រាជធានីភ្នំពេញ ៖ ប្រធានក្រុមនគរបាលជាតិកីឡាករ សាយ ពិសិដ្ឋ បានបង្ហើបឱ្យដឹងថា លោកមិនចង់ឃ្លាតឆ្ងាយពីទ្រនំចាស់នោះទេ ព្រោះមុននឹងលោកក្លាយជាកីឡាករអាជីព និងមានការងារល្អធ្វើដូចសព្វថ្ងៃនេះក៏ដោយសារលោកជួន ណារិន ប្រធានក្លិបជាអ្នកជួយជ្រោមជ្រែងតាំងពីលោកឈានជើងចូលលេងបាល់ទាត់ម៉្លេះ។
សាយ ពិសិដ្ឋ ធ្លាប់ជាប់ជាកីឡាករក្នុងក្រុមជម្រើសជាតិដែរ បន្ទាប់ពីធ្វើជាកីឡាករធម្មតាម្នាក់ ។ ប៉ុន្តែដោយសារតែរូបគេទទួលបានការយកចិត្តទុកដាក់ខ្លាំងពីសំណាក់លោកជួន ណារិន ប្រធានក្លិបនគរបាលជាតិបែបនេះទើបធ្វើឱ្យរូបគេគ្មានបំណងចង់ផ្លាស់ទៅលេងឱ្យក្លិបណាមួយឡើយ ពោលគឺចង់បន្តលេងឱ្យក្លិបនគរបាលជាតិរហូតដល់ថ្ងៃចូលនិវត្តន៍តែម្ដង។
មិនតែប៉ុណ្ណោះ ក្រៅពីជួយឱ្យរូបគេក្លាយជាកីឡាករបាល់ទាត់អាជីពហើយលោកជួន ណារិន បានជួយដល់រូបគេនិងប្អូនរបស់គេឱ្យមានក្របខណ្ឌសមរម្យទៀតផង ។ នេះបើតាមការឱ្យដឹងនៅក្នុងគេហទំព័រCNCCដែលចេញផ្សាយកាលពីថ្ងៃទី១២ ឧសភា កន្លងមកនេះ ។
ខ្សែការពារដែលមានប្រភពមកពីខេត្តកណ្ដាលរូបនេះបានឱ្យដឹងទៀតថា នៅពេលរូបគេមកហាត់នៅក្លិបនគរបាលជាតិបានមួយឆ្នាំក៏ជាប់ជាកីឡាករជម្រើសជាតិតែម្ដង ។ អ៊ីចឹងហើយបានជាគេមិនភ្លេចគុណមេនោះទេទើបគេមិនចង់ទៅលេងឱ្យក្លិបណាទៀត។ លោកឪពុករបស់គេក៏ធ្លាប់ដាស់តឿនដែរថា បើទៅលេងឱ្យក្លិបដទៃបានប្រាក់តម្លៃខ្លួនលើសក្លិបចាស់បន្តិចបន្តួច នៅលេងកន្លែងចាស់ទៅល្អជាង ។
សាយ ពិសិដ្ឋ បានរំលឹកថា មុននឹងក្លាយជាកីឡាករឆ្នើមរហូតមកទល់សព្វថ្ងៃនេះ រូបគេធ្លាប់ត្រូវឪពុកម្ដាយរារាំងមិនឱ្យលេងបាល់ទាត់នោះទេ ព្រោះគេកំពុងតែរៀនពូកែ ហើយចង់ឱ្យគេផ្ដោតលើការសិក្សាច្រើនជាង ។ ប៉ុន្តែដោយសារតែមានចិត្តស្រឡាញ់និងការជម្នះធ្វើឱ្យរូបគេលួចហាត់រហូតដល់បានសម្រេចបំណង។
គួររំលឹកថា កីឡាករ សាយ ពិសិដ្ឋ ចូលហ្វឹកហាត់ជាកីឡាករថ្នាលដំបូងនៅក្លិបភ្នំពេញអ៊ីមផាយអឺរ(ក្លិបភ្នំពេញក្រោន)មុនពេលរូបគេលេងជាលក្ខណៈអាជីពនៅក្លិបឆ្លាមសមុទ្រឆ្នាំ២០០៨ហើយក៏បានមកចូលលេងនៅក្លិបនគរបាលជាតិក្នុងឆ្នាំ២០១០រហូតមកទល់សព្វថ្ងៃនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ