រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿន រួចក៏រេចង្កូតទៅបុកចំពីមុខម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បន្ទាប់មករថយន្តស៊េរីទំនើបនោះបានបន្តបើកគេច ស្រាប់តែបើកទៅចូលចំគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់បានភ្លាមៗ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខផ្សារឈូកមាស តាមបណ្ដោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហាយឡិចវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BF-៧៩៧៧ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងម៉ាកហ្សូ៊មមើអិច (ZOOMER-X) ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ ២FK-៧៧៧០ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងជោកជាំបើកបររថយន្តស៊េរីទំនើបមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។
តាមប្រភពដដែលបានបន្តថា លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តស៊េរីទំនើបមួយគ្រឿងខាងលើបានរេចង្កូតជ្រុលឆ្លងចូលផ្លូវម្ខាងទៀត ស្របពេលនោះដែរក៏មានម៉ូតូមួយគ្រឿងទៀតដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ហើយរថយន្តក៏បុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ធ្ងរ ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មករថយន្តបង្កបានបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុ ទាំងរងការខូចខាតផ្នែកខាងមុខ ក៏ត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននាំគ្នាជិះដេញតាមពីក្រោយ រហូតរថយន្តបង្កខាងលើបើកទៅចូលគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍របស់សមត្ថកិច្ចខណ្ឌសែនសុខ ដែលកំពុងប្រតិបត្តិការនៅចំណុចក្បែរផ្សារទំនើបមួយកន្លែង តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកអ្នកបើកបររថយន្តបង្ក រួមទាំងរថយន្តបង្កនិងម៉ូតូត្រូវសមត្ថកិច្ចជំនាញចុះទៅធ្វើការវាស់វែង និងនាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនិងចាត់ការទៅតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ