រាជធានីភ្នំពេញ ៖ ក្នុងមួយរយៈចុងក្រោយ កីឡាករល្បីឈ្មោះ សែន រ៉ាឌី ដែលជាកីឡាករជម្រើសជាតិផង មិនសូវសកម្មក្នុងការប្រដាល់នៅលើសង្វៀននោះទេ ពោលគឺចាប់តាំងពីលោកបើកអាជីវកម្មហាងបុកល្ហុង ហើយសម្រេចបិទចោល ព្រោះមិនសូវកាក់កបនោះ។
ដ្បិតថាមិនចោល តែលោកទទួលការងារប្រដាល់ភាគតិចប៉ុណ្ណោះ ដោយលោកសកម្មនឹងការងាររកស៊ីជាមួយភរិយាច្រើនជាង។ គ្មានអ្នកណាមិនដឹងនោះទេថា កាលពីព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ២០២០ អតីតកីឡាករប្រដាល់ជើងខ្លាំងគុនខ្មែរ លោក សែន រ៉ាឌី និងភរិយា បានក្លាយជាឪពុកម្ដាយរបស់ក្មេងម្នាក់ បន្ទាប់ពីកូនអ្នកទាំងពីរបានប្រសូត្រចេញដោយសុវត្ថិភាព ។
លោកបានបង្ហោះភ្លាមក្រោយកូនស្រីមើលឃើញពន្លឺថ្ងៃថា«Best New Memory To The World Kon Srey Pa -ហេឡូ ពិភពលោកដ៏ស្រស់បំព្រងកូនស្រីប៉ា»និង ម៉ាក់អន ភីង ។ ជាមួយនឹងការអបអរសាទរសម្រាប់វត្តមានសមាជិកថ្មីសែន រ៉ាឌី ក៏ត្រូវគេដឹងថា បានសម្រេចផ្អាកការងារ និងផ្អាកសកម្មភាពក្នុងមុខជំនួញមួយចំនួនដើម្បីមានពេលមើលថែភរិយាតាំងពីភរិយាជិតកើតកូន រហូតដល់សរសៃខ្ចីនាពេលនេះផងដែរ ។ យ៉ាងណាមិញ គេនៅតែមើលឃើញថា លោកនិងភរិយាមានជីវភាពល្អប្រសើរ បើទោះជាលោកមិនរំពឹងប្រាក់ចំណូល ពីការប្រដាល់ទាំងស្រុងដូចមុន។
កីឡាករ សែន រ៉ាឌី ធ្លាប់បញ្ជាក់ថា លោកមិនចោលការប្រដាល់ទេ ហើយលោកក៏គ្មានគម្រោងបើកជាថ្មីនូវហាងបុកល្ហុងក្រោយពេលបិទទ្វារដូចគ្នា ដរាបណាលោកនៅតែរវល់នឹងការលក់ដូរអនឡាញ និងអាចរកចំណូលបានច្រើនពីមុខរបរជួយលក់រថយន្តឱ្យបងធម៌ ។ នៅលើហ្វេសប៊ុកផ្លូវការរបស់លោក គេឃើញលោកបង្ហោះលក់រថយន្តគ្រប់ម៉ូដ និងលក់ផលិតផលអនឡាញរបស់ភរិយាលោកផង ដែលមានន័យថា លោកមានអាជីពមួយនេះសម្រាប់គ្រប់គ្រងប្រាក់ចំណូល ថ្វីដ្បិតតែលោកបាត់បង់ហាងបុកល្ហុង និងមិនសូវបានចំណូលពីការប្រដាល់ ។
ក្នុងមួយថ្ងៃលោកយកចិត្តទុកដាក់ពីមុខរបរលក់ឡានច្រើនជាង បើធៀបនឹងការងារប្រដាល់ ដែលធ្វើឱ្យលោកមានឈ្មោះបោះសំឡេង ។ យូរៗម្ដងលោកក៏បង្ហោះពីសកម្មភាពកីឡាផងដែរ ដូចជាការហាត់ប្រាណនិងរូបភាពចាស់ៗ នៅពេលឡើងសង្វៀនជាដើម ។
ក្រៅពីបង្ហោះពីមុខរបរលក់ឡាន និងបង្ហោះលក់ផលិតផលអនឡាញផ្សេងៗ កីឡាករ សែន រ៉ាឌី ច្រើនតែបង្ហោះពីរូបភាពផ្អែមល្ហែមជាមួយភរិយា និងប៉ុន្មានលើកចុងក្រោយបង្ហោះពីកូន ប៉ុន្តែជារឿយៗ គឺបង្ហោះពីរូបភាពសង្ហារៗរបស់ខ្លួន ធ្វើឱ្យគេស្ទើរមើលមិនដឹងថា លោកគឺជាអ្នកប្រដាល់។
សរុបមកក្នុងរយៈពេលចុងក្រោយ លោកចាប់អារម្មណ៍ទទួលប្រកួតតែការងារថ្នាក់ជាតិ និងការប្រកួតសំខាន់ៗប៉ុណ្ណោះ ដោយមុនប្រកួតទើបមានសកម្មភាពហ្វឹកហាត់ជាប្រចាំ តែនៅពេលមិនមានការប្រកួត គឺគេឃើញលោកសកម្មនឹងមើលថែភរិយា និងរវល់នឹងមុខរបរលក់ឡានច្រើនជាង ដោយលើអនឡាញឃើញបង្ហោះលក់ឡានយ៉ាងសកម្មស្ទើរតែដូចម្ចាស់ជំនួញលក់ឡានផ្ទាល់ខ្លួនមួយបាត់ទៅហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ