ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​អភិរក្ស​សត្វ​ក្តាន់​ កំពុង​ប្រឈម​នឹង​​ការ​រំលោ.ភ​បំពាន​ និង​កា.ប់​បំផ្លាញ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​បាត់បង់​ដី​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ក្តាន់​នៅ​ថ្ងៃ​ខាង​មុខ ខណៈ​ការ​លួចចូល​កាប់​ឈើ ពិសេស​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង ដែន​ជម្រក​នៅ​តែ​កើត​មាន ស្រប​ពេល​ដែល​មន្ត្រីប្រចាំការ​ដើម្បី​ការពារ​មាន​ចំនួន​តិចតួច មិន​អាច​ធ្វើ​សកម្មភាព​ល្បាត​ជា​ប្រចាំ​លើ​ដី​ព្រៃ​ការពារ​ដែន​ជម្រក ដែល​មាន​វិសាលភាព​ធំ​ទូលាយ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ ។…

ខេត្តក្រចេះ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​បាត់បង់​ដី​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ក្តាន់​នៅ​ថ្ងៃ​ខាង​មុខ ខណៈ​ការ​លួចចូល​កាប់​ឈើ ពិសេស​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង ដែន​ជម្រក​នៅ​តែ​កើត​មាន ស្រប​ពេល​ដែល​មន្ត្រីប្រចាំការ​ដើម្បី​ការពារ​មាន​ចំនួន​តិចតួច មិន​អាច​ធ្វើ​សកម្មភាព​ល្បាត​ជា​ប្រចាំ​លើ​ដី​ព្រៃ​ការពារ​ដែន​ជម្រក ដែល​មាន​វិសាលភាព​ធំ​ទូលាយ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ ។

តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ក្តាន់​មាន​ទំហំ​ផ្ទៃដី​ជាង​១​ម៉ឺន​២​ពាន់​ហិ​កតា ។ តំបន់​ព្រៃ​ដែន​ជម្រក​នេះ​ស្ថិត​នៅ​ជាប់​ឃុំ​ចំនួន​៣ គឺ​ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរ និង​ឃុំ​ជ្រោយ​បន្ទាយ និង​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ សព្វថ្ងៃ​ក្នុង​ដែន​ជម្រក​ក៏​មាន​សត្វ​ក្តាន់​កំពុង​រស់នៅ​ក្នុង​ចន្លោះ​ពី​៦០​ទៅ​៧០​ក្បាល គឺ​មាន​ចំនួន​កើនឡើង​ច្រើន​ជាង​មុន ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ឧ​ទ្យា​នុ​​រក្ស​ដែល​ថា ចំនួន​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​អង្គការ​ដៃគូ​អភិរក្ស ដែល​បាន​ថត​តាម​កាមេរ៉ា​ស្វ័យប្រវត្តិ ។

បើ​តាម​លោក សាំង សុ​ខន ប្រធាន​ឧ​ទ្យា​នុ​រក្ស​ការពារ​សត្វ​ក្ដាន់ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ព​ថា កន្លង​មក​ដី​ព្រៃ​ដែន​ជម្រក​នៅ​តំបន់​នេះ​ដែល​ស្ថិត​នៅ​ក្បែរ​ៗ​ភូមិ កំពុង​ប្រឈម​​នឹង​ការ​កាប់​ឆ្ការ​ទន្ទ្រាន​យក​ដី​ពី​អ្នកមាន​លុយ​និង​មាន​អំណាច​ហ៊ុម​ព័ទ្ធ​យក​មក​ធ្វើ​ដីចម្ការ​ជា​កម្មសិទ្ធិ​បុគ្គល ។ មិនតែប៉ុណ្ណោះ ការ​លួច​ចូល​កាប់​អារឈើ​ក្នុង​ព្រៃ​ដែន​អភិរក្ស ក៏​ជា​បញ្ហា​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​សត្វ​ក្តាន់​ប្រឈម​មុខ​និង​បាត់បង់​ព្រៃ​ជម្រក ។ មួយវិញទៀត ការ​លួច​ធ្វើ​សកម្មភាព​បរបាញ់រាយ​អន្ទាក់​ពី​សំណាក់ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ ឃុំ តំបន់​ជុំវិញ​ព្រៃ ដែន​ជម្រក​ក៏​នៅ​តែ​កើត​មាន​ជា​ហូរហែ ដែល​អាច​ធ្វើ​ឲ្យ​ចំនួន​សត្វព្រៃ​កម្រ​នេះ​ប្រឈម​នឹង​ការ បាត់បង់ ។

លោក​ថ្លែង​ថា ដោយសារ​ចំនួន​មន្ត្រី​អភិរក្ស​មាន​គ្នា​តិច​ទើប​មិន​អាច​គ្រប់គ្រង​ស្ថានភាព​បទ
ល្មើស​ទាំងនោះ​បាន​ទាំងស្រុង លើ​ផ្ទៃដី​ដែន​ជម្រកដែល​មាន​ទំហំ​ធំ ។ ប៉ុន្តែ​បើ​ទោះបីជា​ចំនួន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មាន​ចំនួន​តិចតួច​ក្តី ក៏​ពួក​គាត់​នៅ​តែ​មានការ​ខិតខំ​ដែរ ។

លោក សាំង សុ​ខន អះអាង​ទៀត​ថា កន្លង​មក​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តែងតែ​សហការ​ជាមួយនឹង​អង្គការ​ដៃគូ​អភិរក្ស ធ្លាប់​ធ្វើការ​ចុះ​ល្បាត​និងបង្ក្រាប​សកម្មភាព​ល្មើស​ផ្សេង​ៗ​នៅ​តាម​តំបន់​ព្រៃ​អភិរក្ស​ដូច​ជា ចាប់​រណារ​យន្ត​ដែល​លួច​ចូល​មក កាប់​អារឈើ ចាប់​បាន​ត្រាក់ទ័រ​ដែល​លួច​ចូល​ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ​ជាដើម ។

លោក​បន្ត​ថា ដោយសារ​តែ​មានការ​គាំទ្រ​ពី​អង្គការ​ជា​ដៃគូ កម្លាំង​មន្ត្រី​អភិរក្ស​បាន​សហការ ចុះ​ល្បាត​ទើប​ធ្វើ​ឲ្យ​សព្វថ្ងៃ​បទល្មើស​ទាំងនោះ​មានការ​ថយ​ចុះ ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា សព្វថ្ងៃ​ផ្ទៃដីព្រៃ​សត្វ​ក្តាន់​នៅ​ក្រោយ​ឃុំ​ជ្រោយ​បន្ទាយ ស្រុកព្រែក​ប្រសព្វ កំពុង​ប្រឈម​នឹង​ការ​បាត់បង់កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​តែ​ការ​ចូល​កាប់​ឆ្ការ​ទន្ទ្រាន​យក​មក​ធ្វើ​ដីចម្ការ ហើយ​ក៏​មានការ​ទិញ​លក់​ត​ៗ​គ្នា ។

បទ ល្មើស​កាប់​អារឈើ​ចេញពី​ព្រៃ​តំបន់​នោះ​ក៏​គេ​សង្កេត​ឃើញ​ថា នៅ​តែ​កើត​មាន​ជា​ហូរហែ ដោយ​​គេ​មិនដឹង​ថា សកម្មភាព​ទាំងនេះ​អាច​ធ្វើ​ទៅ​បាន​ដោយសារ​តែ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង ឈ្មួញ​ដី ឈ្មួញ​ឈើ ជាមួយនឹង​មន្ត្រី​ខិលខូច​មួយ​ចំនួន ដែល​ឈរជើង​នៅ​តំបន់​នោះ​ឬ​ក៏​យ៉ាងណា​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ