួរ​ថា ហេតុផល​មិនសូវ​បាន​ប្រកួត ឬ​ហ្វឹកហាត់​ច្រើន ដោយសារ​តែ​ខ្លាច​កូ​វី​ដ​-១៩​ឬ​យ៉ាងណា? លោក ឆ្លើយ​យ៉ាង​ខ្លី​ថា អត់​ខ្លាច​ពី​កូ​វី​ដ​-១៩​ទេ ប៉ុន្តែ​មក​ពី​ក្លិប​ក៏​គេ​មិនសូវ​បើក ហើយ​លោក​ក៏​ពិបាក​រក​កន្លែង​ហ្វឹកហាត់​ខ្លួនឯង ទើប​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ខ្លួន គឺ​មិន​ស្រួល​ដូច​ហាត់​ក្នុង​ក្លិប​។

លោក​ថា អ្នកខ្លះ​មិន​ហ៊ាន​ទទួល​ការ​ប្រកួត​ព្រោះ​ខ្លាច​កូ​វី​ដ​-១៩ ប៉ុន្តែ​លោក​បន់​ឱ្យ​តែ​មានការ​ប្រកួត​ប៉ុណ្ណោះ ដើម្បី​ឆ្លៀតពេល​ហ្វឹកហាត់​បាន​រក​លុយ ។ លោក​ថា​កូ​វី​ដ​-១៩​មិន​គួរ​ឱ្យ​ខ្លាច​ដូច​ដាច់​បាយ​ទេ ប៉ុន្តែ​លោក​ក៏​មាន​វិធានការ​ការពារ និង​រក្សា​អនាម័យ​រាល់ពេល​ហ្វឹកហាត់ និង​ពេល​ឡើង​ប្រកួត​តាម​ការ​ណែនាំ​ផង​ដែរ ។ លោក​ស្នើ​ឱ្យ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ជួយ​ដាក់​លោក​ប្រកួត​ញឹកញាប់ ដើម្បី​ឱ្យ​លោក​បាន​បង្កើន​សមត្ថភាព​។

លោក អូ​ឡា​ឡា ជំនួយការ​អ្នក​រៀបចំ​កម្មវិធី​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​អះអាង​ថា កីឡាករ​បង្គោល​ខៀវ ថុ​ក សុខ​នឿយ មិនមែន​ធ្លាក់ដៃ​នោះ​ទេ តែ​អាច​មក​ពី​ប៉ះ​ដៃគូ​ខ្លាំង​ជាង និង​អាច​មក​ពី​បញ្ហា​កូ​វី​ដ​-១៩​មិនសូវ​មាន​រេញ​ឱ្យ​ឡើង និង​ពិបាក​ហ្វឹកហាត់​ដូច​មុន ។ ប៉ុន្តែ​លោក​ថា ការ​ប្រកួត​​របស់​កីឡាករ​រូប​នេះ មិន​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​ម្ដងណា​ដូច​លើក​នេះនោះ​ទេ ដោយ​​​​លោក​ចាត់​ទុក​ថា ការ​បរាជ័យ​លើក​នេះ គឺជា​រឿង​ស៊យ​មួយ​ផ្នែក ។ លោក​មាន​គម្រោង​ឱ្យ​គេ​ប៉ះ​ជាមួយ​ហាត ណៃ​ម្ដងទៀត ប៉ុន្តែ​មិន​ច្បាស់​ថា រហូត​ដល់​ពេល​ណា​នោះ​ឡើយ​៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ